adverise with khmeread Steve jobs

សំណួរដែលលោក ស្ទីវ ចប តែងសួរខ្លួនគាត់រាល់ថ្ងៃ

លោកស្ទីវ ចប ដែលយើងភាគច្រើនស្គាល់ដោយសារការងាររបស់គាត់ជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន Apple បានឆ្លុះកញ្ចក់មើលជីវិតការងាររបស់គាត់រាល់ថ្ងៃ និងបានសួរខ្លួនគាត់នូវសំណួរមួយថា "ប្រសិនបើថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃជីវិតរបស់អ្នក តើអ្នកនឹងចង់ធ្វើអ្វីដែលអ្នកកំពុងធ្វើដែរឬទេ?" សឹងតែគ្រប់ពេល ចម្លើយរបស់គាត់ត្រឡប់មកវិញគឺពាក្យ "Yes" យ៉ាងខ្ទររំពង ប៉ុន្តែសម្រាប់មនុស្សធម្មតាវិញ វាប្រហែលជាខុសគ្នា។ ដោយស្រឡាញ់ការងាររបស់គាត់ពេក លោកស្ទីវចបបានខិតខំធ្វើការរហូតដល់ថ្ងៃគាត់ស្លាប់ ទោះបីជាគាត់បានដឹងថាគាត់កើតជំងឺមហារីកលំពែងក៏ដោយ។ 

លោកស្រី មីនដា ហ្សេតលីន (Minda Zetlin) បានពិភាក្សាអំពីអត្ថប្រយោជន៍នៃការសួរខ្លួនយើងនូវសំណួរនេះរៀងរាល់ថ្ងៃទាក់ទងនឹងរបៀបដែលវាអាចជួយយើងស្វែងរកមើលថាតើយើងនឹងអាចបំពេញបាននូវសក្តានុពលពេញលេញរបស់យើង និងធ្វើការក្នុងអាជីព ដែលយើងស្រឡាញ់បានឬក៏អត់។ ការសួរសំណួរមួយនេះអាចជួយយើងសាបព្រោះគោលបំណងពិតប្រាកដក្នុងជីវិតផ្ទាល់ខ្លួនរបស់យើងក៏ដូចជាជីវិតការងារអាជីពរបស់យើងផងដែរ។ ខាងក្រោមនេះគឺជាសំណួរទាំង ៦ ដែលលោកស្ទីវ ចបសួរខ្លួនឯងរាល់ថ្ងៃ ហើយវាអាចបបួលយើងឲ្យសួរខ្លួនឯងបានផងដែរ។ 

១- តើការងាររបស់អ្នកធ្វើឲ្យអ្នកញញឹមដែរឬទេ?
គ្មានការងារណាមួយល្អឥតខ្ចោះទេ។ យើងទាំងអស់គ្នាសុទ្ធតែត្រូវដោះស្រាយជាមួយនឹងតម្រូវការនៃកាលវិភាគដ៏មមាញឹក សហការីរប៉ិលរប៉ូច រយៈពេលធ្វើការច្រើនម៉ោង និង កិច្ចការស្មុគ្រស្មាញជាច្រើន។ ប៉ុន្តែខ្ញុំស្រាប់តែដឹងថានៅចុងបញ្ចប់នៃថ្ងៃនីមួយៗ ប្រសិនបើខ្ញុំញញឹមតែម្តងដោយសារតែមកពីការងាររបស់ខ្ញុំ អ៊ីចឹងវាពិតជាមានតម្លៃណាស់ដែលបានបំពេញការងារនោះ។ ការដែលអ្នកញញឹមដាក់ការងារវារំឭកអ្នកថាអ្នកកំពុងធ្វើអ្វីមួយ ទោះបីតូចក៏ដោយ តែវាបានធ្វើឲ្យអ្នកមានអារម្មណ៍រីករាយក្នុងការងារប្រចាំថ្ងៃរបស់អ្នក។  

