adverise with khmeread 8cb7662b ced0 4301 ae16 11c66f1b3496

លួច​ម៉ូតូ​ពី​តាខ្មៅ តាម​ចាប់​ដល់​តាកែវ រកឃើញ​នៅ​កោះធំ​

    កណ្តាល ៖ រឿង​កម្រ​មួយ​គឺ​ករណី​បាត់​ម៉ូតូ​នៅ​ក្រុង​តាខ្មៅ ម្ចាស់​ដាក់ពាក្យ​បណ្តឹង​បាន​មួយថ្ងៃ​ស្រាប់តែ​ធ្លាយ​ភិនភាគ​ម៉ូតូ​ដែល​បាន​បាត់​នោះ​ឃើញ​នៅក្នុង​ខេត្តតាកែវ ធ្វើឱ្យ​សមត្ថកិច្ច​ក្រុង​តាខ្មៅ​សហការ តាម​ប្រកៀក​ប្រកិត រហូត​ចោរ​អស់លក្ខណ៍​ជិះ​ម៉ូតូ​ប្លុង​ចោល​ក្នុងព្រៃ​មួយកន្លែង​នៅក្នុង​ស្រុក​កោះធំ​..​នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ ២០១៦​។​

    ប៉ូលិស​និយាយថា អំពើ​លួច​ម៉ូតូ​បានកើត​ឡើង​នា​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ វេលា​ម៉ោង​១១​ និង​៥៥​នាទី​យប់​នៅ​ចំណុច​ភូមិ​ព្រែ​ករាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ អួន ឆោម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចក ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្តកំពត​។​ សម្ភារៈ​យកបាន​វិញ​ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦​លេខ​តួ ​ND125M 9453202​ លេខ​ម៉ាស៊ីន​ND125ME 9453202។​

    ប៉ូលិស​បន្ត​ទៀ​ថា យប់​មុនពេល​កើតហេតុ​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​២០ ​និង​៣០​នាទី ជនរងគ្រោះ​ខាងលើ បាន​ទុក​ម៉ូតូ​នៅ​កន្លែង​ស្នាក់នៅ​របស់ខ្លួន​ភូមិ​ព្រែ​ករាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ហើយ​ចូលដេក​បាត់ទៅ​។​

    លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​និង​៤០​នាទី ជនរងគ្រោះ​បាន​ក្រោកពីដំណេក ចុះមក​មើល​ម៉ូតូ ស្រាប់តែ​បាត់​ម៉ូតូ ពី​កន្លែង​ដែល​ខ្លួន​បាន​ទុក​កាលពី​យប់មិញ​។​

    បន្ទាប់មក ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​សំណាញ់​ឱ្យជួយ​ស្វែងរក​ម៉ូតូ​។ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ហើយ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​កំពង់​សំណាញ់​បាន​ស្រាវជ្រាវ រហូត​ទទួលដំណឹង​ពី​ខេត្តតាកែវ​ថា មាន​ជនសង្ស័យ​យក​ម៉ូតូ​ទៅ​លក់​ដូចជា​ម៉ូតូ​របស់​ជនរងគ្រោះ​។​

    ភ្លាមនោះ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​កំពង់​សំណាញ់ តាមរក​មុខសញ្ញា​សង្ស័យ​យ៉ាង​ប្រផិត​ប្រ​ផី​ង​ដល់​ខេត្តតាកែវ​។ ពេលនោះ​ជនសង្ស័យ​បានដឹងខ្លួន​ថា  ប៉ូលិស​ប៉ុស្តិ៍​កំពង់​សំណាញ់​កំពុង​តាម​ខ្លួន ជនសង្ស័យ​ក៏ជិះ​ម៉ូតូ​រត់គេចខ្លួន​មក​ស្រុក​កោះ​ធំ​តែម្តង​។​

    ដោយមាន​ការរាយការណ៍ មកកាន់​សមត្ថកិច្ច​ស្រុក​កោះធំ ថា​ជនសង្ស័យ​ជិះ​ម៉ូតូ​ឆ្លង​ទូកដរ កាត់​តាម​បឹង​មកកាន់​ស្រុក​កោះធំ​។ ភ្លាមនោះ កម្លាំង​ជំនាញ​ស្រុក​កោះធំ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ចុះទៅ​ធ្វើការ​ពួនស្ទាក់​មុខសញ្ញា​សង្ស័យ តែ​ត្រូវ​ជនសង្ស័យ​ឃើញ​សមត្ថកិច្ច​ភ្លាម បាន​ផ្តួល​ម៉ូតូ​ចោល រត់គេចខ្លួន​ចូល​ព្រៃ​ជ្រៅ​បាត់​។​

    បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​ត្រូវបាន សមត្ថកិច្ច​កំណត់​បាន និង​ស្រាវជ្រាវ​រក​តាម​ចាប់ខ្លួន​៕

adverise with khmeread

មតិយោបល់