adverise with khmeread Saudi blast data

ពួក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បើក​វាយប្រហារ​កក្រើក​អា​រ៉ា​ប៊ី​សា​អូឌីត​

    ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ មនុស្ស​យ៉ាងតិច ៧ នាក់​រួមទាំង​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត បាន​ស្លាប់​ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បន្ទាប់ពី​ការវាយប្រហារ​នៅ​កន្លែង​ផ្សេងៗ​គ្នា​ក្នុង​តំបន់ នៅ​មុនពេល​បញ្ចប់​បុណ្យ​រ៉ា​ម៉ា​ដាន ជា​ខែ​ដ៏​ពិសិដ្ឋ​របស់​មូស្លីម​។
 
​    ​មិនទាន់មាន​ការទទួល​ខុសត្រូវ​ចំពោះ​ការវាយប្រហារ​ចំនួន​បី​កន្លែង​នេះ​នៅឡើយ​ទេ ក្នុងនោះ​មាន​មួយកន្លែង​គឺ​វាយប្រហារ​នៅ​វិហារ​អ៊ីស្លាម​របស់​ព្យា​ការី (Prophet's Mosque) ក្នុង​ទីក្រុង​មេ​ឌី​ណា (Medina) ដោយ​បណ្តាលឱ្យ​កងកម្លាំង​សន្តិសុខ​ស្លាប់ ៤ នាក់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​។ 

​    ​តាំងពី​ចុងឆ្នាំ ២០១៤ មក អា​រ៉ា​ប៊ី​សា​អូឌីត​បាន​រង​ការ​បំផ្ទុះ​គ្រាប់បែក និង​បាញ់បោះ​ជាច្រើនលើក ដែល​អះអាង​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម (IS) ប៉ុន្តែ​ការវាយប្រហារ​ច្រើន​កន្លែង​ក្នុង​ថ្ងៃ​តែមួយ​គឺជា​រឿង​មិនធម្មតា​ទេ​។ 

​    ​វិហារ​អ៊ីស្លាម​របស់​ព្យា​ការី​ស្ថិតនៅ​ភាគ​ខាងលិច​ព្រះរាជាណាចក្រ​មួយ​នេះ​គឺជា​ទីតាំង​ស័ក្តិ​សិទ្ធ​បំផុត​មួយ​របស់​អ៊ីស្លាម ជាទី​ដែល​ព្យា​ការី​មហា​ម៉េ​ត​ត្រូវបាន​បញ្ចុះ និង ជា​កន្លែង​ទាក់ទាញ​អ្នកទេសចរ​រាប់លាន​នាក់​ក្នុង​មួយឆ្នាំៗ​។ 

​    ​ក្រសួងមហាផ្ទៃ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​កងកម្លាំង​សន្តិសុខ​សង្ស័យ​បុរស​ម្នាក់​ដែល​ដើរ​សំដៅ​វិហារ Al-Masjid al-Nabawi  (​វិហារ​អ៊ីស្លាម​របស់​ព្យា​ការី​) ខណៈដែល​រូបគេ​បាន​ដើរកាត់​កន្លែង​ចត​ឡាន​របស់​អ្នកទេសចរ​"​។ 

​    ​សេចក្តីថ្លែងការណ៍​នេះ​បន្ថែមថា "​ខណៈ​ពួកគេ​ព្យាយាម​បញ្ឈប់​បុរស​នោះ ស្រាប់តែ​រូបគេ​បំផ្ទុះ​ខ្លួនឯង​ជាមួយនឹង​ខ្សែក្រវាត់​ផ្ទុក​រំសេវ​ផ្ទុះ​ដោយ​បណ្តាល​ឱ្យស្លាប់​ខ្លួនឯង និង​កម្លាំង​សន្តិសុខ ៤ នាក់​ទៀត ហើយ ៥ នាក់​ទៀត​រងរបួស​"​។​

​    ​ការផ្ទុះ​ពីរ​កន្លែង​ផ្សេងទៀត​កើតឡើង​នៅ​ទីក្រុង​ចេ​ត​ដា (Jeddah) នៅ​សមុទ្រ​ក្រហម​ក្បែរ​ស្ថាន​កុងស៊ុល​អាមេរិក និង ក្នុង​ទីក្រុង​កា​ទី​ហ្វ (Qatif) ដែល​សម្បូរ​អ្នក​កាន់សាសនា​អ៊ីស្លាម​និកាយ​ស៊ី​អ៊ី​ត នៅ​ផ្នែក​ផ្សេងទៀត​នៃ​ប្រទេស​នេះ​។ 

​    ​ក្រសួងមហាផ្ទៃ​និយាយថា សាកសព​មនុស្ស​ម្នាក់​ត្រូវបាន​រកឃើញ​នៅក្បែរ​កន្លែង​ចត​ឡាន និង​កម្លាំង​សន្តិសុខ ២ នាក់​រងរបួស​នៅ​ទីក្រុង​ចេ​ត​ដា ហើយ​តាម​អ្នកស្រុក​រស់នៅ​ក្បែរ​នេះ​បាន​អះអាងថា​សាកសព​នោះ​គឺជា​ជនជាតិ​ប៉ា​គី​ស្ថាន ដែលជា​អ្នក​ចុច​បំផ្ទុះ​ធ្វើអត្តឃាត​៕ 

ប្រភព៖ Channelnewsasia

adverise with khmeread

មតិយោបល់