adverise with khmeread 0405408e 4985 40a0 b768 ee268291787a

ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​ម្នាក់ របួស​៣​នាក់​នៅ​ស្វាយប៉ាក​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាក់ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ និង​បីនាក់​ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ងរ ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារតែ​ពួកគេ​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ហើយ​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​៣០​នាទី​យប់​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងមុខ​ច្រកចូល​ផ្ទះសំណាក់ មាន​លាភ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់ ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ បូរ៉ា ភេទ​ប្រុស អាយុ​២៦ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ គ្រួស សង្កាត់​ព្រែ​ភ្នៅ ខណ្ឌ​ព្រែក​ព្នៅ​ និង​ម្នាក់ទៀត​ឈ្មោះ ឆន សុភា អាយុ​២៦​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ជាមួយគ្នា​។ ចំណែក​ពីរ​នាក់​ទៀត​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅទេ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​ម៉ាក សង់​កូរ៉េ ពណ៌ប្រផេះ​លាយ​លឿង ពាក់​ស្លាក​លេខ ញ​-0586 ភព​1 ជិះ​គ្នា​ពីរ​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    ពេលមកដល់​ចំណុចកើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ TAURUS ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​គ្នា​ពីរ​នាក់​ដូចគ្នា ធ្វើដំណើរ​ប​ញ្ញ្រា​សទិស​គ្នា​ក៏​ជ្រុល​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាលឱ្យ​បុរស​ម្នាក់​ដែលជា​អ្នកបើក​ម៉ូតូ​សង់​កូរ៉េ បាក់ក​ស្លាប់​ភ្លាមៗ ចំណែក​បីនាក់​ទៀត​រងរបួស​ធ្ងន់​។​

    ក្រោយពី​កើតហេតុ​អ្នករងរបួស​ត្រូវបាន​រថយន្ដ​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ រីឯ​សព​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​កម្លាំង​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់