adverise with khmeread Name

រឿងមួយចំនួនគួរគិតពិចារណានៅពេលរកឈ្មោះដាក់ឲ្យកូន

ការដាក់ឈ្មោះកូនរបស់អ្នកគឺជាកិច្ចការដ៏គួរឲ្យរំភើបបំផុតមួយ និងជាកិច្ចការដ៏គួរឲ្យរុញរាបំផុតមួយផងដែរសម្រាប់ត្រៀមខ្លួនធ្វើជាឪពុកម្តាយគេ។ ឈ្មោះកូនរបស់អ្នកគឺជាអ្វីដែលនឹងតំណាងឲ្យពួកគេពេញមួយជីវិតរបស់ពួកគេ។ វាអាចជាប្រភពនៃមោទនភាព ឬប្រភពនៃការឈឺចាប់ អាស្រ័យលើអត្ថន័យ ដែលអ្នកដទៃភ្ជាប់ទៅវា។ ខាងក្រោមនេះគឺជាការប្រុងប្រយ័ត្នមួយចំនួនដែលត្រូវដឹងនៅពេលជ្រើសរើសឈ្មោះកូន។ គិតរឿងទាំងអស់នេះក្នុងចិត្តនឹងជួយអ្នកចៀសវាងពីចំណុចគ្រោះថ្នាក់លាក់ខ្លួនណាមួយ ដែលឈ្មោះនោះអាចនាំមក។  

១- ប្រយ័ត្នបន្តិចរឿងឈ្មោះហៅក្រៅ ឬឈ្មោះអាចគ្រលាស់បាន
អ្នកប្រហែលជាបានបញ្ចូលគ្នា និងផ្ទឹមនូវឈ្មោះរួចហើយជាមួយនឹងនាមត្រកូលរបស់កូនអ្នក ប៉ុន្តែតើអ្នកបានគិតអំពីលទ្ធភាពឈ្មោះហៅក្រៅឬឈ្មោះគ្រលាស់ណាមួយដែរឬទេ? មានឈ្មោះច្រើនណាស់ដូចជា Elizabeth ឬ James ដែលគេចូលចិត្តហៅកាត់ ហើយវាសំខាន់ណាស់ដែលត្រូវឆែកមើលថាតើឈ្មោះហៅកាត់ទាំងនោះវាបន្ស៊ីជាមួយនឹងនាមត្រកូលដែរឬទេ។ ឈ្មោះ Charles Puck មើលទៅហាក់ដូចជាឈ្មោះគួរឲ្យគោរពណាស់ ប៉ុន្តែឈ្មោះកាត់ថា Chuck Puck វិញប្រហែលមិនស្តាប់ទៅពិរោះនោះទេ។ វាមិនខុសអីពីឈ្មោះខ្មែរមួយចំនួន ដែលមានន័យគ្រលាស់មិនល្អដូចជាឈ្មោះ សោម ភី ជាដើម។ ត្រូវប្រាកដថាអ្នកបានសញ្ជឹងគិតដល់ឈ្មោះហៅក្រៅទូទៅក៏ដូចជាឈ្មោះដើមផងដែរដើម្បីចៀសវាងភាពអាម៉ាសក្នុងពេលអនាគតសម្រាប់កូនរបស់អ្នក។ 

២- អក្សរដើមនីមួយៗនៃឈ្មោះកូនដែលអាចផ្គុំទៅមានន័យមិនល្អ
កត្តាសំខាន់មួយទៀតដើម្បីធ្វើការពិចារណាដែរនោះគឺអក្សរដើមនីមួយៗនៃឈ្មោះកូនរបស់អ្នក។ ការធ្វើតេស្តដ៏ល្អគឺត្រូវគិតពីឯកក្ខរាជាមួយនឹងអក្សរដំបូង អក្សរកណ្តាល និងអក្សរចុងក្រោយ។ អ្នកអាចគិតថាឈ្មោះ Gabriel Andrew Smith គឺជាជម្រើសដ៏អស្ចារ្យ រហូតដល់អ្នកឃើញអក្សរដើមនីមួយៗ ផ្គុំចូលគ្នាទៅទើបដឹងថាវាស្មើនឹងពាក្យ GAS ដែលមានអត្ថន័យមិនជាល្អប៉ុន្មានទេក្នុងភាសាអង់គ្លេស។  

