adverise with khmeread 1

​ម្ចាស់​បទ Baby Come Back to Me ថា ខ្លួន​មាន​វិប្បដិសារី​ដែល​បង្ហាញខ្លួន​ក្នុង​វិស័យ​ចម្រៀង​ឆាប់​ពេក​

​    ​ទីបំផុត​តារាចម្រៀង​ដ៏​ល្បី​របស់​ជប៉ុន​កើត​នៅ​សហរដ្ឋអាមេរិក អ្នកស្រី Utada Hikaru បាន​វិល​ត្រឡប់មក​ឧស្សាហកម្ម​ចម្រៀង​វិញ​បន្ទាប់ពី​សម្រាក​អស់​រយៈពេល​ប្រាំ​មួយឆ្នាំ ហើយ​កាលពីពេល​ថ្មីៗ​នេះ គាត់​បាន​ទទួលស្គាល់ថា គាត់​មាន​វិប្បដិសារី​ចំពោះ​ការបង្ហាញ​ខ្លួន​ក្នុង​វិស័យនេះ​ឆាប់​ពេក​។​

​    ​ដើម្បី​ផ្សព្វផ្សាយ​ពី​ការវិល​ត្រឡប់មកវិញ​របស់គាត់ Utada បាន​បង្កើត​កម្មវិធី​សំណួរចម្លើយ​នៅលើ​វេ​ប​សាយ​ផ្ទាល់ខ្លួន ហើយ​បើ​យោងតាម​វេ​ប​សាយ Arama Japan បានឱ្យដឹងថា Fan ម្នាក់​បាន​សួរថា​តើ​គាត់​មាន​អារម្មណ៍​យ៉ាងដូចម្តេច​ចំពោះ​ការបង្ហាញ​ខ្លួន​នៅ​អាយុ ១៥ ឆ្នាំ​ក្នុង​ឆ្នាំ ១៩៩៨​។​

​    ​អ្នកស្រី​បាន​ឆ្លើយ​ការពិត​ទាំង​គ្រោតគ្រាត​ថា "​ពិតណាស់ ខ្ញុំ​រីករាយ​ចំពោះ​ការដែល​សមិទ្ធិផល​ខ្ញុំ​ខំប្រឹងប្រែង​ផលិត​ត្រូវបានគេទទួលស្គាល់ ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក​ខ្ញុំ​គ្មាន​សេរីភាព​ដោយសារ​រវល់​ខ្លាំងពេក​រហូតដល់​ចំណុច​រវល់​នោះបាន​កន្លងផុតទៅ​"​។​

​    ​គាត់​បាន​បន្តថា "​អារម្មណ៍​ខកចិត្ត​ចំពោះ​ការដែល​ខ្ញុំ​មិនអាច​ត្រឡប់​ទៅរក​ពេល​វេ​ល​មុន​ការសម្រេចចិត្ត​ចូល​សិល្បៈ​គឺ​ពិត​ជាធំ​សម្បើម​ណាស់​"​។​

​    ​ទោះយ៉ាងណា គាត់​បាន​កត់សម្គាល់ថា ខណៈ​គាត់​មាន​វិប្បដិសារី​ដោយ​ការ​បង្ហាញខ្លួន​នៅ​វ័យក្មេង គាត់​ក៏​សម្តែង​អំណរគុណ​ចំពោះ​បទពិសោធន៍​ទាំងអស់​ដែល​គាត់​បាន​សន្សំទុក​ចាប់តាំងពី​ថ្ងៃ​បង្ហាញខ្លួន​ក្នុង​ឧស្សាហកម្ម​ចម្រៀង​ផងដែរ​។​

​    ​បន្ទាប់ពី​ចំណាយពេល​ជាច្រើន​ឆ្នាំ​នៅក្នុង​ការងារ Utada បានប្រកាស​ក្នុង​ឆ្នាំ ២០១០ ថា គាត់​នឹង​ផ្អាក​ការផលិត​ចម្រៀង​របស់គាត់​សិន​ដើម្បី​ផ្តោតលើ​ជីវិត​ផ្ទាល់ខ្លួន​។ បន្ទាប់ពី​ការប្រកាស​នោះ អ្នកស្រី​បាន​រៀបការ​ក្នុង​ឆ្នាំ ២០១៤ ជាមួយ​អ្នកបម្រើ​ម្នាក់​នៅក្នុង​ប្រទេស​អ៊ីតាលី ហើយ​ក្នុង​ឆ្នាំ ២០១៥ គាត់​បានប្រសូត​កូនប្រុស​ម្នាក់​។​

​    ​បើ​យោងតាម​វេ​ប​សាយ Pop Crush បានឱ្យដឹងថា Utada ជិត​បញ្ចប់​បទ​ចម្រៀង​ថ្មី​សម្រាប់​ខ្សែភាពយន្ត​ជប៉ុន Toto Nee-chan ដែលជា​បទ​ចម្រៀង​ដំបូង​បំផុត​របស់គាត់​គិត​ចាប់តាំងពី​ឆ្នាំ ២០១២ គឺ​បទ Sakura Nagashi៕

 

adverise with khmeread
ប្រភព៖ Arama Japan

អ្នកនឹងចូលចិត្ត

មតិយោបល់