ក្រុមអ្នកគាំទ្រដ៏ធំមួយហ្វូងបានប្រមូលផ្តុំគ្នានៅឯកម្មវិធីផ្សព្វផ្សាយមួយសម្រាប់ខ្សែភាពយន្តចិនដែលនឹងត្រៀមចាក់បញ្ចាំងខាងមុខគឺរឿង Bounty Hunter ដែលមានការចូលរួមសម្តែងដោយតារាតម្លៃខ្លួនថ្លៃរបស់កូរ៉េ Lee Min Ho។
ក្នុងអំឡុងថ្ងៃទី ២២ ដល់ ២៤ កម្មវិធីផ្សព្វផ្សាយហៅ Road Show របស់ Lee Min Ho បានចាប់យកទីតាំងក្នុងទីក្រុងប៉េកាំង ស៊ីអាន និងទីក្រុងហ្វូចូវ។ ហ្វូងមនុស្សរាប់សិបម៉ឺននាក់បានស្ថិតនៅក្នុងកម្មវិធីមួយនេះដើម្បីចំណាយពេលជាមួយនឹងតារាសម្តែងដ៏ល្បីរបស់កូរ៉េរូបនេះ ដែលពួកគេមានឱកាសដើម្បីសួរសំណួរអំពីខ្សែភាពយន្តដែលនឹងត្រៀមចាក់ផ្សាយ ខណៈដែលពួកគេបានលេងល្បែងកម្សាន្តនានានៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះផងដែរ។
Lee Min Ho ក៏បានចំណាយពេលសម្រាប់ពិធីខួបកំណើតរបស់ខ្លួនជាមួយនឹងបណ្តាប្រិយមិត្តរបស់គាត់នៅថ្ងៃទី ២២កន្លងទៅផងដែរ។
ការផ្សព្វផ្សាយដ៏ពិសេសនឹងបន្តដំណើររបស់ខ្លួនរហូតមកដល់ថ្ងៃនេះផងដែរ នៅឯទីក្រុងក្វាងចូវ និងឆុងឈីង។ Bounty Hunter នឹងត្រៀមចាក់បញ្ចាំងជាផ្លូវការដំបូងក្នុងប្រទេសចិន នៅថ្ងៃទី១ ខែកក្កដាខាងមុខនេះ៕
