ភ្នំពេញ ៖ នៅម៉ោង២រសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅតាមបណ្តោយផ្លូវ១១១ កែងនិងផ្លូវ២៤២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ក្រោយពីគេដឹងថា មានមនុស្សម្នាក់បានស្លាប់ និង២នាក់ផ្សេងទៀតរងរបួសបន្ទាប់ពី បាក់អាងស្តុកទឹកនៅក្នុងការដ្ឋានសំណង់ដ៏ធំមួយ ស្ថិតនៅអគារជាន់ទី២ ដែលមានរយៈពេលជាង៣ម៉ោងកន្លងមក។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សំរិត សាម៉ន ភេទប្រុស អាយុ៥០ឆ្នាំ ជាកម្មករសំណង់នៅទីនោះ មានស្រុកកំណើតនៅភូមិពោធិ៍ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ដោយឡែក កម្មករដែលរងរបួសពីរនាក់ទៀត គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេព្រោះស្ថិតក្នុងការសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។
ប្រភពពីកម្មករដែលធ្វើការនៅទីនោះបានឱ្យដឹងថា មុនពេលកើតហេតុមាន កម្មករចំនួន៥នាក់បានចុះទៅក្នុងអាងស្តុបទឹកដែលកំពុងសាងសង់ បណ្តាលឱ្យបាក់ស្រុតលើកម្មករម្នាក់ស្លាប់ភ្លាមៗ ពីរទៀតរងរបួសធ្ងន់ និងពីរទៀតគ្រាន់តែរងរបួសស្រាល។
គ្រោះថ្នាក់ការងារខាងលើនេះបែរជាមេការសំណង់បានព្យាយាមលាក់បាំងមិនឱ្យព័ត៌មានខាងលើនេះ ធ្លាយចេញមកក្រៅ ហើយបានលួចដឹកសាកសពចេញពីការដ្ឋានភ្លាមៗ និងយកអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យដោយមិនប្រាប់ដល់អាជ្ញាធរមូលដ្ឋានឡើយ។ ពោលគឺគេបានព្យាយាមលាក់បាំងរឿងនេះ រយៈពេលជិត៤ម៉ោងដោយសមត្ថកិច្ចទទួលបានព័ត៌មានពីខាងមន្ទីរពេទ្យមកវិញ ទើបធ្វើការស្រាវជ្រាវដឹងពីទីតាំងខាងលើ ហើយសមត្ថកិច្ចបានចុះមកត្រួតពិនិត្យ ហើយបាននាំខ្លួនមេការសំណង់យកទៅសួរនាំនៅប៉ុស្តិ៍បឹងព្រលឹត។
នៅពេលសមត្ថកិច្ចកំពុងសាកសួរ ប៉ុន្តែគេនៅមិនទាន់ដឹងថា ប៉ូលិសនិងស្ថាប័នជំនាញមានចំណាត់ការយ៉ាងណាទៅលើមេការសំណង់ និងទីតាំងខាងលើនោះនៅឡើយទេ៕
