adverise with khmeread Feature image

ជីវប្រវត្តិសង្ខេបរបស់តារាស្រីតៃវ៉ាន់ លីន ឈីងសៀ

          តារាស្រីតៃវ៉ាន់​ ប៊្រីកហ្គីត លីន (Brigite Lin) ឬហៅថា លីន ឈីងសៀ (Lin Ching-hsia) កើតនៅ​ថ្ងៃទី០៣​ខែវិច្ឆិកា​ឆ្នាំ​១៩៥៤នៅក្រុងតៃប៉ិ ។

          លីន គឺជា​តារាស្រីដ៏ល្បីឈ្មោះនិង​ត្រូវបាន​ចាត់ទុក​ជា​និមិត្តរូប​នៃ​វិស័យ​ភាព​​យន្ត​​ចិន ហើយតារាស្រីរូបនេះសម្តែង​ទាំង​ក្នុងវិស័យភាព​យន្តតៃវ៉ាន់និង​ហុង​កុង។ លីន ចូលនិវត្តកាលពីឆ្នាំ​១៩៩៤ ប៉ុន្តែ លីន បាន​ឆ្លៀតសម្តែង​ជា​តួអង្គធម្ម​តា​​ក្នុងរឿង “Bishonen” កាលពីឆ្នាំ​១៩៩៨។

          លីន ត្រូវបានណែនាំ​ឲ្យ​ស្គាល់​ផលិតករ​ភាព​យន្ត​នៅ​ឆ្នាំ​១៩៧២​ និងបាន​សម្តែងក្នុងភាព​យន្ត​ស្នេហាតៃវ៉ាន់ជា​ច្រើន​រឿង ដែល​ផ្អែកលើ​រឿងប្រលោម​លោក​​​របស់​អ្នកនិពន្ធ Chiung Yao។

          លីន សម្តែង​ដំបូងក្នុងរឿង “Chuangwai” ។ ក្រោយមក តារាស្រីរូបនេះ​បាន​​ប្តូរ​ទៅ​ផលិតភាព​យន្តនៅ​ក្រុងហុងកុង។ ខណៈ​ពេលកេរ្តិ៍ឈ្មោះ​របស់ លីន ឡើងខ្លាំង លីន គឺជា​តារាស្រីម្នាក់ដែលគេចង់បានបំផុត​នៅក្នុងឧស្សាហកម្ម​ភាព​យន្តចិន។ លីន បាន​សម្តែង​បាន​ជា​ង​១០០រឿងនៅក្នុងអាជីព​របស់​ខ្លួន។

          លីន មាន​ទំនាក់ទំនងល្អជាមួយនឹងលោក ស៊ុយ ហាក់ (Tsui Hark) ហើយ​លីន បាន​សម្តែង​ក្នុងភាព​យន្ត​ជា​ច្រើន​ដែល​លោកដឹកនាំដូចជា​រឿង “Peking Opera Blues” និងរឿង “Swordsman II”។ នៅក្នុងអាជីព​សម្តែង លីន ឈីងសៀ ធ្លាប់ទទួល​បាន​ពាន​តារាស្រីឆ្នើម​នៅ​មហោស្រពភាព​យន្ត Asia-Pacific Film Festival សម្រាប់​ការសម្តែង​ក្នុង​រឿង“Eight Hundred Heroes”កាលពីឆ្នាំ​១៩៧៦​និងពាន​តារាស្រីឆ្នើម​នៅ​កម្មវិធីប្រគល់ពាន​ Golden Horse Award ​សម្រាប់​ការ​សម្តែង​ក្នុងរឿង “Red Dust” ក្នុងឆ្នាំ​១៩៩០។  

            លីន បាន​រៀបការជាមួយនឹងអ្នកជំនួញឈ្មោះ ម៉ៃឃើល យិង (Michael Ying) កាលពីឆ្នាំ​១៩៩៤ ហើយ​បានចាកចេញពីឧស្សាហ​កម្មភាព​យន្ត​តាំងពី​ពេល​នោះ។ លីន មានកូនពីរនាក់​ កើតនៅ​ឆ្នាំ​១៩៩៧និង​២០០១។ ចាប់តាំងពី​រៀប​ការ​មក លីន បាន​បាត់​មុខរហូត​ទើបតែ​បង្ហាញមុខជា​សាធារណៈ​លើក​ដំបូង​ក្នុង​កម្មវិធីចាក់បញ្ចាំងរឿង “Ashes of Time Redux” កាលពីឆ្នាំ​២០០៨​ក្នុង​មហោ​ស្រពភាព​យន្ត​ New York Film ៕

adverise with khmeread

មតិយោបល់