adverise with khmeread Being busy

ហេតុផល ២១ យ៉ាង ដែលអ្នកមិនគួរមានមោទនាភាពចំពោះភាពរវល់

វាជាឆ្នាំ ២០១៥ ហើយៗអ្នកនៅតែរវល់ឥតឈប់ទៀត។ អ្នកបានបង្កើតផែនការទស្សនវិស័យ សម្អាតទីកន្លែងជុំវិញតុធ្វើការរបស់អ្នក និងគូសវាសផែនទីគោលដៅរយៈពេលខ្លី និងវែងរបស់អ្នក។ អ្នកមានកិច្ចប្រជុំពីមួយទៅមួយឥតឈប់ មានគំនិតថ្មីសម្រាប់ផលិតផលឬសេវាកម្ម និងមានរាល់ប្រភេទគំនិតថ្មីៗជាច្រើនទៀត។ លោកអ្នកកំពុងមានអារម្មណ៍ពុះកញ្ជ្រោលខ្លាំងប្រៀបបីដូចជាភ្លើងដែលកំពុងក្តៅរោលរាលអ៊ីចឹង។ 

គួរឲ្យស្តាយ ភ្លើងក្តៅរោលរាលនេះមិនអាចស្ថិតស្ថេរជានិរន្តបានរហូតនោះទេ។ នៅទីបំផុតវាក៏គង់តែរលត់ទៅវិញ ហើយបើវាមិនមានខ្យល់អុកស៊ីសែន និងអុសគ្រប់គ្រាន់ទេ វាក៏គង់តែក្លាយជាផេះ។ រឿងនេះមិនគួរកើតឡើងចំពោះអ្នកនោះដែរ ហើយខាងក្រោមនេះគឺជាហេតុផលគួរពិចារណាទាំង ២១ យ៉ាង ដើម្បីរក្សាជីវិតដ៏មមាញឹករបស់អ្នកពីការប៉ះពាល់ដល់គោលដៅរបស់អ្នក។  

១- នៅពេលអ្នករវល់ អ្នកនឹងខកខានពេលវេលាដ៏ល្អជាច្រើន
ជីវិតត្រូវបានបង្កើតឡើងពីបណ្តុំពេលវេលាសំខាន់ៗរាប់រយពាន់។ ពេលវេលាខ្លះរុញយើងទៅមុខ ពេលវេលាខ្លះផ្លាស់ប្តូរយើង និងពេលវេលាខ្លះទៀតជម្រុញយើងឲ្យធ្វើសកម្មភាព។ ការដែលរវល់គ្មានពេលដកឃ្លានាំយើងឲ្យចាកឆ្ងាយពីពេលវេលាទាំងអស់នោះ។ 

២- នៅពេលអ្នករវល់ អ្នកបាត់បង់ឱកាសជាច្រើន
ឱកាសមានគ្រប់ទីកន្លែង។ វាកើតឡើងនៅហាងកាហ្វេ តាមរយៈវេបសាយបណ្តាញសង្គម ដូចជា Twitter, Facebook និងតាមរយៈការទំនាក់ទំនងទៅវិញទៅមក។ នៅពេលអ្នករវល់ខ្លាំង អ្នកនឹងឧស្សាហ៍ខកខានឱកាសទាំងនោះ ព្រោះអ្នកមើលឃើញវាត្រឹមតែជាការរំខាន មិនមែនជារបស់សម្រាប់ឲ្យអ្នកលូតលាស់ និងវិវត្តន៍ទៅមុខនោះទេ។ 

