adverise with khmeread 04afb620 5dfa 4883 98f0 e78e299c7dc5

ទំនាស់​រឿង​ចាក់ទឹក​ហៀរ​មុខ​តូប​លក់ដូរ​ភាគី​ម្ខាង​ស្លាប់​ភាគី​ម្ខាង​ទៀត​ចូល​គុក​

    ភ្នំពេញ ៖ ស្ត្រី​អ្នកលក់​បាយ​មុខ​រោងចក្រ​ម្នាក់​រងរបួស​ធ្ងន់​ត្រូវ​បងប្អូន​បញ្ជូនទៅ​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​ព្រះកុសុមៈ​ក៏​ស្លាប់ ខណៈ​មានទំនាស់​ជាមួយ​អ្នកលក់​ចេកចៀន​គ្រាន់តែ​រឿង​សាចទឹក​ហៀរ​ទៅមុខ​តូប​លក់ដូរ​ហើយ​ភាគី​ម្ខាង​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះបាន​គប់​មួយ​កាំបិត​ជាប់​ទ្រូង។​

    ហេតុការណ៍នេះ​បង្កភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៦ ​នៅ​ផ្លូវលំ​មុខ​រោងចក្រ​កាត់ដេរ អិ​ល​.​អេ ស្នាក់នៅ​ភូមិ​ស្លែង​រលើង ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​និយាយថា ភាគី​ទី​១​រងរបួស​ធ្ងន់​កំពុង​ស្ថិតនៅ​បន្ទប់សង្គ្រោះបន្ទាន់​ក្នុង​មន្ទីរពេទ្យ​ព្រះកុសុមៈ​ឈ្មោះ ឈួន រដ្ឋា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ​មុខរបរ​លក់​បាយ​នៅមុខ​រោងចក្រ​កាត់ដេរ អិ​ល​.​អេ ស្នាក់នៅ​ភូមិ​ស្លែង​រលើង​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ​ក្រោយមក​បាន​ស្លាប់។​

    ចំណែក​ភាគី​ទី​២ ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​១-​ឈ្មោះ​ ឡឹង សុខ​រ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ​មុខរបរ​លក់​ទឹកអំពៅ​(​ប្តី​)​ និង​ទី​២-ឈ្មោះ ​ឆោម ណៃ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ ​មុខរបរ​លក់​​ចេកចៀន​(​ប្រពន្ធ​) ប្តី​ប្រពន្ធ​ខាងលើ​លក់​ក្បែរ​គ្នា ​ដោយ​ម្ខាង​លក់​ទឹកអំពៅ​ម្ខាង​លក់​ចេកចៀន​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា មុន​ឈាន​ប្រើ​ហិង្សា​ខាងលើ​គឺ​ភាគី​ខាង​លក់​ចេកចៀន​ បាន​ប្រើ​អ្នក​នៅ​ជាមួយ​លាង​ចេក ​និង​ដំឡូង​ហើយ​អ្នក​នៅ​ជាមួយ​ខាងលើ​បាន​ជះ​ទឹក ​ដែល​លាង​នោះមក​ផ្លូវ​បណ្តាលឱ្យ​ហូរ​ទៅមុខ​តូប​អ្នកលក់​បាយ។​

    ទង្វើ​ខាងលើ ធ្វើឱ្យ​អ្នកលក់​បាយ​ខឹង​ក៏​ស្តីបន្ទោស​ហើយក៏​ក្លាយទៅជា​ទំនាស់​សំដី​គ្នា​ឈានទៅ​ប្រើ​ហិង្សា​ដាក់គ្នា​តែម្តង​ ដោយ​ភាគី​ខាង​លក់​ចេកចៀន​បាន​យក​កូនកាំបិត​ដែល​សម្រាប់​ចិត​ដំឡូង​គប់​សំដៅ​ទៅខាង​ស្ត្រី​លក់​បាយ​ បណ្តាលឱ្យ​ត្រូវចំ​លើ​ដើមទ្រូង​ខាងស្តាំ​លិច​ជាប់​១​កាំបិត​បណ្តាលឱ្យរ​ងរ​បួស​ធ្ងន់​។​ ក្នុងករណី​ខាងលើនេះ​ប្តី​ស្ត្រី​លក់​ចេកចៀន​ក៏បាន​រួមចំណែក​ផងដែរ​។​

    ប្រភព​ចុង​ក្រោយពី​សមត្ថកិច្ច​បាន​ប្រាប់ថា​ស្ត្រី​រងគ្រោះ​ខាងលើ​បាន​ដាច់ខ្យល់​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ក្រោយពី​ពេទ្យ​ព្យាយាម​ជួយសង្គ្រោះ​អស់ពី​លទ្ធភាព​ប៉ុន្តែ​ ដោយ​ស្ថានភាព​ជនរងគ្រោះ​ធ្ងន់​ទើប​មិនអាច​សង្គ្រោះបាន​។​

    បច្ចុប្បន្ន​ជន​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាកសួរ​បន្ត​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​។ ចំណែក​សាកសព​បានប្រគល់​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់