adverise with khmeread 1

CEO វ័យក្មេង​សិង្ហ​បុរី ដែល​រៀន​ចប់​បរិញ្ញាបត្រ​ប្រវត្តិសាស្ត្រ បានប្រែក្លាយ​ជំនួញ​ផលិត​ស្បែកជើង​របស់​ឳ​ពុក​ទៅជា​ម៉ាក​ល្បី​លើ​ពិភពលោក​

    ​ពេល​គិតដល់​ម៉ូត​ស្បែកជើង​អាស៊ី គេ​គិតដល់​បុរស​ម៉ាឡេស៊ី លោក Jimmy Choo ដែល​ប្រែក្លាយ​ស្បែកជើង​ម៉ាក​មិនដែល​ស្គាល់​ទៅជា​ម៉ាក​ល្បី​លើ​ពិភពលោក​។

​    ​ប៉ុន្តែ​នារី​សិង្ហ​បុរី​វ័យក្មេង Elizabeth Tan ដំបូង​រាង​ស្ទាក់ស្ទើរ​មិន​ចង់​ចូលរួម​ក្នុង​មុខ​ជំនួញ​ស្បែកជើង​របស់​ឪពុក​នាង​ទេ ព្រោះ​នាង​មើលឃើញ​ឪពុក​ជួប​ការ​លំបាកលំបិន​ក្នុងការ​រក្សា​ការរកស៊ី​ឱ្យ​ឡើង​នៅ​ដើម​សតវត្សរ៍​ទី ២១ នៅពេល​អាស៊ី​រង​នូវ​វិបត្តិ​ហិរញ្ញវត្ថុ និង​បន្ទាប់មកទៀត​រង​ការវាយប្រហារ​ដោយ​ជំងឺ SARS​។

​      នាង Tan បាន​ប្រាប់​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNBC ថា "​ខ្ញុំ​ឃើញ​ការរកស៊ី​ឡើង​ចុះៗ​។ ខ្ញុំ​ចង់​ធ្វើ​អ្វី​ផ្សេង​"​។

​    ​ហិរញ្ញវត្ថុ​តានតឹង​បានធ្វើឱ្យ​ការចង់​បន្ត​រៀន​នៅក្រៅ​ប្រទេស​របស់​នាង​ត្រូវ​ផ្អាក​សិន​។ ជំនួស​មកវិញ Tan បាន​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី ដោយ​ធ្វើ​ការងារ​ក្រៅ​ម៉ោង​រួមមាន​ដូចជា​លក់​គម្រោង​បណ្ណ​ឥណទាន លក់​គម្រោង​ទូរស័ព្ទដៃ និង រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បី​រ៉ាប់រង​ចំណាយ​រៀនសូត្រ​សាកលវិទ្យាល័យ​រយៈពេល ៤ ឆ្នាំ​របស់​នាង​។

​    ​ទោះយ៉ាងណា នៅ​ចុងបញ្ចប់ ទំនាក់ទំនង​គ្រួ​សារបាន​ទាក់ទាញ​នាង​ចេញពី​អាជីព​អ្នកប្រវត្តិសាស្ត្រ ដែល​នាង​ប៉ងប្រាថ្នា​។ Tan ដែល​ធំ​ដឹងក្តី​នៅ​ជុំវិញ​ស្បែកជើង បាន​និយាយថា ទីបំផុត​នាង​មើលឃើញ​សក្តានុពល​ក្នុង​ជំនួញ​គ្រួសារ​នាង ហើយក៏​សម្រេចចិត្ត​សាកល្បង​ប្រថុយ​រកស៊ី​ផ្នែក​ស្បែកជើង​នេះ ដោយ​គ្មានអ្វី​អាង​ក្រៅតែពី​គំនិត​របស់​នាង​នោះឡើយ​។

​    ​Tan បាន​និយាយថា "​គ្រួសារ​ជា​អ្វីមួយ​ដែល​អាច​ហៅ​អ្នក​ត្រឡប់​ទៅវិញ​គ្រប់ពេល​"​។​

