adverise with khmeread Quit your job

ឈប់ពីការងាររបស់អ្នក ប្រសិនបើអ្នកមិនចូលចិត្តវា កុំខ្វល់អ្វីទាំងអស់

តើអ្នកយល់ពីអារម្មណ៍មួយនេះទេ? អ្នកត្រូវក្រោកឡើងទៅធ្វើការពីម៉ោង ៩ ដល់ ៥ ដ៏គួរឲ្យធុញទ្រាន់ជាមួយនឹងបុគ្គលិកគួរឲ្យធុញទ្រាន់ដដែលៗ ដែលមិនចេះឲ្យតម្លៃអ្វីដែលអ្នកបានធ្វើបន្តិចសោះ។ ខ្ញុំធ្លាប់ឆ្លងកាត់រឿងនេះ ហេតុនេះហើយបានជាខ្ញុំសម្រេចចិត្តឈប់ពីការងាររបស់ខ្ញុំដើម្បីធ្វើតាមបំណងប្រាថ្នារបស់ខ្ញុំ។ ទោះយ៉ាងណា រឿងនេះទាមទារឲ្យមានផែនការរឹងមាំមួយ និង សេចក្តីក្លាហាន។  

មនុស្សដែលតស៊ូព្យាយាមមិនមែនចេះតែជោគជ័យរហូតនោះទេ។ ជួនកាលជីវិតអាចជោគជ័យច្រើននៅពេលដែលអ្នកចាកចេញពីការងារបច្ចុប្បន្នរបស់អ្នក។ ខ្ញុំដឹងថាការឈប់ពីការងារគឺជារឿងលំបាក និងជារឿងគួរឲ្យខ្លាច ព្រោះមនុស្សដែលចាកចេញតែងត្រូវគេមើលឃើញថាជា "អ្នកចាញ់"។ ពួកគេនិយាយថា "អ្នកគួរតែបញ្ចប់នូវអ្វីដែលអ្នកបានចាប់ផ្តើម"។ 

ខ្ញុំដឹងលើសនរណាៗទាំងអស់ថា​ ការឈប់ពីការងារអាចជារឿងគួរឲ្យស្ត្រេស៍បំផុត។ សំណួរមួយចំនួននឹងលេចឡើងនៅពេលអ្នកគិតអំពីការចាកចេញពីការងាររបស់អ្នក ដោយភាគច្រើនគឺចាប់ផ្តើមជាមួយនឹងឃ្លា "ចុះបើ?"។ 

"ចុះបើខ្ញុំរកមិនបានការងារដែលខ្ញុំស្រឡាញ់ ហើយស្តាយក្រោយដែលឈប់ពីការងារបច្ចុប្បន្ន?"
"ចុះបើខ្ញុំមិនអាចរកបានការងារមួយផ្សេងទៀត ហើយខ្ញុំជាប់បំណុលគេព្រោះតែមិនមានលុយសង?"
"ចុះបើគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំវិនិច្ឆ័យលើរូបខ្ញុំ ហើយបដិសេធនឹងការសម្រេចចិត្តឈប់ពីការងាររបស់ខ្ញុំ?"
"ចុះបើខ្ញុំឈប់ពីការងារខ្ញុំដើម្បីចាប់យកក្តីសុបិនរបស់ខ្ញុំ តែខ្ញុំបរាជ័យ?" 

ចុងក្រោយ ប្រសិនបើអ្នកជឿសម្តីមនុស្សជុំវិញខ្លួន អ្នកច្បាស់ជាបង្ខំចិត្តទទួលស្គាល់ថាអ្នកបានធ្វើការសម្រេចចិត្តខុសតាមរយៈការជ្រើសរើសការងារបច្ចុប្បន្ន។ ប៉ុន្តែកុំភ្លេចថា ការចាកចេញពីការងារមួយចំនួនជាក់លាក់ក្នុងជីវិតអាចជាវិថីមួយឆ្ពោះទៅរកជោគជ័យរបស់អ្នក! 

សម្រង់ពាក្យរបស់លោកហង់ រីហ្វតដ៏ពេញចិត្តបំផុតមួយខ្ញុំគឺ "ប្រសិនបើអ្នកតែងតែធ្វើអ្វីដែលអ្នកតែងតែសម្រេចបាន អ៊ីចឹងអ្នកនឹងតែងតែទទួលបាននូវអ្វីដែលអ្នកធ្លាប់តែទទួលបានដដែលៗ"។ 

- អ្វីៗគឺត្រូវការចំណាយថាមពល
អ្វីៗដែលអ្នកធ្វើក្នុងជីវិតគឺត្រូវការចំណាយថាមពល។ វាត្រូវការចំណាយថាមពលដើម្បីចូលរួមក្នុងរាល់សកម្មភាពប្រចាំសប្តាហ៍របស់អ្នក។ វាត្រូវការចំណាយថាមពលដើម្បីធ្វើដំណើរទៅធ្វើការរៀងរាល់ថ្ងៃ។ វាត្រូវការចំណាយថាមពលដើម្បីរៀបចំអាពាហ៍ពិពាហ៍ប្អូនស្រីរបស់អ្នក។ 

