ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានក្រុមចោរមាន ៣នាក់ជិះម៉ូតូ២គ្រឿង បានដកកាំភ្លើងខ្លី១ដើមមិនស្គាល់ម៉ាកមកភ្ជង់ប្លន់យកម៉ូតូ មួយគ្រឿង ទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ដែលស្ថិតនៅត្រង់ចំណុចប្រឡាយបាក់ទូក ម្តុំក្រោយវត្តទួលសង្កែ ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះមានឈ្មោះ យិន សុខណា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់ផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅភូមិស្រែសៀម ឃុំជីរោន៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ម៉ូតូដែលក្រុមចោរប្លន់នោះ ម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១០ពាណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1B-9485។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះខាងលើ ជិះម៉ូតូចេញពីផ្សារទួលសង្កែ ខណៈពេលនោះ ស្រាប់តែមានជនសង្ស័យ ៣នាក់ បានជិះម៉ូតូ ២គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ សេរី២០១៦ មិនចាំស្លាកលេខ បានជិះមកជិតហើយគៀរ និងគៀបម៉ូតូជនរងគ្រោះអោយឈប់ ហើយបានធ្វើសកម្មភាពដកកាំភ្លើងខ្លី១ដើមមិនស្គាល់ម៉ាកភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព។
គួររំលឹកផងដែរថា ករណីប្រដាប់អាវុធនេះ កើតឡើងជាច្រើនលើកមកហើយ ដោយមិនឃើញមានកម្លាំងសមត្ថកិច្ចមូលរដ្ឋានចាត់វិធានការស្រាវជ្រាវរកមុខក្រុមបក្សពួកជនសង្ស័យនោះឡើយ។
ក្រោយពីកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែឱ្យជួយអន្តរាគមន៍ដើម្បីអោយសមត្ថកិច្ចកំណត់មុខសញ្ញា៕
