adverise with khmeread 1 %281%29

ក្មេង​ទំនើង​២​ក្រុម​ចូល​រាំ​នៅក្នុង​ក្លឹប​ឌឺដង​ដាក់គ្នា​បង្ក​ជា​ជំលោះ​ដេញ​វាយ​គ្នា​តាម​ផ្លូវយ៉ាងអាណាធិបតេយ្យតែត្រូវបាន...

    ​ភ្នំពេញ ៖ ក្មេង​ទំនើង​២​ក្រុម​មាន​គ្នា​ជាច្រើន​នាក់​ បាន​ចូលទៅ​រាំលេង​កំសាន្ត​នៅក្នុង​ក្លឹប​កំសាន្ត​ថប ហើយ​បាន​ឌឺដង​ដាក់គ្នា​បង្ក​ជា​ជំលោះ លុះ​ចេញ​មកវិញ​ដេញ​វាយ​គ្នា​តាមផ្លូវ​សាធារណៈ​បង្ក​ការភ្ញាក់ផ្អើល ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់ទឹក​ឃាត់ខ្លួន​បាន​៣​នាក់។ 

    ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​៥០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្លឹប​កំសាន្ត​ថប តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន។ 

    សមត្ថកិច្ច​បានឱ្យដឹង​ថា នៅ​មុនពេល​កើតហេតុ​គឺ​ក្មេង​ទំនើង​ទាំង​២​ក្រុម​មាន​គ្នា​ជាច្រើន​នាក់​បាននាំគ្នា​ចូល​ផឹកស៊ី​រាំលេង​កំសាន្ត​នៅក្នុង​ក្លឹប​កំសាន្ត​ថប និង​បាន​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក​រហូត​បង្ក​ជា​ជំលោះ​ ប៉ុន្តែ​ត្រូវបាន​សន្តិសុខ​ឃាត់។ 

    ប៉ុន្តែ​ភាគី​ម្ខាង​មិន​អស់ចិត្ត​ក៏​ហៅ​បក្សពួក​ឱ្យមក​ចាំ​នៅខាងមុខ​ក្លឹប ហើយ​នៅពេល​ឃើញ​គូភាគី​ជំលោះ​ចេញពី​ក្នុង​ក្លឹប ក៏បាន​នាំគ្នា​កាន់ដំបង​គ្រប់​ដៃ​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ប្រសាច​ពេញ​ផ្លូវ បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ល្បាត​ប៉ុស្តិ៍​ទំនប់ទឹក ដេញ​តាំងពី​ចំណុច​មុខ​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត រហូតដល់​មុខ​ខារ៉ាអូខេ​អេ​ន​ជែ​ល តាម​បណ្តោយ​ផ្លូវ​លេខ​២១១ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ឃាត់ខ្លួន​បាន​ចំនួន​២​នាក់ និង​ម្នាក់ទៀត​ភ័យ​ពេក​ហក់ចុះ​ពីលើ​ម៉ូតូ​ដោយ​ខ្លួនឯង​រងរបួស និង​ត្រូវបាន​ឃាត់ខ្លួន​ផងដែរ នៅ​ខាងក្រោយ​វិទ្យាស្ថាន​វ៉ានដា។ 

    បន្ទាប់ពីឃាត់ខ្លួន​បាន​សមត្ថកិច្ច​ បាន​នាំ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទំនប់ទឹក ចំណែក​ក្មេង​ទំនើង​ដែល​វាយ​គេ​បែកក្បាល​ ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ចូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់