adverise with khmeread 4c4dec79 df9a 4bc3 88f0 5de88454e34f

ម្ចាស់​ចេញពីផ្ទះ​ធ្វើការ​និង​រកស៊ី​អស់​ចោរ​គាស់​ផ្ទះ​លួច​ខ្ទេច​

    បាត់ដំបង ៖ គ្រឿងអលង្ការ​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ដែលមាន​តម្លៃ​រាប់ពាន់​ដុល្លារ ត្រូវបាន​ក្រុមចោរ​មិន​ស្គាល់មុខ ធ្វើ​សកម្មភាព​គាស់​ទ្វារ គាស់​បង្អួច ទាំង​ព្រឹក ចូលទៅ​ប្រមូល​គ្មាន​សល់ ខណៈដែល​ម្ចាស់ផ្ទះ​នាំគ្នា​បិទទ្វារ​ចាក់សោ ហើយ​ចេញទៅ​រកស៊ី និង​ទៅធ្វើ​ការ​នៅ​ខាងក្រៅ​ស្ងាត់​អស់ពី​ផ្ទះ។​

    របាយការណ៍​របស់​ប៉ូលិស​បានឱ្យដឹងថា អំពើ​លួច​នេះ បានកើត​ឡើង​នៅ​ចន្លោះ​ពី​ម៉ោង​៦​ និង​៣០​នាទី ដល់​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅនេះ​ស្ថិតនៅ​ចំណុច​ក្រុមទី​១៥ ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​ម្ចាស់ផ្ទះ​នោះ​មានឈ្មោះ ស៊ុយ សុ​វណ្ណា ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅ​ចំណុចកើតហេតុ​ខាងលើ​។​

      តាម​សម្ដី​របស់​ម្ចាស់ផ្ទះ បាន​និយាយថា នៅ​ព្រឹក​ថ្ងៃកើតហេតុ​គឺ​ខ្លួន​និង​ក្មេងៗ បាន​ចេញទៅ​លក់ដូរ​នៅឯ​ផ្សារ​សង្កែ។ ចំណែក​កូនស្រី​ទាំងពីរ​នាក់​ក៏បាន​ចេញទៅ​ធ្វើការ​អស់ហើយ​ដែរ ដោយ​ទ្វារផ្ទះ​ជា​ទម្លាប់​គឺ​ត្រូវ​ចាក់សោ​ចោល​។​

    លុះ​នៅពេល​ត្រឡប់​មកពី​លក់ដូរ​វិញ​ទើប​មានការ​ភ្ញាក់ផ្អើល ដោយសារតែ​ឃើញ​ទ្វារផ្ទះ និង​ចម្រឹង​ដែក​បង្អួច ត្រូវបាន​ជន​មិន​ស្គាល់មុខ​គាស់​ឡើង​របើក​ខ្ទេចខ្ទី​អស់ ព្រមទាំង​បាន​ចូលទៅក្នុង​បន្ទប់ ប្រមូលយក​គ្រឿងអលង្ការ​អស់​គ្មាន​សល់​។​

    ម្ចាស់ផ្ទះ​បាន​រៀបរាប់​នូវ​ប្រភេទ​គ្រឿងអលង្ការ ដែល​បាន​បាត់បង់​រួមមាន ចិញ្ចៀន​ប្លា​ទីន​ដាំ​ពេជ្រ​ចំនួន​២​វង់ ស្មើនឹង​១៥០០​ដុល្លារ ចិញ្ចៀន​ប្លា​ទីន​១​វង់ ស្មើ​១៥០​ដុល្លារ ខ្សែ .​ក ប្លា​ទីន​ដាំ​ត្បូង​១​ខ្សែ ស្មើ​៣០០​ដុល្លារ ក្រវិល​ប្លា​ទីន​១​គូ ស្មើ​៥០​ដុល្លារ​។​

    ដោយឡែក​របស់​កូនស្រី​ប្អូន​ឈ្មោះ ស៊ុយ ណា​រ៉ូ​ន អាយុ​៣១​ឆ្នាំ គឺ​បាន​បាត់បង់ ចិញ្ចៀន​ប្លា​ទីន​ដាំ​ពេជ្រ​ចំនួន​២​វង់ ស្មើ​២០០០​ដុល្លារ ខ្សែ ក​ប្លា​ទីន​១​ខ្សែ​មិន​ចាំ​តម្លៃ ខ្សែ ក មាស​១​ខ្សែ ស្មើ​៤៥០​ដុល្លារ ចិញ្ចៀនមាស​១​វង់ ស្មើ​២២៥​ដុល្លារ ចិញ្ចៀន​ប្លា​ទីន​៤​វង់ ស្មើនឹង​៨០​ដុល្លារ ខ្សែដៃ​ប្លា​ទីន​១​ខ្សែ ស្មើ​២៥០​ដុល្លារ កងដៃ​ប្លា​ទីន​១​កង​មិន​ចាំ​តម្លៃ​។​

    ចំណែក​របស់​កូនស្រី​បង​ឈ្មោះ ស៊ុយ ផានិត អាយុ​៣៨​ឆ្នាំ ដែល​កូនស្រី​ទាំងពីរ​នាក់​រស់នៅ​ជុំគ្នា​ជាមួយនឹង​ឪពុក គឺ​បាន​បាត់បង់​ដូចជា ខ្សែដៃ​ប្លា​ទីន​ដាំ​ពេជ្រ​១​ខ្សែ ស្មើ​២០០០​ដុល្លារ និង​ក្រវិល​ប្លា​ទីន​១​គូ ស្មើ​៣០​ដុល្លារ បើ​សរុប​នៃ​ការបាត់បង់​គ្រឿងអលង្កា​រ​នៅក្នុង​អំពើ​លួច​នេះ​អស់​ប្រមាណ​ជិត​៨ ពាន់​ដុល្លារ ដោយ​ក្រុមចោរ​ប្រមូល ហើយ​គេចខ្លួនបាត់។​

    បច្ចុប្បន្ន​កម្លាំង​ជំនាញ​ប៉ូលិស​ស្រុក​សង្កែ ដោយបាន​សហការ​ជាមួយនឹង​កម្លាំង​ប៉ុស្តិ៍ បានធ្វើការ ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាមរក​មុខសញ្ញា ដែល​បាន​ប្រើប្រាស់​ចបកាប់​ធ្វើជា​ឧបករណ៍​សម្រាប់​គាស់​ទ្វារ បង្អួច​ចូលទៅ​ប្រមូលយក​ទ្រព្យសម្បត្តិ​ទាំងអស់នេះ​៕

adverise with khmeread

មតិយោបល់