adverise with khmeread 42911101 9c39 4eca 925e aec6c1913611

ព័ត៌មាន​បន្ថែម​ស្តីពី ក្រុម​ចោរលួច​ប្លន់​៥​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​បង្ក្រាប​

    ភ្នំពេញ ៖ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៥​នាក់ ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ក្រាបបាន​កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​ល្ងាច​ថ្ងៃទី​៧ ​កក្កដា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​កន្ទោក​ត្បូង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​កាលពីពេល​ថ្មីៗ​នេះ និង​អំពើ​លួច​ប្លន់​ជាច្រើនលើក​កន្លងមក។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ក្រុម​ជនល្មើស​មាន​គ្នា​៥​នាក់​ក្នុងនោះ​មាន​២​នាក់​ជា​ជនដៃដល់​ក្នុង​ការធ្វើសកម្មភាព​ប្រើ​ដាវ​កាប់​ទៅលើ​ជនរងគ្រោះ​២​នាក់​កាលពី​ថ្ងៃទី​៣​ កក្កដា​ ឆ្នាំ​២០១៦ បណ្តាលឱ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​នៅ​ចំណុច​ក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិតក្នុង​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

    មន្ត្រី​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បន្តថា គិត​តាំងពី​ពេល​ឃាត់ខ្លួន រហូតទល់​យប់​ជ្រៅ​(៨​កក្កដា​)​កម្លាំង​អាវុធហត្ថ​នៅ​មិនទាន់​សួរចម្លើយ​ជនសង្ស័យ​ទាំង ៥​នាក់​នោះបាន​នៅឡើយ​ទេ ដោយ​ពួកគេ​កំពុង​បែក​ថ្នាំខ្លាំង​ដោយសារ​ប្រើ​ថ្នាំញៀន​ជោកជាំ​។ ខណៈ​ពេលនេះ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ទីបញ្ជាការដ្ឋាន​កង​រាជធានី​ភ្នំពេញ។​

    ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នោះ​កម្លាំង​អាវុធហត្ថ​បាន​ដកហូត​វត្ថុតាង​ជាក់ស្តែង រួមមាន​៖ ១- ម៉ូតូ​ចំនួន​៤គ្រឿង, ២- ម្សៅ​ក្រាម​ស​ថ្លា​មួយកញ្ចប់, ៣- គ្រឿងបន្លាស់​ម៉ូតូ​មួយចំនួនធំ, ៤- ដាវ​មួយ​ដើម, ៥- សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន និង​៦- សោ​ដោះ​ម៉ូតូ​មួយចំនួន។​

    នៅ​ព្រឹក​ថ្ងៃទី​៨​កក្កដា​នេះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​នឹងធ្វើ​ការសួរចម្លើយ​បន្តទៀត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់