adverise with khmeread Devoted partners

នេះគឺជាមូលហេតុដែលមនុស្សមួយចំនួនតែងអាចទាក់ទាញបានដៃគូមានភក្តីភាព

ការរស់នៅក្នុងជីវិតដ៏អស្ចារ្យ និងមានអ្វីៗទាំងអស់ ដែលយើងសក្តិសមនឹងមានគឺផ្អែកលើជម្រើស និងការសម្រេចចិត្តរបស់យើង។ មនុស្សជាច្រើនចង់ឲ្យអ្វីៗប្រែជាអស្ចារ្យសម្រាប់ពួកគេ ប៉ុន្តែពួកគេព្រួយបារម្ភ និងស្ទាក់ស្ទើរក្នុងការបញ្ជាដឹកនាំខ្លួនពួកគេក្នុងផ្លូវត្រូវ។ យើងតែងតែមានការច្រណែននឹងអ្នកដែលមានដៃគូភក្តី និងឆ្ងល់ថាហេតុអ្វីបានជាមនុស្សម្នាក់ហ្នុ៎ងមានអ្វីៗអស្ចារ្យគ្រប់យ៉ាង ក្នុងពេលដែលរាល់អ្វីៗដែលកើតឡើងចំពោះយើងគឺជាមនុស្សម្នាក់ ដែលមានទំនាក់ទំនងជាមួយយើងទាំងព្រងើយកន្ដើយនោះ។ អ្វីៗទាំងអស់គឺចាប់ផ្តើមចេញពីការឆ្លងកាត់ការធ្វើដំណើរខាងក្នុងចិត្តរបស់យើង ដែលតម្រូវឲ្យមានទំនុកចិត្តខ្ពស់ ការត្រៀមខ្លួនរួចជាស្រេច និងការបង្ហាញភាពចាប់អារម្មណ៍ចំពោះអ្នកដទៃ សូម្បីនៅពេលដែលមនុស្សសក្តិសមនោះមិនទាន់បានមកដល់នៅឡើយក៏ដោយ។ 

អ្នកគួរស្វែងយល់ថាហេតុអ្វីបានជាមនុស្សមួយចំនួនអាចទាក់ទាញដៃគូដែលមានចិត្តភក្តី ខណៈអ្នកផ្សេងទៀតមិនអាច។ ខាងក្រោមនេះគឺជាមូលហេតុ ដែលមនុស្សមួយចំនួនតែងតែអាចទាក់ទាញបាននូវដៃគូស្មោះស្ម័គ្រភក្តី។ 

១- ពួកគេមានឯករាជ្យម្ចាស់ការលើខ្លួនឯង
ការមានឯករាជ្យម្ចាស់ការលើខ្លួនឯងបង្ហាញយ៉ាងច្បាស់ថាតើអ្នកជាមនុស្សដែលមិនចេះរារែក និងមានលក្ខណៈសម្បត្តិគ្រប់យ៉ាងកម្រិតណា។ មនុស្សដែលឯករាជ្យមិនខ្លាចនៅម្នាក់ឯងនោះទេ មិនថាពួកគេជាមនុស្សក្រីក្រ ឬជាអ្នកមាននោះឡើយ។ មនុស្សឯករាជ្យអាចមើលដឹងថាតើទំនាក់ទំនងស្នេហាគួរទៅតាមទិសដៅណា។ ទំនាក់ទំនងស្នេហាភាគច្រើនមានភាពស្មុគ្រស្មាញ ប៉ុន្តែគ្រប់គ្នាចង់ឲ្យខ្លួនពួកគេមានភាពទាក់ទាញចំពោះមនុស្សម្នាក់ ដែលអាចពឹងពាក់លើខ្លួនឯងបាន មានភាពទាក់ទាញ និងមានភាពប្រាកដប្រជា។ វាពិបាកណាស់ក្នុងការបង្ហាញភក្តីភាពចំពោះមនុស្សម្នាក់ ដែលគ្មានលក្ខណៈសម្បត្តិអ្វីទាំងអស់ ឬ ឥតបានការទាល់តែសោះ។ ដើម្បីឲ្យដៃគូបង្ហាញភក្តីភាពអស់ពីបេះដូង ត្រូវរៀនម្ចាស់ការទាំងលើអារម្មណ៍ ហិរញ្ញវត្ថុ និង រាងកាយខាងក្រៅ។ នៅពេលដែលអ្នកមានឯករាជ្យម្ចាស់លើខ្លួនឯង អ្នកនឹងចាប់ផ្តើមទាក់ទាញមនុស្ស ដែលចង់លះបង់ខ្លួនឯងដើម្បីអ្នក។ 