២-​ តើអ្នកមានភាពនឿយហត់បែបណានៅចុងថ្ងៃនីមួយ?
ការអស់កម្លាំងហាក់ដូចជាមានពីរប្រភេទ: ទីមួយគឺការត្រៀមខ្លួនយ៉ាងល្អសម្រាប់ការសម្រាកបន្ទាប់ពីការពុះពារដ៏ស្វិតស្វាញប៉ុន្តែទទួលបានលទ្ធផលគាប់ចិត្ត និងមួយទៀតគឺការស្ពាយនូវអារម្មណ៍មួយប្រៀបបីដូចជាអ្នកបានឡើងភ្នំមួយតែបានត្រឹមតែឃើញខ្លួនឯងនៅខាងក្រោមប្រឈមនឹងថ្ងៃស្អែកដ៏គួរឲ្យធុញទ្រាន់ដដែលៗ។ ប្រសិនបើអ្នករស់នៅផ្អែកតាមទស្សនៈរបស់លោកស្ទីវ ចប អ្នកគួរតែឆ្លងកាត់នូវការនឿយហត់ទីមួយជាជាងការនឿយហត់ទីពីរឲ្យបានយ៉ាងហោចណាស់ក៏សឹងរាល់ថ្ងៃដែរ។ ការដែលចូលទៅគេងជាមួយនឹងអារម្មណ៍ថាអ្នកបានសម្រេចអ្វីមួយមានន័យពីរយ៉ាងគឺ ទីមួយអ្នកបានកំពុងប្រើប្រាស់ទេពកោសល្យរបស់អ្នកតាមរបៀបមួយដែលជួយឲ្យអ្នករកឃើញភាពរីករាយ និងមួយទៀតអ្នកបានរួមចំណែកប្រកបដោយផលិតភាពដល់ពិភពលោកជុំវិញខ្លួនអ្នក។     

៣- តើការងាររបស់អ្នកផ្តល់ផលតបស្នងវិញទេ?
ខ្ញុំមិនមែននិយាយអំពីការទទួលស្គាល់ស្នាដៃផ្លូវការទេ ទោះយ៉ាងណាការត្រូវបានតែងតាំងជាបុគ្គលិកឆ្នើមប្រចាំខែពិតជាមិនប៉ះពាល់ដល់លក្ខណៈសម្បត្តិអាជីពរបស់អ្នកនោះទេ។ តែសួរថាតើមនុស្សបានឲ្យតម្លៃការងារដែលអ្នកបានធ្វើដែរឬទេ? តើសហសេវិកបានអរគុណចំពោះការងាររបស់អ្នក និយាយសរសើរពីការលះបង់របស់អ្នក និងប្រាប់អ្នកថាអ្នកបំពេញការងារល្អរបៀបណាដែរឬទេ? សុខភាពផ្លូវកាយ និងផ្លូវចិត្តគឺវាប្រទាក់ក្រឡាគ្នា។ ហើយអារម្មណ៍ទាំងវិជ្ជមាន និងអវិជ្ជមាន ដែលយើងស្ពាយយកពីកន្លែងការងារ គឺសុទ្ធតែបានមកតាមយើងដល់ផ្ទះ។ ការដែលធ្វើការក្នុងបរិយាកាស ដែលអ្នកមានអារម្មណ៍ថាមានតម្លៃ វានឹងរួមចំណែកដល់ភាពជោគជ័យចំពោះអាជីពការងាររបស់អ្នក ហើយថែមទាំងជួយអ្នកឲ្យចៀសផុតពីការនាំមកនូវអារម្មណ៍អាក្រក់ចូលមកផ្ទះ និង ចៀសផុតការធ្វើឲ្យខ្ជះខ្ជាយ "ពេលសម្រាកពីការងារ" របស់អ្នកដោយសារតែការគិតអំពីការងារហួសកម្លាំង និងការកាច់កុងគ្នានៅកន្លែងធ្វើការ។   

៤- តើអ្នកមានការសោកស្តាយណាមួយទេ?
តើអ្វីទៅដែលអ្នកសោកស្តាយក្នុងឆាកជីវិតរបស់អ្នក? នៅពេលយើងមិនសប្បាយចិត្ត  យើងមានទំនោរផ្តោតលើអ្វីដែលយើងប៊ិះនឹងធ្វើបានជាជាងអ្វីដែលយើងកំពុងធ្វើនៅក្នុងពេលឥឡូវនេះ។ លោកស្រី មីនដា ហ្សេតលីនបានចង្អុលបង្ហាញថា ការស្តាយក្រោយធំបំផុតមួយចំនួន ដែលយើងមានគឺដោយសារការភ័យខ្លាចពីបរាជ័យ។ ការផ្លាស់ប្តូរការងារ ការបន្តការសិក្សាបន្ថែមទៀត ឬការរៀនសូត្រជំនាញថ្មីអាចមានហានិភ័យច្រើន។ ជួនកាលអ្នកនឹងជោគជ័យ ជួនកាលអ្នកនឹងមិនជោគជ័យទេ ប៉ុន្តែវាល្អប្រសើរឆ្ងាយណាស់ ដែលអ្នកបានព្យាយាម ទោះបរាជ័យក៏ដោយ ជាជាងចំណាយពេលនៃឆាកជីវិតរបស់អ្នកអង្គុយងឿងឆ្ងល់ថាតើអ្នកនឹងទទួលបានជោគជ័យដែរឬក៏អត់។  