៣- នៅពេលអ្នករវល់ អ្នកមិនអាចវិវត្តន៍ទៅមុខបានទេ
យើងទាំងអស់គ្នាសុទ្ធតែចង់ធ្វើឲ្យបានច្រើនជាមួយនឹងអ្វីដែលយើងមាន។ គួរឲ្យស្តាយ យើងគិតថាការដែលរវល់មានន័យថាយើងកំពុងបង្កើតនូវដំណើរវិវត្តន៍ទៅមុខ។ គោលការណ៍ប៉ារ៉េតូ (Pareto Principle) បានបង្ហាញសម្មតិកម្មមួយ ដែលគួរឲ្យចាប់អារម្មណ៍។ គោលការណ៍នេះនិយាយថា ៨០ ភាគរយនៃលទ្ធផលការងាររបស់អ្នកកើតចេញពីពេលវេលា ២០ ភាគរយរបស់អ្នក។ ប្រសិនបើអ្នកអាចមើលដឹងថារយៈពេល ២០ ភាគរយនោះមានរូបរាងយ៉ាងដូចម្តេច (និង សកម្មភាពដែលអ្នកធ្វើដើម្បីទៅដល់ទីនោះ) អ្នកនឹងអាចបង្កើតបាននូវកម្លាំងអានុភាពដែលមិនអាចវាស់វែងបាន។ នេះមានន័យថា អ្នកនឹងចំណាយពេលច្រើនធ្វើនូវអ្វីដែលពិតជាជម្រុញអ្នកឲ្យឆ្ពោះទៅរកគោលដៅរបស់អ្នក មិនមែនធ្វើអ្វីៗដើម្បីតែបំពេញពេលទំនេរនោះទេ។ 

៤- នៅពេលអ្នករវល់ អ្នកមិនអាចផ្តោតគោលដៅអាទិភាពដោយមានប្រសិទ្ធភាពទេ
រឿងអាទិភាពគឺជារបៀបដែលយើងញែកអ្វី ដែលយើងចាំបាច់ត្រូវធ្វើ និងអ្វីៗ ដែលយើងគួរធ្វើ។ វាជួយរក្សាយើងក្នុងខ្សែបន្ទាត់ព្រំដែនមួយ និងដើរតាមទិសដៅត្រឹមត្រូវ។ ប៉ុន្តែនៅពេលយើងរវល់ អ្វីៗនឹងហាក់បីដូចជាចាំបាច់ត្រូវតែធ្វើឲ្យរួចទាំងអស់អ៊ីចឹង។ តែវាមិនអាចរួចទាំងអស់បានទេ។ នៅពេលអ្នកកំណត់បានថាអ្វីដែលសំខាន់ និងអ្វីដែលអាចរង់ចាំបាន អ្នកនឹងមានប្រសិទ្ធភាពជាមួយពេលវេលារបស់អ្នក ដោយវាអនុញ្ញាតឲ្យអ្នកធ្វើអ្វីៗ ដែលអ្នកពិតជាចង់ធ្វើ។ 

៥- នៅពេលអ្នករវល់ អ្នកនឹងរកលេសដោះសារសម្រាប់បញ្ហាជាច្រើន
នៅពេលយើងមានរឿងត្រូវធ្វើច្រើន អ៊ីចឹងជួនកាលយើងពុំអាចផ្តោតលើបញ្ហាជាច្រើនទៀតបានទេ។បញ្ហាក្នុងជីវិតរបស់យើងមិនអាចព្រងើយកន្តើយបានឡើយ យើងត្រូវតែដោះស្រាយកុំឲ្យវាកាន់តែស្មុគ្រស្មាញឡើងៗ។

៦- នៅពេលអ្នករវល់ អ្នកនឹងឆាប់ចុះចាញ់ចំពោះកិច្ចការចម្រុះណាស់ (ខួរក្បាលរបស់ស្អប់រឿងនេះណាស់)
តើអ្នកបើកទំព័រវេបសាយប៉ុន្មាន Tab ហើយឥឡូវនេះ? ខ្ញុំបើកជាមធ្យម ៦ ទៅ ៩ Tab នៅថ្ងៃដែលមានអារម្មណ៍ល្អ។ គ្រាន់តែការបើក Tab ច្រើននេះធ្វើឲ្យខួរក្បាលខ្ញុំចង់ខូចអស់ ៤០ ភាគរយទៅហើយ។ ផលិតភាពដែលយើងចង់បានឡើងញ័រខ្លួននោះនឹងត្រូវបំផ្លាញ នៅពេលដែលយើងធ្វើរឿងច្រើនក្នុងពេលតែមួយ។ លំហូរការងារបែបនេះត្រូវតែបញ្ឈប់ឲ្យបាន។

