គ្រូពេទ្យបាននិយាយថា ស្ត្រីពីរនាក់បានខ្វាក់បណ្តោះអាសន្នបន្ទាប់ពីចុចទូរស័ព្ទរបស់ពួកគេនៅក្នុងទីងងឹត ហើយពួកគេក៏បានផ្ញើសារដល់អ្នកដទៃទៀតចំពោះបាតុភូតមិនប្រក្រតីមួយនេះ។
នៅក្នុងព្រឹត្តិប័ត្រព័ត៌មាន New England Journal of Medicine គ្រូពេទ្យបានបង្ហាញព័ត៌មានលម្អិតអំពីករណីស្ត្រីពីរនាក់ដែលមានអាយុ ២២ និង ៤០ ដែលទទួលបទពិសោធន៍ "ខ្វាក់ដោយសារស្មាតហ្វូនរយៈពេលខ្លី" ជាច្រើនខែ។
ស្ត្រីទាំងពីររូបបានត្អូញត្អែរចំពោះការមើលមិនឃើញបណ្តោះអាសន្នជាញឹកញាប់រយៈពេល ១៥ នាទីឡើង។ ពួកគេឆ្លុះម៉ាស៊ីន MRI និងការធ្វើតេស្តលើបេះដូង ប៉ុន្តែក្រុមគ្រូពេទ្យរកមិនឃើញបញ្ហាខុសប្រក្រតីទេ។ ប៉ុន្តែបន្ទាប់ពីចូលពិនិត្យជាមួយអ្នកជំនាញភ្នែក អាថ៌កំបាំងនេះត្រូវបានដោះស្រាយ។
លោកគ្រូពេទ្យ Gordon Plant នៅមន្ទីរពេទ្យ Moorfield's Eye Hospital ក្នុងទីក្រុងឡងដ៍បាននិយាយថា "ខ្ញុំបានសួរពួកគេថាតើអ្នកបានធ្វើអ្វីឱ្យប្រាកដនៅពេលរឿងនេះបានកើតឡើង?"។
គាត់បានពន្យល់ថា ស្ត្រីទាំងពីរជាធម្មតាមើលទូរស័ព្ទរបស់ពួកគេជាមួយភ្នែកម្ខាងខណៈដេកនៅលើគ្រែរបស់ពួកគេនៅក្នុងទីងងឹត ហើយភ្នែកម្ខាងទៀតបិទជិតដោយភួយ។ គាត់បានពន្យល់ទៀតថា "ដូច្នេះអ្នកមានភ្នែកម្ខាងប៉ះនឹងពន្លឺព្រោះវាមើលទៅនឹងទូរស័ព្ទនិងភ្នែកម្ខាងទៀតនៅផ្នែកងងឹត"។
នៅពេលពួកគេបិទទូរស័ព្ទ ពួកគេមិនអាចមើលឃើញជាមួយភ្នែកមើលទូរស័ព្ទនោះទេ ព្រោះវាត្រូវការពេលជាច្រើននាទីដើម្បីធ្វើឱ្យស្មើភាពគ្នានឹងភ្នែកដែលបានស្ថិតក្នុងទីងងឹត។
គាត់បាននិយាយទៀតថា ការខ្វាក់បណ្តោះអាសន្ននេះមិនបង្កគ្រោះថ្នាក់នោះទេ ហើយយើងអាចចៀសផុតបានប្រសិនបើមើលទូរស័ព្ទជាមួយភ្នែកទាំងគូ៕
