ភ្នំពេញ ៖ ពួកចោរលួចយកម៉ូតូ៣នាក់ត្រូវបានប៉ូលិសខណ្ឌទួលគោកនិងមានជ័យឃាត់ខ្លួនជាបន្តបន្ទាប់នាថ្ងៃទី៣០មិថុនា បន្ទាប់ពីបានធ្វើសកម្មភាពលួចកាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦ វេលាម៉ោង២៣ និង៣០នាទី យប់នៅចំណុចក្នុងផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុមទី០៧ ភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០៣នាក់ ទី១-ឈ្មោះ ធី បញ្ញា ហៅណេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនប្រាកដ (ឃាត់ខ្លួន), ទី២-ឈ្មោះ សម្បត្តិ ហេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនប្រាកដ (ឃាត់ខ្លួន) និងទី៣-ឈ្មោះ ម៉ិច កុសល ហៅសល់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់ (ឃាត់ខ្លួន)។
ចំណែកជនរងគ្រោះឈ្មោះ ស៊ុន រដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរជាងជួសជុលរថយន្ត។
បូលិសបន្តថា កាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦ វេលាម៉ោង២៣ និង៣០នាទី យប់នៅចំណុចក្នុងផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុមទី០៧ ភូមិ ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជនរងគ្រោះឈ្មោះ ស៊ុន រដ្ឋ បានជិះម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៌ស គ្មានស្លាកលេខ មកចាក់សោកចត ទុកមុខផ្ទះជួលជាន់ក្រោម រួចឡើងទៅសម្រាកនៅបន្ទប់ជាន់លើរបស់មិត្តស្រីឈ្មោះ ម៉េង ណារី។
ពេលនោះជនសង្ស័យ២នាក់ឈ្មោះ ធី បញ្ញា ហៅណេង និង ឈ្មោះ សម្បត្តិ ហេង ប្រដាប់ដោយកន្ត្រៃ០១ មកធ្វើសកម្មភាព ឆ្កឹះកាច់សោកម៉ូតូរបស់ជនរងគ្រោះ (ដោយជនសង្ស័យឈ្មោះ សម្បត្តិ ហេង ជាអ្នកមើលផ្លូវ។ ចំណែកជនសង្ស័យឈ្មោះ ធី បញ្ញា ជាអ្នកចូលលួច) ពេលលួចម៉ូតូបានហើយជនសង្ស័យទាំង០២នាក់បានជិះយកទៅរកបញ្ចាំនៅឃ្លាំងរំសេវ ដោយបោះកន្ត្រៃចោលនៅតាមផ្លូវ។
តែពេលមកដល់ចំណុចផ្លូវបេតុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ជួបកម្លាំងអធិការដ្ឋានប៉ូលិសខណ្ឌទួលគោកឃាត់ត្រួតពិនិត្យ ដោយម៉ូតូជនសង្ស័យជិះដោយគ្មានកូនសោជាប់កុងតាក់។ ខណៈនោះជនសង្ស័យឈ្មោះ ធី បញ្ញា បានទូរស័ព្ទហៅបក្សពួកម្នាក់ទៀតឈ្មោះ ម៉ិច កុសល ហៅ សល់ ឱ្យយកកូនសោម៉ូតូ០១មកដើម្បីបន្លំ តែត្រូវកម្លាំងប៉ូលិសខណ្ឌទួលគោកនាំខ្លួនជនសង្ស័យទាំង០៣នាក់យកទៅសាកសួរ។
រហូតដល់វេលាម៉ោង០៨ និង១០នាទីថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៦ ទើបជនសង្ស័យឈ្មោះ ធី បញ្ញា និង ឈ្មោះ សម្បត្តិ ហេង ព្រមឆ្លើយសារភាពថា ម៉ូតូម៉ាកស្គូបពី ពណ៌ស ដែលជិះនេះគឺពួកគេបានលួចយករបស់គេ នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ទើបកម្លាំងប៉ូលិសខណ្ឌទួលគោក បានប្រគល់ជនសង្ស័យទាំង០៣នាក់ និង វត្ថុតាងម៉ូតូម៉ាក០១គ្រឿងម៉ាកស្គូបពី ពណ៌ស មកប្រគល់ឱ្យប៉ុស្តិ៍ស្ទឹងមានជ័យដើម្បីចាត់បន្ត។
លុះមកដល់ វេលាម៉ោង០៩ និង៤០នាទី ជនរងគ្រោះឈ្មោះ ស៊ុន រដ្ឋ បានមកស្នាក់ការប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្តឹងពីម៉ូតូដែលបាត់ ស្រាប់តែឃើញម៉ូតូដែលបាត់នោះ ក៏បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចយើងចាត់ការតាមច្បាប់តែម្តង។
នៅពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ឈ្មោះ ធី បញ្ញា, ឈ្មោះសម្បត្តិ ហេង, ឈ្មោះ ម៉ិច កុសល បានចាប់យកវត្ថុតាង៖ ម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៌ស លេខតួ + លេខម៉ាស៊ីន ៥៣១២៨១៩ គ្មានស្លាកលេខ (ជារបស់ជនរងគ្រោះ) និងកូនសោរម៉ូតូ០១, ទូរស័ព្ទដៃចាស់០១គ្រឿង(ជាមធ្យោបាយជនសង្ស័យធ្វើសកម្មភាព)៕