ជំនួសមកវិញ សូមសាកល្បងលំហូរការងារថ្មី។ ការបំពេញកិច្ចការម្តងមួយឲ្យរួចគឺជាអ្វីដែលស្តាប់ទៅល្អណាស់។ វាអាចប្រើពេលយូរដើម្បីសម្របតាមលំហូរការងារបែបនេះ ប៉ុន្តែវានឹងជួយអ្នកបានច្រើនណាស់។ 

៧- នៅពេលអ្នករវល់ អ្នកភ្លេចវិនិយោគលើខ្លួនឯង
ខ្លួនអ្នកគឺជាក្រុមហ៊ុនដ៏សំខាន់បំផុត ដែលអ្នកពុំធ្លាប់ធ្វើការឲ្យពីមុនមកទេ។ ក្នុងបំណងរក្សាការរីកចម្រើនលូតលាស់ និងពង្រីកវិសាលភាពទៅមុខទៀត អ្នកចាំបាច់ត្រូវតែប្រឹងប្រែងដើម្បីការលូតលាស់ឥតឈប់ឈរ។ អ៊ីនធឺណេតបានក្លាយជាបណ្ណាល័យថ្មីនាពេលបច្ចុប្បន្ន។ មេរៀន Ted Talks, Khan Academy និងមេរៀនរាប់ពាន់ផ្សេងទៀតគឺមាននៅលើទីនោះសម្រាប់ឲ្យអ្នកទាញយកអត្ថប្រយោជន៍។ វាក៏មិនចាំបាច់ត្រូវរៀនតាមលក្ខណៈប្រពៃណីទៀតដែរ។ ការយកពេលវេលាវិនិយោគក្នុងគម្រោងផ្ទាល់ខ្លួន ឬចំណង់ចំណូលចិត្តរបស់អ្នក អាចជួយអ្នកធ្វើបានកាន់តែប្រសើរឡើងក្នុងការងាររបស់អ្នក។ 

មុនពេលអ្នកនិយាយថា អ្នកអត់មានពេលវេលា សូមសួរសំណួរមួយនេះសិន: តើអ្នកអាចលៃលកនៅមួយកន្លែង ហើយនៅតែអាចរីកចម្រើនទៅមុខបានដែរឬទេ? 

៨- នៅពេលអ្នករវល់ ទស្សនវិស័យរបស់អ្នកចាប់ផ្តើមស្រពិចស្រពិល
និយាយឲ្យការពិត អ្នករវល់ព្រោះអ្នកកំពុងធ្វើការឆ្ពោះទៅរកអ្វីមួយ ដូចជាការងារថ្មី ការឡើងតំណែង សេរីភាពហិរញ្ញវត្ថុ ឬ ការព្យាយាមផ្លាស់ប្តូរអ្វីមួយ។ វាពិបាកឲ្យចងចាំបានណាស់នូវសំណួរ "ហេតុអ្វី" របស់អ្នក សម្រាប់ធ្វើនូវអ្វីដែលអ្នកកំពុងធ្វើ។ ប៉ុន្តែសំណួរនេះជាកក្តាជម្រុញលើកទឹកចិត្តដ៏សំខាន់បំផុតមិនអាចប្រកែកបាន ដែលអ្នកនឹងមិនធ្លាប់មានពីមុនមកនោះទេ។ 

