adverise with khmeread E59794c8 59a0 409a 8308 b27bb8fe369d

ចង់​រៀបការ​ប្រពន្ធ​ថ្មី ធ្វើលិខិត​បញ្ជាក់​នៅ​លីវ​ខ្លួនឯង​​ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

    ភ្នំពេញ ៖ មាន​ករណី​ក្លែង​ត្រា​ និង​ក្លែង​លិខិតបញ្ជាក់​ ហើយ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៧ ​មិថុនា ​ឆ្នាំ​២០១៦​ ​ម៉ោង​២​ និង​៣០​នាទី​រសៀល​នៅ​ចំណុច​ភូមិ​ព្រែក​ឬ​ស្សី សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ ​ឡុង វុទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ សណ្ឋាគារ Flamingo​ សង្កាត់​ផ្សា​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ស្រុកកំណើត​ភូមិ-ឃុំ-ស្រុក​សំឡូត​ ខេត្តបាត់ដំបង មុខរបរ​បុគ្គលិក​ផ្នែក​ជាងភ្លើង​សណ្ឋាគារ ​Flamingo (​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា វត្ថុតាង​ចាប់យក​៖​ លិខិតបញ្ជាក់​(​ក្លែង​) ០១​ច្បាប់​,​ ត្រា​ឈ្មោះ​(​ក្លែង​) ០១, ​ត្រា​មូល សង្កាត់​ព្រែក​ឬ​ស្សី​(​ក្លែង​) ០១, ​ត្រា​(​សង្កាត់​),​ ម៉ូតូ​០១​គ្រឿង​ម៉ាក​ Today​ ពណ៌​ឈាមជ្រូក បិទ​ស្កុ​ត​ពណ៌​ស្វាយ​គ្មាន​ផ្លាកលេខ​។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​២៥​ មិថុនា ​ឆ្នាំ​២០១៦ មាន​នារី​ម្នាក់​អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​ផ្ទះជួល សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ស្រុកកំណើត​ភូមិ​អូ​ម៉ា​ល់ ​ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​កាន់​លិខិត​
​បញ្ជាក់​ដូចខាងលើ​មក​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឬ​ស្សី ដើម្បី​សួរ​ចង់ដឹងថា​លិខិតបញ្ជាក់​នេះ​"​ត្រឹមត្រូវ​ឬ​អត់​"​។ ព្រោះ​ជនសង្ស័យ​ដែល​ស្រឡាញ់​គាត់​បានប្រគល់​លិខិត​នេះ​មកឱ្យ​គាត់ ដោយ​បញ្ជាក់ថា​"​ខ្លួន​នៅ​លីវ "​។​

    នៅពេល​ប៉ូលិស​ប៉ុស្តិ៍​ពិនិត្យ​មើលឃើញថា​លិខិត​នេះ​មិន​ប្រក្រតី​ទើប​ដកហូត​ទុក​សិន​ដើម្បី​ស្រាវជ្រាវ លទ្ធផល ដឹង​ច្បាស់​ថា​ជា ​"​លិខិត​ក្លែងក្លាយ"​ ទើប​នៅ​ថ្ងៃកើតហេតុ​ខាង​​លើ​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​ឬ​ស្សី បាន​ទាក់ទង​តាមរយៈទូរស័ព្ទ​ទៅ​នារី​ដែល​ត្រូវជា​សង្សារ​របស់​ជនល្មើស ឱ្យនាំ​ជនសង្ស័យ​មក​ប៉ុស្តិ៍​ព្រែក​ឬ​ស្សី​ដើម្បី​ធ្វើការ​សាកសួរ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​សារភាពថា​៖ ខ្លួន​ពិតជា​បានធ្វើ​លិខិត​បញ្ជាក់​ក្លែងក្លាយ​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន ព្រោះតែ​ចង់​រៀបការ​ជាមួយ​នារី ដែល​​ខ្លួនស្រឡាញ់ ដោយ​ខ្លួន​មិនទាន់​លែងលះ​ជាមួយ​ប្រពន្ធដើម​ដាច់ស្រេច​នៅឡើយ​។​

    បន្ទាប់មក​ប៉ូលិស​បាន​បញ្ជូន​ជនសង្ស័យ រួមទាំង​វត្ថុតាង​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ​ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការតាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់