តើរឿងភាគកំប្លែងបែបវិទ្យាសាស្ត្រ The Big Bang Theory ដែលល្បីប្រចាំលោកខាងលិចនិងទ្វីបអាស៊ីអាចនឹងបញ្ចប់ក្នុងរដូវកាលទី ១០ របស់ខ្លួនមែនទេ? ខណៈកុងត្រារបស់តួឯកនៅក្នុងរឿងភាគនេះជិតផុតកំណត់ ការនិយាយពីមាត់មួយទៅមាត់មួយអំពីវគ្គចុងក្រោយរបស់រឿងកំប្លែងនេះឬក៏រឿងដែលអាចទៅរួចណាមួយក្នុងការបន្តវគ្គជាមួយការតម្លើងប្រាក់ឈ្នួលដល់តួនីមួយៗបានចាប់ផ្តើមកក្រើក។
តាមការរាយការណ៍របស់ Deadline បានឱ្យដឹងថា រឿងភាគកំប្លែងទូរទស្សន៍ដែលបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកនេះគឺ The Big Bang Theory និង Modern Family កំពុងស្ថិតក្នុងការចរចាសម្រាប់វគ្គចុងក្រោយឬក៏បន្តរដូវកាលរបស់ខ្លួន ដែលទាំងអស់នេះគឺស្ថិតនៅលើការចរចាកុងត្រាទាំងស្រុង។
ជាមួយកុងត្រារបស់តួនីមួយៗនឹងផុតកំណត់នៅរដូវកាលក្រោយ (វគ្គ ១០) តួទាំងនេះត្រូវបានរាយការណ៍ថា នឹងទទួលបានការតម្លើងប្រាក់ឈ្នួលដ៏ច្រើន។
នៅក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះជាមួយលោក Kunal Nayyar ដែលដើរតួក្នុង The Big Bang Theory ជា Raj បានបង្ហើបឱ្យដឹងពីភាពមិនច្បាស់លាស់បន្ទាប់ពីវគ្គ ១០។
គាត់បាននិយាយថា "ដើម្បីក្លាយជាកម្មវិធីកម្សាន្តដែលឈរជើងយូរជាងគេនៅអាមេរិកជាមួយរឿងកំប្លែងដែលទទួលបានជោគជ័យបែបនេះ យើងទាំងអស់គ្នាពិតជាសំណាងណាស់ដែលបានក្លាយជាផ្នែកនៅក្នុងរឿងនេះហើយយើងពិតជាស្រឡាញ់វា។ ខ្ញុំមិនប្រាកដថានឹងមានរឿងកំប្លែងដូចមួយនេះ (The Big Bang Theory) ទៀតទេ ព្រោះឧស្សាហកម្មភាពយន្តកំពុងផ្លាស់ប្តូរ។ ដូច្នេះ ដើម្បីក្លាយជាផ្នែកអ្វីមួយដូច The Big Bang Theory យើងទាំងអស់គ្នាដឹងថា វាពិតជាពិសេសណាស់"។
នៅពេលត្រូវបានសួរថាតើវាអាចជារដូវកាលចុងក្រោយឬយ៉ាងណា Nayyar បានប្រាប់ថា "និយាយដោយស្មោះ ខ្ញុំពិតជាមិនដឹងមែន! វាអាចជាវគ្គចុងក្រោយឬក៏សង្ឃឹមថានឹងមិនអាចទៅចុះ។ ការសម្រេចចិត្តមិនស្ថិតនៅលើពួកយើងនោះទេ ដូច្នេះយើងនឹងឃើញនូវអ្វីដែលនឹងកើតឡើង"៕