ជាការពិតនេះគឺជាអ្វីដែលលោកស្រីឡូ (Lo) ស្ថាបនិកវេបសាយ Can’t Stay Put ធ្លាប់បានធ្វើ។ វេបសាយ Can’t Stay Put គឺវេបសាយអំពីការវិវឌ្ឍន៍បែបផែនជីវិត ដែលបង្កើតឡើងដើម្បីបំផុសទឹកចិត្តមនុស្សឲ្យចាកចេញពីស្ថានភាពសុខស្រួល មើលឃើញពិភពលោកទាំងមូល និងរស់នៅក្នុងជីវិត ដែលពួកគេសុបិនចង់បាន។ លោកស្រីបានធ្វើបែបនេះតាមរយៈការរកឃើញទស្សនវិស័យ និងគោលបំណងរបស់គាត់ពេលធ្វើដំណើរទៅកាន់កោះ ម៉ូអ៊ី (Maui) ហើយគាត់ពុំបានមើលថយក្រោយវិញទេចាប់តាំងពីពេលនោះមក។ លោកស្រីបានប្រែក្លាយជីវិតរបស់គាត់តាមរយៈការស្វែងរកអ្វីដែលលោកស្រីសន្មត់ថានឹងធ្វើ។  

៩- នៅពេលអ្នករវល់ អ្នកភ្លេចស្រឡាញ់ និងថែរក្សាខ្លួនឯង
ការស្រឡាញ់ខ្លួនឯងមិនគួរណាថាមិនអាចធ្វើបានក្នុងជីវិតរបស់អ្នកនោះទេ។ វាគួរតែជាផ្នែកមួយនៃរបៀបដែលអ្នករក្សានូវភាពជោគជ័យដូច្នោះដែរ។ ការចំណាយពេលដើរកម្សាន្តឬឈប់មួយថ្ងៃមិនមែនថាខ្ជិល ឬ មិនយកចិត្តទុកដាក់នឹងកាតព្វកិច្ចរបស់អ្នកនោះទេ តែវាជាផ្នែកមួយនៃការរក្សាភាពមោះមុត ចិត្តគំនិត រាងកាយ និងស្មារតីឲ្យនៅតែល្អ។ 

១០- នៅពេលអ្នករវល់ អ្នកនឹងពុំចេះប្រើពេលវេលាមិនធ្វើរឿងឥតសំខាន់មួយចំនួននោះទេ
មនុស្សជោគជ័យបំផុតក្នុងពិភពលោកចេះប្រើពេលវេលាមិនធ្វើរឿងមួយចំនួន។ នាយកប្រតិបត្តិវេបសាយ Linkedln លោក ជេហ្វ វេន័រ (Jeff Weiner) បានរៀបចំប្លុកពេលវេលាក្នុងកាលវិភាគរបស់លោក ដែលជាពេលទំនេរសម្រាប់ឲ្យលោកគិតពិចារណា រៀបចំយុទ្ធសាស្ត្រ និងផ្តោតសំខាន់ឡើងវិញ។ ប្រសិនបើនាយកប្រតិបត្តិម្នាក់អាចមានពេលវេលាទំនេរ ខ្ញុំហ៊ានភ្នាល់ថាអ្នកក៏អាចរកពេលទំនេរផ្ទាល់ខ្លួនរបស់អ្នកបានដែរ។ ប្រសិនបើកាលវិភាគធ្វើការរបស់អ្នកត្រូវបានកំណត់ជាមុន អ៊ីចឹងព្យាយាមក្រោកឲ្យបានពីព្រលឹម។ 