៣- កែតម្រូវឈ្មោះដែលពិសេសជាងគេឲ្យបានឆាប់មុននឹងដាក់ឈ្មោះជាផ្លូវការ
វាមានទាំងគុណសម្បត្តិ និងគុណវិបត្តិក្នុងការជ្រើសរើសឈ្មោះដែលមិនសូវនិយម។ គុណសម្បត្តិគឺថាកូនរបស់អ្នកនឹងមានឈ្មោះមួយ ដែលពិសេស ហើយអ្នកនឹងមិនបារម្ភពីមិត្តរួមថ្នាក់ ឬមិត្តភក្តិកូនរបស់អ្នកមានឈ្មោះដូចគ្នានោះទេ។ គុណវិបត្តិគឺថាឈ្មោះប្រភេទនេះតែងតែគេប្រកបខុស ឬបញ្ចេញសម្លេងខុស។ វាអាចជាការរំខាន និងជាការលំបាកមួយចំពោះកូនរបស់អ្នក ហើយគួរតែត្រូវពិចារណាខ្លាំងណាស់នៅពេលគិតពីការដាក់ឈ្មោះឲ្យកូនតូចរបស់អ្នក។ ប្រសិនបើអ្នកចង់ដឹងថាតើមនុស្សនឹងប្រកបឈ្មោះនោះយ៉ាងដូចម្តេចនោះ អ្នកត្រូវធ្វើតេស្តវាដំបូងជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារដើម្បីមើលថាតើពួកគេនិយាយឈ្មោះនោះបែបណា និងបន្ទាប់មកកំណត់ការសម្រេចចិត្តរបស់អ្នក ផ្អែកទៅលើថាតើពួកគេនឹងជួបការលំបាករឿងគេប្រកបឈ្មោះខុសដែរឬទេនាពេលអនាគត។ 

៤- ឈ្មោះដែលគេពេញនិយមពេក
វាមានសារៈសំខាន់ណាស់ដែលត្រូវសុំប្រឹក្សាពីវេបសាយ ដែលចុះបញ្ជីឈ្មោះទារកដែលពេញនិយមបំផុតតាមឆ្នាំដើម្បីមើលថាតើឈ្មោះកូនអ្នកឈរនៅចំណាត់ថ្នាក់ខ្ពស់ដែរឬទេ។ ប្រសិនបើអ្នកដាក់ឈ្មោះកូនរបស់អ្នកដែលពេញនិយមពេក វាអាចធ្វើឲ្យកូនកើតទុក្ខទៅវិញព្រោះពួកគេអាចនឹងត្រូវគេភ័ន្តច្រឡំភ្លាមៗជាមួយនឹងគូកនដែលមានឈ្មោះដូចគ្នា។ ប្រការនេះក៏អាចបង្កើតបាននូវស្ថានភាពមួយក្នុងថ្នាក់រៀន ជាទីដែលពួកគេនឹងត្រូវគេហៅឈ្មោះត្រកូល និងគោត្តនាម ដោយធ្វើឲ្យពួកគេមានអារម្មណ៍ពុំសូវពិសេស។

៥- ការផ្ទឹមឈ្មោះរបស់បងប្អូនបង្កើតដែលអាចមានបញ្ហា
ប្រសិនបើកូនទើបកើតរបស់អ្នកមានបងម្នាក់ ដូច្នេះវាមានសារៈសំខាន់ណាស់ដែលត្រូវនិយាយឈ្មោះរបស់អ្នកទាំងពីរឲ្យឮៗជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកមានកូនប្រុសឈ្មោះ Sam និងចង់ដាក់ឈ្មោះកូនស្រីថា Ella (ឈ្មោះទាំងពីរនេះល្អសម្រាប់ពួកគេម្នាក់ៗ) ប៉ុន្តែសូមសាកនិយាយឈ្មោះពួកគេជាមួយគ្នាល៎មើល។ បើអ្នកចង់ស្រែកហៅ Sam និង Ella ឲ្យមកញ៉ាំបាយ វាប្រៀបបីដូចជាហៅឈ្មោះជំងឺម្យ៉ាងហៅថា Salmonella អ៊ីចឹង។ អ្នកនឹងឧស្សាហ៍ហៅឈ្មោះកូនរបស់អ្នកច្រើនដងណាស់ អ៊ីចឹងវាសំខាន់ណាស់ដែលត្រូវពិនិត្យមើលរាល់លទ្ធភាពផ្គុំឈ្មោះមុនពេលអ្នកដាក់ឈ្មោះកូនទើបកើតរបស់អ្នក៕ 

adverise with khmeread

មតិយោបល់