កណ្តាល ៖ មានករណីអំពើហិង្សាដោយចេតនាវាគ្នាទៅវិញទៅមកនៅរោងការរបួស២នាក់កើតឡើងនៅថ្ងែទី០៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៨ និង១៥នាទីយប់នៅចំណុច ភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ត្រូវប៉ូលិសឃាត់ខ្លួនម្នាក់។
ប៉ូលិសនិយាយថា ជនរងគ្រោះ១-ឈ្មោះ ម៉ុង សីហា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករ (មានស្នាមមុតលើក្បាលចំនួនមួយកន្លែង) និង២- ឈ្មោះ សៀង សំបូរ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងជួសជុលម៉ូតូ (មុតថ្ងាសក្បាល និងហើមលើបោះដៃផុតខាងស្តាំមួយកន្លែង) អ្នកទាំងពីរនាក់មានទីលំនៅភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ចំណែកជនល្មើសឈ្មោះ ទ្រួក ប៉ូច ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តដឹកសំរាមផ្សារស្អាង (ឃាត់ខ្លួន) មានទីលំនៅៗ ភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេតតកណ្តាល។
ប៉ូលិសបន្តថា នៅថ្ងែកើតហេតុខាងលើមានបក្សពួកខាងជនល្មើសក្នុងនោះមានឈ្មោះ អូន មិនា, ឈ្មោះ សេន ស៊ីម, ឈ្មោះដេត វាសនា, ឈ្មោះផន វណ្ណៈ និងឈ្មោះ នៅ សីហា កំពុងរាំតន្ត្រីអកកាដង់ក្នុងមង្គលការមិត្តភ័ក្រខាងកូនកម្លោះគឺឈ្មោះ យ៉ន សុភាន នៅភូមិកើតហេតុខាងលើ។
ពេលនោះមានបក្សពួកខាងកូនក្រមុំក្នុងនោះមានឈ្មោះ ម៉ុង សីហា, ឈ្មោះ សៀង សំបូរ, ឈ្មោះ ឃីម សុភាព និងឈ្មោះ ហ៊ សេងហ៊ង ក៏រាំក៏ប៉ះដៃគ្នា។ ពេលជាមួយគ្នានោះបក្សពួកខាងកូនក្រមុំដាល់ឈ្មោះ នៅ សីហា មួយដៃហើយផ្អើលឆោឡោក៏បានប្រតាយប្រតប់នឹងគប់គ្នា ដោយកែវទៅវិញទៅមកនៅក្នុងរោងមង្គលការ បណ្តាយឱ្យមានស្នាមមុតទាំងសងខាង(ស្រាល)។
ចំណែកឈ្មោះ ទ្រួក ប៉ូច ជាបក្ខពួកខាងកូនកម្លោះឃើញដូច្នេះ បានយកកែវគ្មានដៃវាយក្បាលឈ្មោះ ម៉ុង សីហា មួយកែវបណ្តាលឱ្យមុតហូរឈាម។
ទទួលបានព័ត៌មានខាងលើសមត្ថកិច្ចប៉ុស្តិ៍ស្វាយប្រទាល បានអន្តរាគមន៍ដល់កន្លែងកើតហេតុនិងឃាត់ខ្លួនឈ្មោះ ទ្រួក ប៉ូច ដើម្បីបន្តប្រមូលផ្តុំសំណុំរឿងតាមនីតិវីធី៕