១១- នៅពេលអ្នករវល់ អ្នកចាត់ទុកការអត់ធ្មត់ស្មើនឹងភាពរីករាយចំពោះជោគជ័យដែលមិនទាន់បានកើតឡើង
រឿងអស្ចារ្យជាច្រើនត្រូវការពេលវេលា និងការប្រឹងប្រែង។ ជាមួយនឹងចំនួនពេលវេលាជាក់លាក់មួយប៉ុណ្ណោះ អ្នកនឹងអាចគ្រប់គ្រងការប្រឹងប្រែងរបស់អ្នកបានភ្លាម។ ជួនកាលយើងគិតថាការប្រឹងប្រែងរបស់យើងគួរតែនាំយើងទៅដល់កន្លែងផ្សេងមួយរំពេច។ ប៉ុន្តែ វាមិនមែនងាយស្រួលយ៉ាងនេះទេ។ ការដែលរវល់ខ្លាំងបង្កើតឲ្យមានជំនឿថាត្រូវតែមានការវិវត្តន៍ទៅមុខជាប់រហូត។ ការដែលអ្នកផ្លាស់ទីទៅមុខកាន់តែលឿន អ្នកនឹងកាន់តែទៅកៀកនឹងគោលដៅរបស់អ្នក មែនទេ?

មិនមែនចេះតែទៅដល់គោលដៅរហូតនោះទេ។ ការប្រឹងប្រែងរបស់អ្នក ដែលត្រូវបានជម្រុញបន្ថែមពីសេចក្ដីម៉ឺងម៉ាត់របស់អ្នក គឺជាអ្វីដែលកំណត់អ្នកឲ្យឆក់យកឱកាសជាច្រើន ដែលត្រូវបានបង្កើតឡើងដើម្បីឲ្យអ្នករះត្រចះត្រចង់។ ការអត់ធ្មត់មានន័យថា អ្នកពុំបានមើលទៅលើលទ្ធផលលើផ្ទាំងអេក្រង់ដាក់ពិន្ទុនោះទេ ខណៈដែលអ្នកកំពុងធ្វើការប្រកួតរៀងរាល់ថ្ងៃ។ កុំរាប់ចំនួនស៊ុតដែលអ្នកបានប្រឹង ព្រោះអ្នកត្រូវការតែមួយគ្រាប់ទេដើម្បីឈ្នះការប្រកួត។ 

១២- នៅពេលអ្នករវល់ អ្នកបានខ្ជះខ្ជាយសមត្ថភាពរបស់អ្នកដោយមិនដឹងខ្លួន
ដោយហេតុថាភាពរវល់មិនត្រូវបានផ្សារភ្ជាប់នឹងការសម្រេចកិច្ចការជាដុំកំភួននោះ អ៊ីចឹងវាងាយនឹងធ្វើឲ្យអ្នកផុងខ្លួនក្លាយជាមនុស្សដែលគិតតែពីខំធ្វើការប្រចាំថ្ងៃណាស់។ អ្វីៗបានផ្លាស់ប្តូរ ហើយពេលវេលា ដែលអ្នកលះបង់ដើម្បីទទួលបានជំនាញថ្មី ឬ រៀនសូត្រពីអ្វីដែលថ្មី នឹងត្រូវរុញចេញទៅឆ្ងាយ។ នេះអាចជាការរបូតឱកាសបង្កើនសមត្ថភាពរយៈពេលខ្លីមួយ ប៉ុន្តែការកសាងជំនាញថ្មីៗអាចជាគន្លឹះដ៏សំខាន់ក្នុងការនាំអ្នក ឬអាជីវកម្មរបស់អ្នកឆ្ពោះទៅកម្រិតបន្ទាប់មួយទៀត។ 