៥- តើការងាររបស់អ្នកធ្វើឲ្យខាតពេលក្នុងឆាកជីវិតរបស់អ្នកទេ?
វាត្រូវបានគេនិយាយជាទូទៅទៅហើយថាគ្មាននរណាម្នាក់បុណ្យឲ្យខ្លួនឯងធ្វើការច្រើននោះឡើយ។ មិនមែនការងារទាំងអស់អនុញ្ញាតឲ្យអ្នកចេញពីតុធ្វើការនៅម៉ោង ៥ នោះទេ ជាពិសេសក្នុងយុគសម័យឌីជីថល ប៉ុន្តែនោះមិនមែនមានន័យថាការងាររបស់អ្នកត្រូវតែគ្រប់គ្រងលើជីវិតរបស់អ្នកនោះទេ។ ត្រូវកំណត់ព្រំដែនមួយ នៅពេលវេលាណាមួយ និងទីកន្លែងណាមួយដែលអ្នកអាច។ អង្គុយចុះទទួលទានអាហារជាមួយគ្រួសារនៅពេលពេលវេលាអនុញ្ញាតឲ្យ។ ចំណាយពេលប៉ុន្មាននាទីអានសៀវភៅប្រលោមលោកថ្មីៗរាល់ការធ្វើដំណើរតាមផ្លូវពេលព្រឹករបស់អ្នក ឬនៅកន្លែងហាត់ប្រាណ។ ត្រូវរកវិធីដើម្បីបំពេញឲ្យជីវិតរបស់អ្នកជាមួយនឹងសកម្មភាពចម្រុះដើម្បីផ្តល់ហេតុផលឲ្យខ្លួនឯងសម្រាប់ប្រឈមនឹងថ្ងៃនីមួយៗជាមួយនឹងអ្វីមួយដែលធ្វើឲ្យរំភើបចិត្ត។ 

៦- តើអ្នកមានអារម្មណ៍ថាមានទឹកចិត្តធ្វើការដែរឬទេ? 
រឿងមួយក្នុងចំណោមរឿងជាច្រើន ដែលខ្ញុំពេញចិត្តចំពោះការងាររបស់ខ្ញុំក្នុងនាមជាគ្រូបង្រៀន និងអ្នកនិពន្ធគឺថា ខ្ញុំតែងតែរៀនសូត្រអំពីអ្វីមួយ មិនថាតាមរយៈការស្រាវជ្រាវ ឬ ការសន្ទនាជាមួយកូនសិស្សរបស់ខ្ញុំ ដែលតែងតែរំអុកឲ្យខ្ញុំតាមដានមើលពិភពលោកពីជ្រុងខុសគ្នាៗ។ ការជួបប្រទះនឹងការប្រឈម ឬការរៀនសូត្រពីអ្វីដែលថ្មីក្នុងការងារគឺវាជួយឲ្យចិត្តរបស់អ្នកមានភាពសកម្ម និងជួយពង្រីកចំណេះដឹង និងជំនាញរបស់អ្នកថែមទៀត តែវាក៏អាចជួយបំបាត់នូវភាពធុញទ្រាន់ក្នុងការងារប្រចាំថ្ងៃផងដែរ។ មិនថាអ្នកជាស្ត្រីមេផ្ទះ ឬជាអ្នកគ្រប់គ្រងហានិភ័យមូលធននោះទេ ការដែលមានការងារដែលជម្រុញទឹកចិត្តទាំងផ្លូវកាយ និងផ្លូវចិត្តអាចជួយបង្កើននូវអារម្មណ៍ប្រកបដោយផលិតភាព និងការគោរពខ្លួនឯង។ គ្មានអ្វីអាចប្រៀបផ្ទឹមនឹងភាពពេញចិត្តចំពោះការកំណត់កិច្ចការដោយខ្លួនឯង រួចបំពេញវាឲ្យបាននោះឡើយ៕ 

adverise with khmeread

មតិយោបល់