9f335158 1535 4c85 85f4 2a11159055ab

ម៉ូតូ SL បុកគ្នាជាមួយរថយន្ដឡិចស៊ីស LX470 របួសធ្ងន់២នាក់

    ភ្នំពេញ ៖ បុរសពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែជិះម៉ូតូទៅបុកជាមួយ និងរថយន្តដែលបើកបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹង។  

    គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ២២ និង១៥នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានបានឱ្យដឹងថា ដំបូងគឺមានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AM.6003 បើកបរដោយឈ្មោះ ប៊ុន​ សារី ភេទប្រុស អាយុ ៣៣ឆ្នាំ និងអ្នករួមដំណើរឈ្មោះ កាល់​ សុគី ភេទប្រុស អាយុ២៩ឆ្នាំ ឌុបគ្នាតាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿន ។ 

    ខណៈមកដល់ចំណុចកើតហេតុ ក៏បុកជាមួយរថយន្តឡិចស៊ីស LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2K.2375 ដែលបើកក្នុងទិសដៅបញ្ច្រាស់គ្នាក្នុងល្បឿនលឿនដូចគ្នា នៅចំពាក់កណ្ដាលផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរទាំងពីរនាក់ រីឯខាងភាគីរថយន្តមិនមានអ្នករងរបួសនោះទេ ហើយបានចុះពីលើរថយន្តរត់គេចខ្លួន។ 

    ក្រោយកើតហេតុ រថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទាំងពីរនាក់យកទៅមន្ទីរពេទ្យភ្លាមៗ។ រីឯម៉ូតូ និងរថយន្តរងការខូចខាតដូចគ្នាហើយត្រូវបានសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់