តារាចម្រៀងរ៉ក់ Ronnie Wood បានជួលមេដោះបួននាក់ មកមើលថែកូនភ្លោះរបស់លោកនៅពេលយប់ ដើម្បីឲ្យលោកនៅមានអារម្មណ៍ស្រស់ថ្លានៅពេលធ្វើដំណើរទៅស្ទូឌីយោថតបទចម្រៀង។
Ronnie Wood វ័យ៦៩ឆ្នាំ មមាញឹកធ្វើការងារជាមួយនឹងក្រុមចម្រៀង Rolling Stones ហើយចង់ធ្វើឲ្យប្រាកដថា កូនភ្លោះស្រីទាំងពីរនេះនឹងមិនរំខានច្រើនដល់ដំណេករបស់លោក។
លោកនិងភរិយា Sally វ័យ៣៨ឆ្នាំបានស្វាគមន៍កូនស្រី Alice Rose និង Gracie Jane កាលពីខែមុន។ អ្នកលេងហ្គីតារូបនេះបាននិយាយថា “ខ្ញុំមាន Sally ក្រុមគ្រួសារនិងកូនស្រីតូចដ៏ស្រស់ស្អាតទាំងពីរ”។
ប្រភពជាច្រើននិយាយថា មេដោះបួននាក់គឺពិតជាសំខាន់ណាស់ ដោយសារលោក Ronnie ត្រូវធ្វើការងារផងដែរ។
កូនភ្លោះទាំងពីរនេះគឺជាកូនទី៥និងទី៦របស់លោក ប៉ុន្តែជាកូនដំបូងជាមួយនាង Sally ដែលលោកបានរៀបការជាមួយកាលពីឆ្នាំ២០១២។
ពួកគេទើបនឹងមកដល់គេហដ្ឋានក្នុងទីក្រុងឡុងដ៍កាលពីសប្តាហ៍មុនជាលើកដំបូង ជាលក្ខណៈគ្រួសារ៕