១៣- នៅពេលអ្នករវល់ អ្នកពុំមានពេលគិតពិចារណានោះទេ
ការគិតយ៉ាងដិតដល់ និងច្បាស់លាស់គឺជាជំនាញមួយ ដែលកើតឡើងជាមួយនឹងការអនុវត្ត។ នៅពេលអ្នករវល់ អ្នកត្រូវតែដោះស្រាយជាមួយនឹងជំនន់ព័ត៌មានដ៏ហូរហៀរ ហើយជារឿយៗ យើងគឺជាអ្នកទទួលខុសត្រូវចំពោះការបើកទ្វារទំនប់ព័ត៌មាននេះឯង។ សាស្ត្រាចារ្យ និងអ្នកនិពន្ធ លោក ខាល់ ញូវផត (Cal Newport) បានពណ៌នាថា អត្ថប្រយោជន៍ការងារស៊ីជម្រៅ (ដែលតម្រូវឲ្យមានការគិតស៊ីជម្រៅ) នាំឲ្យនូវ:
១. ការធ្វើឲ្យប្រសើរឡើងជាបន្តនៃតម្លៃនៃទិន្នផលការងាររបស់អ្នក។
២. ការបង្កើនបរិមាណសរុបនៃទិន្នផលដ៏មានតម្លៃ ដែលអ្នកបានផលិត។
៣. ការពេញចិត្តកាន់តែជ្រាលជ្រៅ (ឬហៅថា "ចំណង់ចំណូលចិត្ត") សម្រាប់ការងាររបស់អ្នក។ 

១៤- នៅពេលអ្នករវល់ អ្នកភ្លេចក្រិតដែនកំណត់
ពិភពលោករបស់យើងតែងតែដើរទៅមុខរហូត។ ក្នុងនោះមាន ថិក (Text) ធ្វីត (Tweet) អ៊ីមែល និង Status update ជាដើម។ ភាគច្រើននៃពួកវាគឺអាចយកពេលរវីរវល់នៅពេលក្រោយបាន ប៉ុន្តែយើងជ្រើសយកការបើកមើលពួកវាទាំងអស់ក្នុងពេលតែមួយ។ ការឆ្លើយតបអ៊ីមែលមិនមែនជាការងាររបស់អ្នកនោះទេ តែវាជាមុខងារមួយនៃតួនាទី ដែលអ្នកមាន។ ប្រសិនបើអ្នកពុំមានពេលវេលាពិសេសច្បាស់លាស់នៅពេលអ្នកមិនកំពុងបើកអ៊ីមែល ឬធ្វីត អ៊ីចឹងអ្នកងាយនឹងយកពេលធ្វើរឿងដែលឥតប្រយោជន៍ណាស់។

១៥- នៅពេលអ្នករវល់ អ្នកនឹងមិនធ្វើការអស់ពីសក្តានុពលរបស់អ្នកទេ
ការដែលរវល់តម្រូវឲ្យមានការផ្លាស់ប្តូរការផ្តោតអារម្មណ៍ឥតឈប់ឈរ ដែលវាធ្វើឲ្យអ្នកចាកឆ្ងាយពីការប្រើប្រាស់ការប្រឹងប្រែងដ៏សញ្ជប់សញ្ជឹងទៅបំពេញកិច្ចការចាំបាច់ជាច្រើនទៀត។ វេបសាយ Harvard Business Review ហៅរឿងនេះថា ការជំពាក់ច្រើនឡើងៗចំពោះការយកចិត្តទុកដាក់ ហើយវារារាំងមនុស្សពីការបង្កើតគំនិតថ្មីៗ និងដំណោះស្រាយចំពោះបញ្ហាស្មុគ្រស្មាញជាច្រើន។ នាយកប្រតិបត្តិក្រុមហ៊ុន Quicken Loans លោក ដាន់ ហ្គីល បឺត (Dan Gilbert) មានសម្រង់ពាក្យដ៏ស៊ីជម្រៅច្បាស់លាស់មួយលើរបៀបក្នុងការប្រាប់ថាតើអ្នកកំពុងរស់នៅកន្លែងដែលអ្នកគួរតែរស់នៅដែរឬក៏អត់:

"ការគិតឃើញពីគំនិតច្នៃប្រឌិតគឺជារឿងលើកទឹកចិត្តមួយ តែការអនុវត្តគឺជារឿងថ្លៃថ្លាបំផុត"។ 

អ្នកអាចអនុវត្តបានទាល់តែមានពេលវេលាអភិវឌ្ឍគំនិត។ ការមមាញឹកពេកធ្វើឲ្យអ្នកចាកឆ្ងាយពីពេលវេលាអភិវឌ្ឍគំនិតទាំងនោះ។ 

