adverise with khmeread 1

Sir Alex និយាយថា Jose សាង​កំហុស​ធំ​មួយ​ក្នុង​អាជីព​របស់គាត់​

​    ​Sir Alex Ferguson អះអាងថា ការសម្រេចចិត្ត​របស់ Jose Mourinho ក្នុងការ​ត្រឡប់​ទៅកាន់​ក្រុម​តោ​ខៀវ Chelsea ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​នៅក្នុង​ឆ្នាំ ២០១៣ គឺជា​កំហុស​មួយ​ដ៏​ធំ​បំផុត​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ ដែល​ត្រូវ​បានប្រកាស​ជា​ផ្លូវការ​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្រុម​បិសាច​ក្រហម Manchester United នា​សប្តាហ៍​នេះ បាន​ចាក​ចេញពី​អធិរាជ​ស Real Madrid កាលពី​បី​ឆ្នាំមុន​ដោយ​ពេញ​ចិត្តនឹង​ការចាប់ផ្តើម​ឱកាស​ជា​លើក​ទី​ពីរ​ក្នុងការ​កាន់កាប់​តំណែង​អ្នកចាត់ការ​នៅ​ក្រុម​តោ​ខៀវ​។​

​     បន្ទាប់ពី​រក​មិនបាន​ពាន​សូម្បី​តែមួយ​នៅ​រដូវ​កាល​ដំបូង​នៃ​ការ​ត្រឡប់​ទៅ​ទឹកដី Stamford Bridge គាត់​បាន​ដឹកនាំ​ក្លឹប​ទៅ​គ្រង​ពានរង្វាន់ Premier League ក្រោយ​ខកខាន​ឱកាស​នៅ​ឆ្នាំ​ដំបូង​របស់ខ្លួន ប៉ុន្តែ​ដោយសារតែ​ដឹកនាំ Chelsea រដូវ​កាល​ចុងក្រោយ​លែងកើត អ្នកចាត់ការ​រូបនេះ​ត្រូវបាន​បណ្តេញចេញ​នៅក្នុង​ធ្នូ​ឆ្នាំមុន​។​

​    ​ហើយ Ferguson ដែល​ធ្លាប់បាន​អះអាងថា Mourinho នឹង​ត្រូវជា​បេក្ខជន​ជំនួស​តំណែង​គាត់​ម្នាក់​នៅ​ក្រុម​បិសាច​ក្រហម ពេលដែល​គាត់​មិនទាន់​យល់ព្រម​ត្រឡប់​ទៅកាន់ Chelsea កាលពី​៣​ឆ្នាំមុន​នោះ និយាយថា គាត់ (Mourinho) មិនគួរ​វិលត្រឡប់​ទៅ​កន្លែង​ដំបូង​វិញ​ទេ​។​

​    ​Ferguson បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ Sky Sports ថា "​ខ្ញុំ​គិតថា Jose មាន​កំហុស​ដ៏​ធំ​ក្នុងការ​ត្រឡប់​ទៅកាន់ Chelsea វិញ​។ វា​តែងតែមាន​ការលំបាក​ពេលដែល​អ្នក​ត្រឡប់​ទៅ​កន្លែង​ណាក៏ដោយ​សម្រាប់​លើក​ទី​ពីរ​"​។​

​    ​ទោះជា​យ៉ាងណាក្តី Ferguson គិតថា Mourinho នឹង​ជោគជ័យ​នៅ​បិសាច​ក្រហម បន្ទាប់ពី​កា​ខកចិត្ត​អស់​រយៈពេល​បី​ឆ្នាំ​ចាប់តាំងពី​ការចាកចេញ​របស់គាត់​ពី Real Madrid​។​

​    ​វីរបុរស​បិសាច​ក្រហម​សញ្ជាតិ​ស្កុ​តឡែ​ន​រូបនេះ​បាន​បន្ថែមទៀតថា "​ខ្ញុំ​គិតថា​គាត់​នឹង​ជា​អ្នកកែលម្អ​ក្រុម​ដ៏​ធំ​សម្បើម​ម្នាក់ ខ្ញុំ​ហ៊ាន​ធានា​"៕

ប្រភព៖ Mirror

adverise with khmeread

មតិយោបល់