ភ្នំពេញ ៖ កម្លាំងម៉ូតូ ល្បាតផ្នែក សួរចម្លើយ និងសំណុំរឿង នៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានធ្វើការល្បាតមកដល់ចំណុចក្រសួងពាណិជ្ជកម្មចាស់ ផ្លូវនរោត្តម កែងផ្លូវលេខ ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង២១ និង៣០នាទី បានឃើញជនសង្ស័យចំនួន០២នាក់ ភេទប្រុស ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ សេរី ២០០៥ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក សាំសុង ពណ៌ខ្មៅ ពីស្ត្រីម្នាក់ ពេលឃើញដូច្នេះកម្លាំងសមត្ថកិច្ចយើង បានជិះម៉ូតូដេញតាមពីក្រោយជនសង្ស័យ រហូតដល់ចំណុច ក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ។
ជនសង្ស័យទាំង០២នាក់ឈ្មោះ ៖ ១-ឈ្មោះ ចិន សុវិជ្ជា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូឌុប, ២-ឈ្មោះ មង សារ៉េត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។
វត្ថុតាងចាប់យក មធ្យោបាយធ្វើសកម្មភាពម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០០៥ លេខតួ-លេខម៉ាស៊ីន ៨១២៧៩៨៣ ស្លាកលេខ ភ្នំពេញ ១J -2179 ក្រោយពីឃាត់ខ្លួន និងមានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ចិន សុវិជ្ជា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ មង សារ៉េត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានការពាក់ព័ន្ធនឹងបទល្មើសខាងលើ ហើយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចិន សុវិជ្ជា និងឈ្មោះ មង សារ៉េតដើម្បីចាត់ការតាមនីតិវិធីច្បាប់។
នៅថ្ងៃទី០៨ ដដែល វេលាម៉ោង២៣ និង៥៥នាទី កម្លាំងជំនាញការិយាល័យនគរបាលប្រហ្មទណ្ឌកំរិតស្រាល បានយកទឹកនោមរបស់ជនសង្ស័យឈ្មោះ ចិន សុវិជ្ជា និងឈ្មោះ មង សារ៉េត មកធ្វើតេស្តប្រភេទ ONCB (តេស្តរហ័សស្វែងរកសារធាតុញៀនប្រភេទមេតំហ្វេតាមមីន) ដោយដំណើរការធ្វើតេស្តនៅចំពោះមុខជនសង្ស័យ និងអ្នកចូលរួម ជាលទ្ធផល ៖ ១-ឈ្មោះ ចិន សុវិជ្ជា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ វិជ្ជមាន (មានសារធាតុញៀន), ២-ឈ្មោះ មង សារ៉េត ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ អវិជ្ជមាន (គ្មានសារធាតុញៀន)៕