១៦- នៅពេលអ្នករវល់ អ្នកនឹងកាន់តែឆាប់បាត់បង់មិត្តភក្តិ
មិត្តភាពគឺជាធាតុដ៏សំខាន់ក្នុងរបៀបដែលយើងចូលរួមក្នុងពិភពលោកនេះ។ យើងត្រូវការទស្សនៈ និងមតិយោបល់ដើម្បីជួយសម្រួចយើង រុញច្រានយើងទៅមុខ និងអភិវឌ្ឍខ្លួនយើង។ ប៉ុន្តែការដែលរវល់ យើងនឹងកាន់តែបាត់បង់មិត្តម្តងបន្តិចៗ។ យើងគិតតែពីខំធ្វើការ យើងនឹងមិនមានពេលសម្រាប់យោបល់ និងទស្សនៈរបស់ពួកគេនោះទេ។ នេះគឺជាការប្រឹងសម្រេចគោលដៅប្រកបដោយហានិភ័យ ព្រោះជួនកាលពួកគេគឺជាមនុស្សតែម្នាក់គត់ ដែលអាចប្រាប់យើងអំពីខ្លួនយើង និងឲ្យយើងប្រកាន់ខ្ជាប់វា។ ត្រូវលៃលកពេលវេលាខ្លះសម្រាប់មនុស្សដែលនឹងប្រាប់ការពិតដល់អ្នក ជាពិសេសនៅពេលដែលអ្នកមិនចង់ឮពាក្យពិតទាំងនោះ។ 

១៧- នៅពេលអ្នករវល់ អ្នកនឹងត្រូវរំខានខាងផ្លូវចិត្ត
តើអ្នកបានព្យាយាមប៉ុន្មានលើកដើម្បីទៅជួបនរណាម្នាក់ ប៉ុន្តែដឹងថាលទ្ធភាពតែ ៦០ ភាគរយប៉ុណ្ណោះដែលអាចទៅជួបគេនៅទីនោះបាន? ៤០ ភាគរយទៀតត្រូវបានរាយប៉ាយទៅកន្លែងផ្សេងៗ ហើយចិត្តរបស់អ្នកក៏វីវក់តាមនោះផងដែរ។ អ្នកបង្វឹកផ្នែកប្រតិបត្តិ និងអ្នកជំនាញខាងអំណាចជម្រុញទឹកចិត្ត លោក អូលីវៀ ហ្វក់ ខាបាណេ (Olivia Fox Cabane) បានបង្ហាញសមាសធាតុសំខាន់បីសម្រាប់អភិវឌ្ឍន៍អំណាចជម្រុញទឹកចិត្តទៅកាន់កម្រិតខ្ពស់មួយទៀត គឺថាមពល ភាពកក់ក្តៅ និងប្រាជ្ញា។ 

១៨- នៅពេលអ្នករវល់ អ្នកនឹងចូលរួមក្នុងវប្បធម៌រវល់
មនុស្សគ្រប់គ្នាតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌ផ្ទាល់ខ្លួនមួយ ហើយវប្បធម៌ដែលយើងជ្រើសយកតែងតបស្នងមកវិញជាមួយនឹងឥទ្ធិពលរបស់វា។"វប្បធម៌រវល់" គឺជាការផ្សារភ្ជាប់មួយ ដែលយើងជ្រើសរើសយកដោយសារតែការងារ ការវិវត្តន៍ទៅមុខដ៏លឿននៃជីវិត និងបំណងប្រាថ្នាឥតឈប់ឈរក្នុងការព្យាយាមធ្វើអ្វីមួយ។ "វប្បធម៌រវល់" ធ្វើឲ្យបាត់ទំនាក់ទំនងរបស់យើង ធ្វើឲ្យរាងកាយរបស់យើងអស់កម្លាំងល្ហិតល្ហៃ និងធ្វើឲ្យយើងច្រលំបល់ និងត្រូវស្វែងរកចម្លើយជាច្រើន។ ការងារគឺតែងតែនៅទីនោះជានិច្ច ប៉ុន្តែទំនាក់ទំនង និងពេលវេលាសំខាន់ៗ ដែលធ្វើឲ្យយើងរីករាយ នឹងពុំនៅទីនោះទេ។  

