adverise with khmeread Index

ចំណុចមាត្រាខ្លះៗនៃច្បាប់ចរាចរណ៍ថ្មីដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១មករា

   ភ្នំពេញ ៖ ថ្មីៗ​នេះ ព្រះមហាក្សត្រ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​បាន​ឡាយព្រះហស្ថលេខា​លើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែលមាន ១២ ជំពូក និង ៩២ មាត្រា​។​
    ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​ព្រះមហាក្សត្រ​ទើប​ឡាយព្រះហស្ថលេខា កាលពីពេល​ថ្មីៗ ដោយ​ច្បាប់​នេះ​មានការ​ផ្លាស់ប្ដូរ​មាត្រាមួយ​ចំនួន​លើ​ការផាកពិន័យ​ពី​ច្បាប់​ចាស់ ឆ្នាំ​២០០៧​ដែល​ប្រិយមិត្ត​យើង​ទាំងអស់​គួរស្វែងយល់​។​
  -​មាត្រា​៧៥ ៖ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ ថ្ងៃ​ទៅ ១ ខែ និង ពិន័យ​ជា​ប្រាក់​ពី ១០០០០០​រៀល (​មួយ​សែន​រៀល​) ទៅ ៨០០ ០០០​រៀល (​ប្រាំបី​សែន​រៀល​) ចំពោះ​ជន​ណា​បើកបរ​យានយន្ត​ដោយ​គ្មាន​ប័ណ្ណបើកបរ ឬ​ក្នុង​រយៈពេល​ដែល​ប័ណ្ណបើកបរ​ត្រូវបាន​ដកហូត​ព្យួរទុក ឬ​ទុកជា​មោ​ឃៈ លើកលែងតែ​ជន​បើកបរ​ទោចក្រយានយន្ត ឬ​ត្រីចក្រយានយន្ត​។​
   -​មាត្រា​៧៦ ៖ ជន​ណា​បើកបរ​យានយន្ត មិន​ព្រម​បញ្ឈប់​យានយន្ត​តាម​ការបញ្ឈប់​របស់​ម​ន្ត្រី​នគរបាល​ចរាចរ​ណ៍​ផ្លូវគោក​ដើម្បី​ធ្វើតេស្ត​ពិនិត្យ​ជាតិ​អាល់កុល ឬ សារធាតុ​ញៀន ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦​ថ្ងៃ​ទៅ ១ ខែ និង ពិន័យ​ជា​ប្រាក់​ពី ១០០ ០០០​រៀល (​មួយ​សែន​រៀល​) ទៅ ៨០០ ០០០ រៀល (​ប្រាំបី​សែន​រៀល​)​។​
    -​មាត្រា​៧៧ ៖ ជន​ណា​បើកបរ​យានយន្ត​នៅពេលដែល​ខ្លួន​ស្ថិតក្នុង​ភាពស្រវឹង ដោយមាន​ជាតិ​អាល់កុល​ចាប់ពី ០,៤០ (​សូន្យ​ក្បៀស​សែសិប​) មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ឬ​ចាប់ពី ០,៨០ (​សូន្យ​ក្បៀស​ប៉ែតសិប​) ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើងទៅ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១ ខែ ទៅ ៦ ខែ និង ពិន័យ​ជា​ប្រាក់ ៨០០ ០០០ រៀល (​ប្រាំបី​សែន​រៀល​) ទៅ ៤០០០ ០០០ រៀល (​បួន​លាន​រៀល​)​។​
   - មាត្រា​៨១ ៖ ជន​ណា​បើកបរ​មិន​គោរព​សញ្ញា​បញ្ជា​របស់​ម​ន្ត្រី​មាន​សមត្ថ​កិច្ចការពារ​ក្បួន​ដំណើរ​គណៈប្រតិភូ​ឬ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​បង្ក​ការខូចខាត​ដល់​យានយន្ត​របស់​ក្បួន​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ​ទៅ​៦​ខែ និង ពិន័យ​ជា​ប្រាក់​ពី ៨០០ ០០០​រៀល (​ប្រាំបី​សែន​រៀល​) ទៅ​៤០០០ ០០០​រៀល (​បួន​លាន​រៀល​)​។​
    - មាត្រា​៨២ ៖ ជន​ណា​ប្រើប្រាស់​រថយន្ត​ដោយ​គ្មាន​ប័ណ្ណ​សម្គាល់​រថយន្ត​ឬ​គ្មាន​ស្លាក​លេខ​សម្គាល់​រថយន្ត ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦​ថ្ងៃ​ទៅ​១​ខែ និង ពិន័យ​ជា​ប្រាក់​១​សែន​រៀល​ទៅ ៨ សែន​រៀល​។​
    - មាត្រា​៨៣ ៖ ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន​ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប្បញ្ញត្តិ​ស្តីពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ​បណ្ដាល​ឲ្យ​មាន​របួស​ដល់​អ្នកដទៃ​ហើយ​បណ្ដាល​ឲ្យ​អ្នករងគ្រោះ​អសមត្ថភាព​ធ្វើ​ការងារ​ក្នុង រយៈពេល​ស្មើ​ឬ​លើសពី​៨​ថ្ងៃ គិតពី​ថ្ងៃកើតហេតុ​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ២០០០ ០០០​រៀល (​ពីរលាន​រៀល​)​ទៅ ១០ ០០០ ០០០​រៀល (​ដប់​លាន​រៀល​) ។​
    -​មាត្រា​៦៩ ៖ មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក ដែលមាន​សមត្ថកិច្ច​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍​ត្រូវ​ចេញ​បង្កាន់ដៃ​ផាកពិន័យ​ដែលមាន​គល់បញ្ជី​ត្រឹមត្រូវ​។ ទម្រង់​បែបបទ​នៃ​បង្កាន់ដៃ​ផាកពិន័យ និង​ការគ្រប់គ្រង​ប្រាក់ចំណូល​ដែល​បានមកពី​ការផាកពិន័យ ត្រូវ​កំណត់ដោយ​ប្រកាស​អន្តរក្រសួង​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​
    -​មាត្រា​៧៤ ៖ មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ណា ដែល​នៅក្នុង​ក្របខណ្ឌ​មុខងារ​ឬ​ក្នុងឱកាស​បំពេញ​មុខងារ​របស់ខ្លួន ដែល​បាន​ដកហូតយក​ប័ណ្ណបើកបរ​
​ស្លាក​លេខ ប័ណ្ណ​សម្គាល់​យានជំនិះ ឬ​ឃាត់ទុក​យានជំនិះ​ដោយ​បំពាន​ច្បាប់​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦​ថ្ងៃ​ទៅ​១​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១០០ ០០០​រៀល (​មួយ​សែន​រៀល​) ទៅ​៨០០ ០០០​រៀល (​ប្រាំបី​សែន​រៀល​)​។​
   ក្នុងករណី​ដែល​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ធ្វើ​ឲ្យ​មានការ​ខូចខាត​ឬ​បាត់បង់​ផ្នែក​ណាមួយ​នៃ​យានជំនិះ​ដែល​បាន​ឃាត់ទុក អង្គភាព​សាមី​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការសង​ការខូចខាត​ឬ​បាត់បង់​នោះ​៕​

adverise with khmeread

មតិយោបល់