ពួកមហាសេដ្ឋីពាន់លានដុល្លារមើលឃើញថា ពួកគេនឹងរឹតតែក្លាយជាអ្នកមានពីឱកាសវិនិយោគលើរ៉ែអ៊ុយរ៉ាញ៉ូម ខណៈដែលពួកគេព្យាករណ៍ថា រ៉ែនេះនឹងឡើងថ្លៃទ្វេដងនៅត្រឹមឆ្នាំ ២០១៨។ រ៉ែអ៊ុយរ៉ាញ៉ូមសព្វថ្ងៃកំពុងស្ថិតក្នុងដំណើរការរុករកយ៉ាងសកម្ម។
បច្ចុប្បន្នរ៉ែនេះពិបាករកទីផ្សារណាស់ ក៏ប៉ុន្តែពួកអ្នកវិនិយោគមើលឃើញថាប៉ុន្មានឆ្នាំខាងមុខវានឹងមានទីផ្សារ ហើយតម្លៃនឹងឡើងទ្វេដង។
លោក David Talbot អ្នកវិភាគរ៉ែអ៊ុយរ៉ានីញ៉ូមនៅផ្សារ Dundee Capital Markets និយាយថា តម្រូវការរ៉ែនេះនឹងកើនឡើង ៦ ភាគរយរាល់ឆ្នាំរហូតដល់ឆ្នាំ ២០២០ ដែលល្មមធ្វើឱ្យតម្លៃរ៉ែនេះចាប់ផ្តើមឡើងចាប់ពីពេលឥឡូវនេះទៅ។ លោក David Wang អ្នកវិភាគនៅក្រុមហ៊ុន Morningstar ព្យាករណ៍ថាតម្លៃរ៉ែនេះនឹងឡើងទ្វេដងត្រឹមឆ្នាំ ២០១៨។
លោក Paul D. Gray ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Zadar Ventures Ltd. បានប្រាប់វេបសាយ Oilprice.com ថា ថាមពលនុយក្លេអ៊ែរកំពុងនិយមឡើងវិញហើយ ព្រោះវាជាប្រភពថាមពលស្អាតជាងប្រភពថាមពលដទៃ សម្រាប់មនុស្សជំនាន់ក្រោយ។
លោកបន្តថា ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរកំពុងចាប់ផ្តើមចាក់ឫសគល់ពីឥឡូវនេះទៅហើយៗរ៉ែអ៊ុយរ៉ានីញ៉ូមនឹងក្លាយជាធាតុដ៏សំខាន់សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ។
កាលពីដើមខែមិថុនានេះ មហាសេដ្ឋីវិនិយោគហុងកុង លោក លី កាស៊ីង បាននិយាយថា លោកនឹងទិញមូលប័ត្របំណុល ៦០ លានដុល្លារពីក្រុមហ៊ុន NexGen Energy ដែលផ្តោតលើគម្រោងរ៉ែអ៊ុយរ៉ានីញ៉ូមក្នុងខេត្ត Saskatchewan ប្រទេសកាណាដា។
លោក Leigh Curyer នាយកក្រុមហ៊ុន NexGen បាននិយាយទាក់ទិននឹងកិច្ចព្រមព្រៀងជាមួយសេដ្ឋីលីកាស៊ីងថា "បច្ចុប្បន្នតម្លៃរ៉ែនេះនៅទាបទេ ប៉ុន្តែតាមការព្យាករណ៍ចង្អុលបង្ហាញថា រ៉ែនេះនឹងមានតម្រូវការខ្ពស់ ហើយការផ្គត់ផ្គង់នឹងខ្វះខាត។ ពេលនោះហើយដែលអ្នកនឹងចាប់ផ្តើមសម្រុករុករករ៉ែនេះ"៕