១៩- នៅពេលអ្នករវល់ អ្នកភ្លេចក្តីសុបិន
សុបិនធ្វើឲ្យយើងមានទឹកចិត្តស្ទុះទៅមុខ។ វាធ្វើឲ្យយើងរកឃើញពីអារម្មណ៍បច្ចុប្បន្នរបស់យើង ហើយវាគឺជាបណ្តុំនៃបំណងប្រាថ្នារបស់យើង។ បើគ្មានសុបិន ចំណង់ចំណូលចិត្ត និងសេចក្តីអង់អាចរបស់អ្នកក៏មិនស្ថិតស្ថេរយូរអង្វែងគ្រប់គ្រាន់ដើម្បីឲ្យអ្នកទាញយកផលពីវាដែរ។ ក្តីសុបិនគឺជាអ្វីមួយ ដែលអនុញ្ញាតឲ្យមនុស្សសាមញ្ញធ្វើនូវរឿងដែលមិនសាមញ្ញ។ 

២០- នៅពេលអ្នករវល់ អ្នកធ្វើឲ្យសុខភាពជួបគ្រោះថ្នាក់
ការដែលរវល់ឥតឈប់អាចបង្កឲ្យមានស្ត្រេស៍ធ្ងន់ធ្ងរ ដែលនាំទៅកើតបញ្ហាយ៉ាងច្រើន ដែលមិនល្អសម្រាប់រាងកាយរបស់អ្នកនោះឡើយ។ មិនត្រូវរវល់អីបែបហ្នឹងទេ ជាពិសេសនៅពេលដែលអ្នកកសាងទម្លាប់មួយ ដែលផ្តោតអាទិភាពលើសុខភាពរបស់អ្នក។ មានកម្មវិធី (App) ច្រើនណាស់ដើម្បីជួយអ្នករក្សារបបហូបចុក និងទម្លាប់ឲ្យបានកាន់តែប្រសើរ។ កម្មវិធីទាំងនោះគឺពិតជាអ្វីដែលអ្នកចង់បានណាស់សម្រាប់ខ្លួនអ្នក។ ប្រសិនបើអ្នកពិតជាផ្តោតខ្លាំងក្នុងការសម្រេចកិច្ចការដ៏អស្ចារ្យ អ៊ីចឹងអ្នកក៏ត្រូវប្តេជ្ញារក្សាសុខភាពខ្លួនឯងឲ្យបានល្អដូចគ្នាដែរ។ 

២១- នៅពេលអ្នករវល់ អ្នកនឹងភ្លេចសំណួរ "ហេតុអ្វីៗ" របស់អ្នក
សំណួរ "ហេតុអ្វី" របស់អ្នកអនុញ្ញាតឲ្យអ្នកសម្រេច និងតស៊ូក្រោមកាលៈទេសៈលំបាកៗ នៅពេលដែលមនុស្សជាច្រើនអាចនឹងដកថយចុះចាញ់ទៅវិញ។ វាគឺជាអ្វីមួយដែលអនុញ្ញាតឲ្យអ្នកបន្តព្យាយាមឆ្លងកាត់ការងារមិនគួរឲ្យជឿរាប់ម៉ោងតាំងពីដើមទី។ ដើម្បីចងចាំសំណួរនេះបានរហូត អ្នកត្រូវតែលៃលកពេលវេលាមួយដើម្បីធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយឡើងវិញ និងគិតអំពីហេតុផល ដែលអ្នកកំពុងធ្វើអ្វីមួយ៕

adverise with khmeread

មតិយោបល់