រាល់ទំនួលខុសត្រូវទាំងឡាយដែលយើងមានគឺត្រូវចំណាយថាមពលខ្លះរបស់យើង។ យើងមានថាមពលតែក្នុងចំនួនមួយជាក់លាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដូច្នេះយើងត្រូវតែចំណាយវាឲ្យបានឆ្លាតវៃ។ ការចំណាយពេលវេលាក៏ត្រូវធ្វើឲ្យឆ្លាតវៃដូចគ្នាដែរ។ រឿងចំនួនពីរដែលយើងមិនអាចយកលុយទិញបានគឺពេលវេលា និងថាមពល។ ប្រាកដណាស់ អ្នកអាចទិញភេសជ្ជៈប៉ូវកម្លាំង ប៉ុន្តែតើវានឹងធ្វើឲ្យមានអារម្មណ៍ដូចបានដេក ៨ ម៉ោងដែរឬទេ? តើវានឹងធ្វើឲ្យអ្នកមានសុខភាពល្អដែរឬទេ? 

- ស្វែងរកអ្វីដែលមានតម្លៃនឹងឲ្យយើងធ្វើវា
តើអ្នកត្រូវតែឈប់ពីការងារគ្រប់ពេលដែលអ្វីៗកាន់តែលំបាកទៅៗមែនទេ? ជាការពិត គឺមិនអាចទេ។ អ្នកគួរតែឈប់ពីការងាររបស់អ្នក នៅពេលដែលអ្នកលះបង់អ្វីៗគ្រប់យ៉ាងដើម្បីវា តែមិនឃើញមានអនាគតភ្លឺស្វាងពីវា។ 

នៅពេលអ្នកធ្វើអ្វីដែលអ្នកស្រឡាញ់ ហើយវាមានពន្លឺអនាគតក្នុងជីវិតរបស់អ្នក អ្នកគួរតែប្រឹងប្រែងឈ្មុសឈ្មុលបន្តទៅទៀត ហើយធ្វើវាឲ្យអស់ពីសមត្ថភាពរបស់អ្នក។ 

ខ្ញុំយល់ឃើញថាពួកអត្តពលិកគឺពិតជាគួរឲ្យកោតសរសើរខ្លាំងណាស់។ ពួកគេមិនព្រមឈប់នោះឡើយរហូតដល់ពេលពួកគេបានឡើងលើវេទិកាទទួលមេដាយដែលបានពីការប្រឹងប្រែងដ៏លំបាករបស់ពួកគេ។ ខ្ញុំបានដឹងតាំងពីដើមទីមកថា ពួកគេបានប្រឹងប្រែងខ្លាំងប៉ុនណា និងបានលះបង់អ្វីខ្លះដើម្បីបានមេដាយនោះ។  

នៅពេលដែលអ្នកធ្វើអ្វីមួយដែលអ្នកពិតជាស្រឡាញ់អស់ពីបេះដូង នោះអ្នកនឹងមិនមានអារម្មណ៍ស្ត្រេស៍អំពីវានោះទេ។ ការងារដែលអ្នកស្រឡាញ់ទោះមុនពេលចាប់ផ្តើម ក៏អ្នកនឹងនៅតែមើលឃើញពីលទ្ធផលល្អនៅចុងបញ្ចប់។ ការដែលអ្នកកាន់តែអាចផ្តោតអារម្មណ៍បានច្រើនទៅលើអ្វីមួយ អ្នកនឹងកាន់តែឆាប់បញ្ចប់វាបានកាន់តែលឿន។ 

- សេចក្តីសន្និដ្ឋាន
ត្រូវគិតឲ្យបានល្អិតល្អន់អំពីអ្វីដែលអ្នកបានចំណាយពេលលើវា។ កុំខ្ជះខ្ជាយពេលវេលាលើអ្វីៗ ដែលមិនផ្តល់ពន្លឺអនាគតដល់អ្នក។ ជំនួសមកវិញ ត្រូវស្វែងរកឱកាសផ្សេងទៀត។ ហើយត្រូវមានផែនការរឹងមាំមួយមុនពេលអ្នកចាប់ផ្តើមចំណាត់ការដាច់ខាតណាមួយរបស់អ្នក។ មានតែរឿងល្អៗប៉ុណ្ណោះដែលកើតឡើងនៅក្រៅស្ថានភាពសុខស្រួលរបស់អ្នក។ តើអ្នកហ៊ានឈប់ពីការងាររបស់អ្នកដើម្បីឲ្យជីវិតកាន់តែជោគជ័យដែរឬទេ?

adverise with khmeread

មតិយោបល់