កណ្តាល ៖ មានករណីប្រទះឃើញសាកសពនាថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៦ វេលាម៉ោង៣ និង៣០នាទី រសៀលនៅចំណុចវាលស្រែប្រាំងត្រង់ទំនប់យាយគំ ភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
ប៉ូលិសនិយាថា ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុបហែល៥០ឆ្នាំសំបុរសណ្តែកបាយ សក់ខ្លីស្កូវមានពុកសង្កាវែងស្កូវ កំពស់១,៥០ម៉ែត្រគ្មានអាវ ស្លៀកខោខ្លីត្រឹមជង្គង់ ពណ៌លឿងគ្មានខោទ្រនាប់ គ្មានស្បែកជើង បាតជើងក្រិន ពុំមានឃើញស្លាកស្នាមអ្វីគួរឱ្យកត់សម្គល់នៅដងខ្លួនសាកសពទេ សភាពសពហើមស្បែកជាំខ្មៅដោយសារកំដៅថ្ងៃ ការសន្និដ្ឋានសពស្លាប់ប្រហែល០២ថ្ងៃ។
ប៉ូលិសបន្តថា នៅថ្ងៃកើតហេតុខាងលើមានប្រជាពរដ្ឋដើរទៅឃ្វៀលគោ បានប្រទះឃើញសាកសពដេកស្លាប់នៅកណ្តាលវាលស្រែរួចហើយយក៏មកប្រាប់អ្នកភូមិ។
ក្រោយទទួលព័ត៌មាន កម្លាំងជំនាញបច្ចេកទេស បានចុះទៅដល់ចំណុចកើតហេតុដោយមានការចូលរួមពិនិត្យមានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញចូលរួមពិនិត្យលើខ្លួនសពឃើញថា ពុំមានស្លាកស្នាមអ្វីទេ ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន។
សូមបញ្ជាក់ថា តាមការសន្និដ្ឋានសាកសពនេះជាមនុស្សវិកលចរិកផង។ ក្រោយពីការពិនិត្យរួចជំនាញបានប្រគល់ទៅឲ្យអាជ្ញាធរភូមិ-ឃុំ ដើម្បីរកកន្លែងកប់ និងស្រាវជ្រាវដើម្បីរកក្រុមគ្រួសារសាច់ញាតិ៕
