ភ្នំពេញ ៖ បុរសជនជាតិចិនស្រវឹងស្រាជោកជាំម្នាក់ បើករថយន្តមួយគ្រឿងម៉ាក LEXUS RX 300 ក្នុងល្បឿនលឿនជ្រុលទៅបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់៣ផ្ទាំង រថយន្តបែកកង់មុខទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងកើតព្រលានយន្តហោះពោធិចិនតុង ស្ថិតភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
តាមសាក្សីពីកន្លែងកើត បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសជនជាតិចិនម្នាក់ បើករថយន្ត LEXUS RX 300 ពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខ 2G-2842 តាមមហាវថីសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។
លុះខណៈមកដល់ចំណុចកើតហេតុ ដោយសារតែស្រវឹងស្រាមើលផ្លូវមិនច្បាស់ ហើយកន្លែងកើតហេតុជាកន្លែងងងឹតថែមទៀត ទើបរថយន្តរេចង្កូតទៅបុករនាំងដែកទាំងកម្រោលបណ្តាលឱ្យបាក់រាបអស់ចំនួន៣ផ្ទាំង។
ចំណែករថយន្តរងការខូតខាតនិងបែកកង់ដាច់ក្រឡេកង់មុខខាងឆ្វេង បើករត់ចេញពីកន្លែងកើតហេតុជាង១០០ម៉ែត្រ ទើបរថយន្តទៅមុខលែងរួច ក៏ត្រូវសមត្ថកិច្ចឃាត់អ្នកបើកបរនិងរថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ ប៉ូលិសជំនាញចរាចរណ៍ក្រុង មកស្ទួចនាំយករថយន្តបង្ក និងឃាត់ខ្លួនអ្នកបើកបរទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយ៕