​    ​Tan សព្វថ្ងៃ​គឺជា​នាយក​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន Heatwave Shoes ជា​មុខ​ជំនួញ​ស្បែកជើង​សម្រាប់​ស្ត្រី ដែល​បង្កើតឡើង​ដោយ​ឪពុក​ឈ្មោះ Tan Guan Huat ក្នុង​ឆ្នាំ ២០០១​។

​    ​នាង​ចូលរួម​ក្រុមហ៊ុន​នេះ​ក្នុងនាម​ជា​អ្នកសម្របសម្រួល​ធុរកិច្ច​ក្នុង​ឆ្នាំ ២០០៨ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ផង នាង​ក៏បាន​ផ្តោត​ចក្ខុវិស័យ​លើ​ម៉ាក​សញ្ញា​ល្បី​លើ​សកលលោក បន្ទាប់ពី​មើលឃើញ​ក្រុមហ៊ុន Heatwave មាន​អតិថិជន​គាំទ្រ​ខ្លាំង​ជាពិសេស​ក្នុងចំណោម​នារី​ស៊ី​វិ​ល័យ​សិង្ហ​បុរី​។

​    ​នាង Tan បាន​និយាយថា "​ខ្ញុំ​គិតថា​ការធ្វើឱ្យ​ក្លាយជា​ម៉ាក​សញ្ញា​ល្បី​គឺជា​រឿង​មួយ​ថ្មី​ចំពោះ​ឪពុក​របស់ខ្ញុំ ព្រោះ​គាត់​ជា​មនុស្ស​មកពី​ជំនាន់​មួយ ដែល​គិតតែ​អំពី​ផលិតផល និង​តម្លៃ​ប៉ុណ្ណោះ​។ នៅពេល​ខ្ញុំ​ឡើងកាន់តំណែង​នាយក​ប្រតិបត្តិ​ទើប​ខ្ញុំ​អាច​នាំមក​នូវ​តម្លៃពិត​របស់​ម៉ាក​ល្បី​មក​ក្រុមហ៊ុន តាមរយៈ​ការសង្កេត​ដឹង​នូវ​អ្វីដែល​មនុស្ស​ជំនាន់​យើង​ចង់បាន និង​ប្រភេទ​បទពិសោធន៍​ដើរ​ទិញ​អីវ៉ាន់​អ្វីខ្លះ​ដែល​ពួកគេ​ចង់បាន​"​។

​    ​ឪពុក​របស់​នាង​គឺជា​អ្នក​ឌី​ហ្សា​ញ​ម៉ូត​ស្បែកជើង​រៀន​ចេះ​ដោយ​ខ្លួនឯង ដោយ​ប្រើពេល​ជិត ២ ទសវត្សរ៍​ដើម្បី​ឌី​ហ្សា​ញ​ម៉ូត និង​ផលិត​ស្បែកជើង​សម្រាប់​ក្រុមហ៊ុន​ក្នុងស្រុក​ដូចជា Tangs Studios ជាដើម​។ ឥឡូវ បន្ទាប់ពី​មាន​សាខា​ក្រុមហ៊ុន​ជាច្រើន​ក្រោម​ការដឹកនាំ​របស់​កូនស្រី​របស់គាត់ គាត់​បាន​បណ្តុះបណ្តាល​ម​នុស្ស​ក្នុង​ក្រុមហ៊ុន​អំពី​ផលិតផល​ជំនាន់​ថ្មី និង​បុគ្គលិក​ផ្នែក​ឌី​ហ្សា​ញ​ម៉ូត​។

​    ​ក្រុមហ៊ុន​គាត់​សព្វថ្ងៃ​មាន​សាខា​លក់ ៥៦ កន្លែង​ក្នុង​សិង្ហ​បុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា វៀតណាម ហ្វីលីពីន កម្ពុជា និង​ទីផ្សារ​ឆ្ងាយៗ​ផ្សេងទៀត​ដូចជា ឌុយ​បៃ និង​កាតា​។ ហើយ​នៅ​ថ្ងៃទី ២៥ កក្កដា​ខាងមុខនេះ ក្រុមហ៊ុន​នឹង​បើក​សាខា​ក្នុងប្រទេស​ឥណ្ឌា គឺ​ក្នុង​ទីក្រុង​ដេលី និង​មុំ​បៃ​៕ 

 

adverise with khmeread
ប្រភព៖ Asiaone

មតិយោបល់