ពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានឃាតករធ្វើសកម្មភាពបាញ់ប្រហារស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈពេលកំពុងមើលទូរទស្សន៍ជាមួយប្រពន្ធនៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកតាគង់ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប៉ូលិសមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឈឹម យិន អាយុ៣៤ឆ្នាំ កំពុងតែអង្គុយមើលទូរទស្សន៍ ជាមួយប្រពន្ធឈ្មោះ ប៊ុត សារុន អាយុ៣៦ឆ្នាំ នៅក្នុងផ្ទះបាយ ស្រាប់តែមានឃាតករម្នាក់ បានចូលមកបាញ់ជនរងគ្រោះទាំងកម្រោល បណ្ដោយឱ្យត្រូវរបួសចំភ្លៅខាងស្ដាំងមួយគ្រាប់ ក្រោមដោះស្ដាំមួយគ្រាប់ លើដោះស្ដាំមួយគ្រាប់ ស្លាបក្រចៀវឆ្វេងមួយគ្រាប់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកជនសង្ស័យបានគេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យ មកផ្ដន្ទាទោសតាមច្បាប់៕
