E5113dac 0c87 45ce b83a ffa2e9cb6311

បើករថយន្ត​បុក បង្គោល​ការដ្ឋាន​ដាក់លូ​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​ស៊េរី​ទំនើប ខឹង​ដេញ​វាយ​បែក​កញ្ចក់​រថយន្ត​កូ​រ៉​ឡា​មួយគ្រឿង

    ភ្នំពេញ ៖ បង្គោល​ស្លាក​សញ្ញា ដែល​គេ​ដាក់​សម្គាល់​ការដ្ឋាន​ដាក់លូ​ចំនួន​២ ត្រូវ​រថយន្ត​កូរ៉ូឡា​មួ​​យ​គ្រឿង​បើក​ទៅបុក បណ្តាលឱ្យ​ខ្ទាត​ទៅ​ប៉ះ រថយន្ត​ស៊េ​រ​ទំនើប​ម៉ាក អេ​ស្កា​ឡេ​ត មួយគ្រឿង​ដែល​ចត​នៅមុខ​ផ្ទះ ហើយ​រថយន្ត​កូរ៉ូឡា បើក​រត់​មិន​ទទួលខុសត្រូវ ទើប​ម្ចាស់​រថយន្ត អេ​ស្កា​ឡេ​ត នាំ​គ្នីគ្នា​ដេញ​វាយ​គប់​ដុំ​ថ្ម​បែក​កញ្ចក់​រថយន្ត​កូរ៉ូឡា ខ្ទេច​គ្មាន​សល់។​

    ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​២០០៤ មុខ​ភោជនីយដ្ឋាន​ទីក្រុង​អង្គរ​ថ្មី ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត អេ​ស្កា​ឡេ​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2H 0678. ដែល​ម្ចាស់​ចត​នៅមុខ​ផ្ទះ​ជាប់​ច​ញ្ចើ​ម​ផ្លូវ។ បន្ទាប់មក​ស្រាប់​តែមាន​រថយន្ត​កូ​រ៉​ឡា​មួយគ្រឿង​ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​2E -2496 បើកបរ​ដោយ​បុរស​ម្នាក់​ និង​មាន​មិត្ត​ភ័​ក្ត​២​នាក់​ទៀត​រួម​ដំណើរ​ជាមួយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ក្នុងទិសដៅ​ពី​ក្បូ​ង​ទៅ​ជើង​។ 

    ខណៈ​មកដល់​ចំណុច​ ក៏បាន​បុក​បង្គោល​ដែល​សម្រាប់​ជា​សញ្ញា​ពេលធ្វើ​ផ្លូវ​ដាក់លូ ​បណ្តាលឱ្យ​ខ្ទាត​ប៉ះ​រថយន្ត​អេ​ស្កា​ឡេ​តរង​ការខូចខាត​បន្តិចបន្តួច​ហើយ​ព្យាយាម​បើក​រត់​បាន​ប្រហែល​៨០​ម៉ែត្រ​ទើប​ក្រុម​កូ​ន​ចៅ​រថយន្ត​អេ​ស្កា​ឡេ​ត មួយក្រុម​ដេញ​វាយ​បណ្តាលឱ្យ​ខ្ទេច​កញ្ចក់​ និង​មិត្តភក្តិ​ខាង​រថយន្ត​កូរ៉ូឡា​ម្នាក់​រងរបួស​បែកក្បាល​ហើយ​ក្រុម​បង្ក​គេចខ្លួនបាត់​។ 

    ប្រជាពលរដ្ឋ​នៅ​ជុំវិញ​កន្លែងកើតហេតុ បានឱ្យដឹងថា ម្ចាស់​រថយន្ត អេ​ស្កា​ឡេ​ត ជា​ម្ចាស់​ភោជនីយដ្ឋាន សែន​រីករាយ ហើយ​ក្រុម​ដែល​វាយកំទេច​រថយន្ត​កូ​រ៉​ឡា សុទ្ធសឹង​ជា​បុគ្គលិក​នៅក្នុង​ហាង​សែន​រីករាយ​ទាំងអស់​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​ និង​យក​រថយន្ត​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

មតិយោបល់