២- ពួកគេមានជំនឿជាក់លើខ្លួនឯង
មនុស្សជាច្រើនបារម្ភថា តើពួកគេនឹងត្រូវគេយល់ឃើញជាមនុស្សបែបណា ហើយមនុស្សទាំងនោះគិតអ្វីខ្លះចំពោះពួកគេ។ ទោះយ៉ាងណា នៅពេលណាដែលអ្នកចាប់ផ្តើមឲ្យអ្នកដទៃមានឥទ្ធិពលលើជីវិតរបស់អ្នក ឬអារម្មណ៍របស់អ្នកហើយនោះ អ្នកនឹងបាត់បង់ជំនឿចិត្ត និងការឲ្យតម្លៃលើខ្លួនឯង។ ដើម្បីមានទំនាក់ទំនងស្នេហាជោគជ័យ និងទទួលបានភក្តីភាពពីដៃគូរបស់អ្នក អ្នកត្រូវតែរៀនកុំខ្វល់ពីមតិយោបល់របស់អ្នកដទៃ។ អ្នកមិនអាចទទួលបានភក្តីភាពពីដៃគូរបស់អ្នកបានទេ នៅពេលដែលអ្នកខ្វល់ខ្វាយពេកពីអ្វីដែលពួកគេគិតអំពីអ្នក។ ការគោរពខ្លួនឯងកើតចេញពីរបៀបដែលអ្នកមើលមកខ្លួនឯង និងតម្រែតម្រង់ទស្សនវិស័យរបស់អ្នកដើម្បីទុកចិត្តខ្លួនឯងថា អ្នកគឺជាមនុស្សមានតម្លៃ។ 

៣- ពួកគេរំពឹងខ្ពស់ (គឺរកឲ្យបានអ្នកស្មោះស្ម័គ្រពិតប្រាកដ)
មនុស្ស ដែលមានដៃគូស្មោះស្ម័គ្រភក្តីមិនចេះស្តាយក្រោយទេ បន្ទាប់ពីជួបបទពិសោធន៍ខកចិត្តក្នុងជីវិតស្នេហាគ្រាដំបូង។ ពួកគេរំពឹងខ្ពស់ និងកំណត់ស្តង់ដាររបស់ពួកគេ ឬលក្ខខណ្ឌតម្រូវដើម្បីឲ្យត្រូវទៅនឹងការរំពឹងនោះ។ ការមានដៃគូស្មោះភក្តីអាចត្រូវការពេលវេលា និងការអត់ធ្មត់។ មិនចាំបាច់ទៅរវីរវល់នឹងអ្វីដែលធ្វើឲ្យអ្នកឈឺក្បាល ឬឈឺចាប់នៅចុងបញ្ចប់នៃថ្ងៃនីមួយៗនោះទេ។ វិធីល្អបំផុតក្នុងការប្រឈមនូវអ្វីដែលនៅចំពោះមុខរបស់អ្នកគឺត្រូវធ្វើកម្មភាព និងចេញទៅរកអ្វីដែលអ្នកសក្តិសមនឹងទទួលបាន។ នោះគឺដៃគូដែលមានភក្តីភាព។ 

៤- ពួកគេរីករាយជានិច្ច
ខណៈដែលយើងដឹងថាវាមិនអាចទៅរួចទេដែលរីករាយ១០០ភាគរយគ្រប់ពេលនោះ វាពិតជាសំខាន់ណាស់ដែលត្រូវដឹងថា អ្នកអាចមានចិត្តរីករាយ និងមានភាពវិជ្ជមាន ដោយមិនគិតពីអ្វីដែលអ្នកកំពុងប្រឈមនោះទេ។ ជាការពិត គ្មាននរណាម្នាក់ចង់រួមរស់ជាមួយដៃគូទុទិដ្ឋិនិយម និងកើតទុក្ខឥតឈប់នោះទេ។ នៅពេលអ្នកចាប់ផ្តើមក្លាយជាមនុស្សមានភាពវិជ្ជមាន ខណៈទទួលយកការទទួលខុសត្រូវរបស់ខ្លួនដោយមិនស្តីបន្ទោសលើអ្នកដទៃ អ្នកនឹងចាប់ផ្តើមទាក់ទាញដៃគូជាមួយនឹងថាមពលដ៏វិជ្ជមាន។ ការរក្សាបាននូវភាពរីករាយគឺតែងតែទាក់ទាញបាននូវប្រភេទមនុស្ស ដែលនឹងលះបង់ខ្លួនពួកគេដើម្បីអ្នក។ 

៥- ពួកគេមិនព្រួយបារម្ភអំពីថាតើទំនាក់ទំនងស្នេហានឹងទៅជាយ៉ាងណានោះទេ
ល្គឹកណាអ្នកក្លាយជាមនុស្សដែលយល់ពីខ្លួនឯងច្បាស់ និងមានលក្ខណៈសម្បតិ្តល្អគ្រប់យ៉ាងខាងក្នុង អ្នកនឹងមិនមានមន្ទិលលើនរណាម្នាក់ ដែលចូលមកក្នុងជីវិតរបស់អ្នកនោះទេ។ មនុស្ស ដែលមិនបារម្ភថាតើទំនាក់ទំនងស្នេហានឹងទៅជាយ៉ាងណានោះមិនដែលដាក់សម្ពាធលើខ្លួនឯងនោះទេ។ តាមរយៈការបង្ហាញថា អ្នកពុំមានមន្ទិលអ្វីទាំងអស់នោះ អ្នកនឹងមានភាពនឹងធឹង និងមានទំនុកចិត្តក្នុងការទទួលយកដៃគូស្មោះភក្តី នៅពេលដែលអ្នកទាំងពីររួមរស់ជាមួយគ្នា។ ការពិតគឺថាជីវិតគឺត្រូវឆ្លងកាត់ការពិសោធន៍ជាច្រើន និងការឆក់យកឱកាស ដែលកើតឡើងចំពោះមុខរបស់អ្នក ជាពិសេសនៅពេលដែលជួបដៃគូភក្តី៕

adverise with khmeread

មតិយោបល់