adverise with khmeread 97617c3b e92c 4d7c a3b5 8ec02f77b0f7

រថយន្ដ​តូ​រី​ស​បើក​ប៉ះ​រថយន្ដ​ព្រូស​ហើយ​មិន​ឈប់​ត្រូវ​រថយន្ដ​ព្រូស​បើក​កៀរ​បង្ខំ​ឱ្យ​ឈប់​

    ភ្នំពេញ​ ៖ បុរស​ម្នាក់​បើករថយន្ដ​តូ​រី​ស​មួយគ្រឿង​ជ្រុល​ទៅ​ប៉ះ​រថយន្ដ​ព្រូស​បណ្ដាលឱ្យ​ធ្លាក់​កាង​ខាងមុខ​ហើយ​មិន​ព្រម​ឈប់​ដោះស្រាយ ត្រូវ​ម្ចាស់​រថយន្ដ​ព្រូស​បើក​ដេញ​កៀរ​ឱ្យ​ឈប់ ​និង​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការខូចខាត​បន្តិច​ប​ន្ទួ​ច​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​ និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងត្បូង​ស្តុ​ប ទេព​ផង ប្រហែល​២០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​​ទុង ក្នុង​សង្កាត់ ទឹកល្អក់​ទី​២ ខណ្ឌទួលគោក។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គឺមាន​រថយន្ដ​ម៉ាក​តូ​រី​សព​ណ៌ទឹក​ប៉ិ​ច ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A 1552 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ 

    ពេលមកដល់​ចំណុច​ភ្លើងស្តុប​បាន​ជ្រុល​ទៅបុក​រថយន្ដ​មួយគ្រឿង​ទៀត​ម៉ាក​ព្រូស ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB. 4149 ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​បណ្ដាល​ធ្លាក់​កាង​ខាង​មុខតែ​ម្ចាស់​រថយន្ដ​បង្ក​មិន​ព្រម​ឈប់​នោះទេ​។​

    ប្រភព​បាន​បន្តថា ក្រោយពី​ឃើញ​ម្ចាស់​រថយន្ដ​តូ​រី​ស​ មិន​ព្រម​ឈប់​ម្ចាស់​រថយន្ដ​ព្រូស​ក៏បាន​បើក​ដេញ​ និង​កៀរ​ឱ្យ​ឈប់​ទើប​រថយន្ដ​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​វៀច​ចំនួន​៤​កង់​ទើប​រថយន្ដ​ទាំងពីរ​គ្រឿង​ឈប់​។ 

    ក្រោយមក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ និង​បាន​ទំនាក់ទំនង​ទៅ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ដ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់