adverise with khmeread 33ad7c2c e56b 41ee 8cbf 872d1937669e

ខឹង​សុំ​លុយ​ប្រពន្ធ​២​ពាន់​រៀល​ទិញ​ស្រា​មិនបាន​ជាន់ក​ប្រពន្ធ​ដល់​ស្លាប់​

    តាកែវ ៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ប្រើ​អំពើហិង្សា​វាយ​ប្រពន្ធ​បណ្ដាល​ឱ្យស្លាប់ ដោយសារ​ខឹង​សុំ​លុយ​ប្រពន្ធ​២​ពាន់​រៀល​ទិញ​ស្រា​មិនបាន ដោយ​បន្សល់ទុក​កូនប្រុស​ស្រី​ចំនួន​៤​នាក់​ក្លាយជា​ក្មេង​កំព្រា រស់​គ្មាន​ទីពឹង។​

    អំពើហិង្សា​ក្នុង​គ្រួសារ​ខាងលើនេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​២២ ស្ថិតក្នុង​ភូមិ​ព្រៃ​តា​ម៉ៅ ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ។​

    លោក យ៉ុ​គ សារ៉ាត់ អធិការ​ស្រុក​គិរីវង់​បានឱ្យដឹងថា ជនបង្ក​ឈ្មោះ វេត សាក់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ បានធ្វើ​សកម្មភាព​វាយ ទាត់ ធាក់ និង​ជាន់ក ទៅលើ​ជនរងគ្រោះ​ជា​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ ម៉ុ​ស ស្តើង អាយុ​៣៤​ឆ្នាំ បណ្ដាល​ឱ្យស្លាប់។ ទាំង​២​អ្នករស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា។​

    ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគាត់​ពិតជា​បាន​ប្រើ​អំពើហិង្សា​វាយ​ប្រពន្ធ​បណ្ដាល​ឱ្យស្លាប់​ពិតប្រាកដ​មែន ហើយ​រូបគេ​តែងតែ​ប្រើ​អំពើ​ហឹ​ង្សា​វាយ​ប្រពន្ធ​ជា​ញឹកញាប់​នៅពេលដែល​រូបគាត់​ស្រវឹងស្រា។​

    ដោយឡែក​នៅ​យប់កើតហេតុ ខ្លួន​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​សុំ​លុយ​ប្រពន្ធ​២​ពាន់​រៀល​ទិញ​ស្រាស​ផឹក​បន្ត ​និង​ច្រៀង​ខារ៉ាអូខេ ពេលនោះ​ប្រពន្ធ​ឆ្លើយថា​គ្មាន​លុយ​ទេ។ បន្ទាប់មក​ប្តី​កំណាច​រូបនេះ ក៏ស្ទុះ​ទៅ​វាយ ជាន់ក​ប្រពន្ធ​ទៅ​នឹង​ដី​បណ្ដាល​ឱ្យស្លាប់​តែម្ដង។​

    ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ​និង​ពិនិត្យ​សាកសព​ជនរងគ្រោះ ឃើញ​មាន​ស្នាម​បែកក្បាល​ផ្នែក​ខាងស្តាំ​លើ​សៀតផ្កា បំពង់ក និង​លើ​ដើមទ្រូង មាន​ស្លាម​ជាំខ្មៅ រួច​ក៏ប្រគល់​សាកសព​ឱ្យ​ក្រុមគ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។​

    ដោយសារតែ​គ្រួសារ​នេះ​មាន​ជីវភាព​ទាល់​ក្រលំបាក លោក​អធិការ​ស្រុក​គិរីវង់ បាន​ជួយ​គ្រូ​សារ​សព​ដោយ​ឧបត្ថម ក្តា​មឈូស​១ អង្ករ​២​បាវ និង​មី​២​កេះ​។​

    ករណីនេះ លោក​អធិការ​ស្រុក​គិរីវង់ និង​ប្រជាពលរដ្ឋ បាន​សំណូមពរ​ទៅដល់​សប្បុរសជន​មេត្តាជួយ​ដល់​ក្រុមគ្រួសារ​នេះ​ផង ព្រោះ​សព្វថ្ងៃ​មាន​ជីវភាព​ក្រីក្រ​ខ្លាំងណាស់ ពេលនេះ​ម្ដាយ​បាន​ស្លាប់ ឳ​ពុក​ត្រូវ​ជាប់គុក បន្សល់ទុក​កូនប្រុស​ស្រី​៤​នាក់​គ្មានអ្វី​ជាទី​ពឹង​នោះទេ៕

adverise with khmeread

មតិយោបល់