adverise with khmeread 499329168

Made in China! យន្តហោះ​ដឹក​អ្នកដំណើរ​ផលិត​ដោយ​ចិន​លើកដំបូង​ចាប់ផ្តើម​ដឹក​អ្នកដំណើរ​

    ​យោងតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​បានឱ្យដឹងថា យន្តហោះ​ដឹក​អ្នកដំណើរ​ក្នុង​តំបន់​ផលិត​ក្នុងស្រុក​លើកដំបូង​រប​ស់​ចិន​បានចាប់ផ្តើម​ចេញដំណើរ​ពី​ទីក្រុង​ឆេង​ឌូ​របស់​ចិន​ភាគ​ពាយ័ព្យ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទៅកាន់​ទីក្រុង​សៀង​ហៃ​សម្រាប់​ប្រតិបត្តិការ​ពាណិជ្ជកម្ម​លើកដំបូង​របស់ខ្លួន​។ 

​    ​អ្នកដំណើរ ៧០ នាក់​បាន​ជិះ​លើ​យន្តហោះ ARJ21-700 ជាមួយ​ជើងហោះហើរ EU6679 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Chengdu Airlines ដែល​ចាប់ផ្តើម​ចេញដំណើរ​នៅ​ម៉ោង ៩.២៥ នាទី​ព្រឹក​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ឆេង​ឌូ សួង​លីវ ក្នុង​ខេត្ត​ស៊ី​ឈាន់​។ យន្តហោះ​នេះ​រំពឹង​ចុះចត​នៅ​អាកាសយានដ្ឋាន​ហុង​ឆាវ​នៅពេល​រសៀល​ថ្ងៃ​ដដែល​។ 

​    ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​និយាយថា បន្ទាប់ពី​សម្រាក​មួយសន្ទុះ យន្តហោះ ៩០ កៅអី​ម៉ាស៊ីន​ពីរ​នេះ​នឹង​ហោះ​ត្រឡប់មក​ឆេង​ឌូ​វិញ​នៅពេល​ល្ងាច​ជាមួយ​អ្នកដំណើរ ៧០ នាក់​ជិះ​លើ​នោះ​ដដែល​។ 

​    ​ក្រុមហ៊ុន​នេះ​បាន​បណ្តុះបណ្តាល​ពី​ឡុ​ត​យន្តហោះ ៨ នាក់ ដែល​អាច​បើក​យន្តហោះ ARJ21 ខណៈ​អ្នកបម្រើ​យន្តហោះ ៥២ នាក់​បានទទួល​ការបណ្តុះបណ្តាល​ដើម្បី​បម្រើភ្ញៀវ​នៅលើ​យន្តហោះ​។  

​    ​យន្តហោះ ARJ21 ពីរ​គ្រឿង ជា​យន្តហោះ​ដែល​គេ​សាទរ​ថា​ជា "​យន្តហោះ​តំបន់​ដ៏​ទំនើប​ប្រចាំ​សតវត្សរ៍​ទី ២១" ត្រូវបាន​ដឹក​មកឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក្រោយ​បញ្ចប់​ការធ្វើ​តេស្ត​ហោះហើរ​ចុងក្រោយ​។ 

​    ​ក្រៅពី​ផ្លូវ​ហោះហើរ​រវាង​ទីក្រុង​ឆេង​ឌូ និង​សៀង​ហៃ ក្រុមហ៊ុន​និយាយថា ខ្លួន​នឹង​បញ្ជូន​យន្តហោះ​ទៅតាម​ផ្លូវ​ហោះហើរ​ក្នុង​តំបន់​ជាច្រើន​ទៀត​នៅ​ចិន​ភាគ​ខាងលិច និង​ភាគ​ពាយ័ព្យ​៕ 

​ប្រភព​៖ បាងកក​ប៉ុស្តិ៍

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់