adverise with khmeread 1

រថយន្តហាយឡែនឌ័របើកលឿនកៀរម៉ូតូ២គ្រឿង ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ (វីដេអូខាងក្នុងអត្ថបទ)

   ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ និង​ម្នាក់ទៀត​របួស ខណ​:​ដែល​ពួកគេ​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង​ក្បែរ​គ្នា ហើយ​ត្រូវ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន​កៀរ​ម៉ូតូ​ទាំង​២​គ្រឿង និង​អូស​ប្រមាណ​ជិត​២០​ម៉ែត្រ រួច​រថយន្ត​បាន​បន្ថែម​ល្បឿន​គេចខ្លួនបាត់ ។​
    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹងមានជ័យ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សុខ ថា​ន អាយុ​២៥​ឆ្នាំ មុខរបរ​ជា​កម្មករ​លីសែង ស្នាក់នៅ​ផ្ទះជួល​ក្បែរ​វត្ត​អង្គ​តា​ម៉ិ​ញ ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ក្នុងភូមិ​ក្រោល ឃុំ​គោកចក ស្រុក​កំពង់ត្របែក ខេត្តស្វាយរៀង ។​
    តាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​យុវជន ២​នាក់ ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង បើក​ស្រប​ទិស​គ្នា​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត​ពី​លិចទៅ​កើត ។​
   ភ្លាមនោះ​ស្រាប់​តែមាន​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ព​ណ៍ស មិន​ចាំ​ស្លាក​លេខ បើក​មកពី​ក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​កៀរ​ម៉ូតូ​ទាំង​២​គ្រឿង បណ្តាលឱ្យ​ដួល​អូស​ប្រមាណ​ជិត​២០​ម៉ែត្រ បណ្តាលឱ្យ​យុវជន​ជា​ម្ចាស់​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-8668 ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ។​
    ចំណែក​ម្ចាស់​ម៉ូតូ​គុប​គ្រុង ពណ៌​ទឹក​ប៉ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1AN-3605 រងរបួស​ស្រាល ហើយ​បន្ទាប់ពី​បង្កហេតុ​រួច​អ្នកបើករថយន្ត​បាន​បន្ថែម​ល្បឿន​គេចខ្លួនបាត់​តែម្តង​។​
    ក្រោយមក​សមត្ថកិច្ច​បា​ន​នាំ​ជនរងគ្រោះ​ដែល​រងរបួស​ទៅ​សួរនាំ​នៅ​បុ​ស្តិ៍​ស្ទឹងមានជ័យ​។ រីឯ​យុវជន​ដែល​ស្លាប់​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី និង​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ​ដោះស្រាយ​នាពេល​ក្រោយ ៕​

 

adverise with khmeread

មតិយោបល់