adverise with khmeread 4a1fac35 cfdc 4383 befb 9e818f70e603

ឡាន​បុក​ម៉ូតូ​ស្លាប់​ប្រពន្ធ, ​ប្ដី ​និង​កូន​របួសស្រាល​

    ត្បូងឃ្មុំ ៖ មាន​គ្រោះថ្នាក់​រថយន្ត​បើក​បុក​ម៉ូតូ​កាលពី​វេលា​ម៉ោង​១០ ​និង​៤៥​នាទី​ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ ផ្លូវជាតិ​លេខ​៧ ស្ថិតនៅ​ក្នុងភូមិ​ស្លាបក្ដោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ​បណ្តាលឱ្យ​ប្រពន្ធ​ស្លាប់ ហើយ​ប្តី និង​កូន​របួសស្រាល។​

    ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ពណ៌​បៃតង ពាក់​ស្លាក​ភ្នំពេញ ​3A-5372 បើកបរ​ដោយ​ឈ្មោះ ឃួន ឃីម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ពន្លៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

    ចំណែក​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុក​ដា​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1C-1646 បើកបរ​ដោយ​ឈ្មោះ រុំ សា​រ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ ឌុប​ប្រពន្ធ​ឈ្មោះ ពៅ ណា​រ៉េត ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ រួម​និង​កូនប្រុស​ឈ្មោះ រ៉ា សារ៉ាត់ អាយុ​៦​ឆ្នាំ អ្នក​ទាំង​៣​រស់នៅ​ភូមិ​អណ្ដូង​ដា ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។​

    ប៉ូលិស​បន្តថា ដំបូង​គេ​ឃើញ​រថយន្ត​បង្ក​ធ្វើដំណើរ​ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ​ បាន​បុក​ជាមួយ​ម៉ូតូ​ខាងលើ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​នៅនឹងកន្លែង។ ចំណែក​ប្ដី និង​កូនរង​របួសធ្ងន់ និង​ស្រាល​។​

    បច្ចុប្បន្ន​រថយន្ត​បង្ក​ និង​ម៉ូតូ​ជនរងគ្រោះ ត្រូវ​កម្លាំង​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ត្បូងឃ្មុំ ​ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់