ភ្នំពេញ៖ ផ្តើមចេញពីមូលហេតុខ្មាន់កាំភ្លើងបានឱ្យប្រាក់ទៅលោកកែមឡីចំនួន៣ពាន់ដុល្លារដើម្បីរួមគ្នាជួយប្រជាជនតែគ្មានឃើញសកម្មភាព ទើបតាមទារលុយនោះមកវិញរហូតខឹងខ្លាំងទិញកាំភ្លើងពីប្រទេសថៃ សំដៅមកភ្នំពេញបាញ់លោកកែមឡីចោលតែម្តង ។ នេះជាសម្តីរបស់ឃាតកសារភាពភ្លាមៗប្រាប់សមត្ថកិច្ចក្រោយចាប់ខ្លួនបាន។
អំពើឃាតកម្មបាញ់ប្រហារនេះបានកើតឡើងនៅវេលាម៉ោងជិត៨និង៤៥នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងហាងម៉ាតនៃស្ថានីយ៍កាល់តិចបូកគោ ខណ្ឌចំការមន។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះកែម ឡី មុខរបរអ្នកវិភាគឯករាជ្យនៅកម្ពុជា។ រីឯជនដៃដល់ជាឃាតក មានឈ្មោះនិងរហស្សនាម "ជួប សម្លាប់"។
សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ថា ដូចសព្វមួយដង ទីកន្លែងកើតហេតុនេះលោកកែមឡី ឧស្សាហ៍មកផឹកកាហ្វេនៅក្នុងម៉ាតនេះ។ លុះនៅព្រឹកថ្ងៃកើតហេតុខណៈលោកកែមឡីកំពុងទទួលទានកាហ្វេ ក៏ស្រាប់តែលេចមុខបុរសម្នាក់ដើរសំដៅចូលមក និងនិយាយស្រែកដាក់គ្នាខ្លាំងៗ រួចជនល្មើសដកកាំភ្លើងបាញ់សំដៅក្បាលលោកកែមឡីចំនួន២គ្រាប់ដេកដួលក្នុងថ្លុកឈាមតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនល្មើសបានព្យាយាមរត់ចេញពីកន្លែងកើតហេតុដោយថ្មើរជើងទាំងសម្លៀកបំពាក់ជាប់ដោយដានឈាមជនរងគ្រោះខ្ទាតចំ ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានក្រោយកើតហេតុប្រហែល២០នាទីប៉ុណ្ណោះ ជាមួយនឹងវត្ថុតាងកាំភ្លើងខ្លីដែលធ្វើសកម្មភាព។
ជនល្មើសបាននិយាយប្រាប់សមត្ថកិច្ចថា លោកកែមឡីបានជំពាក់លុយខ្លួនចំនួន៣ពាន់ដុល្លារអស់រយៈពេលជិត១ឆ្នាំហើយតែជនរងគ្រោះមិនព្រមសង។
ជនល្មើសបានឱ្យដឹងទៀតថា នៅឆ្នាំមុនគឺខ្លួនបានឱ្យលុយ៣ពាន់ដុល្លារទៅជនរងគ្រោះ ដើម្បីរួមគ្នាជួយប្រជាជន តែខ្លួនមិនបានឃើញសកម្មភាពអ្វីទាំងអស់ ទើបតាមទារលុយនោះមកវិញរហូតខឹងខ្លាំងទៅទិញកាំភ្លើងពីប្រទេសថៃ សំដៅមកភ្នំពេញបាញ់ចោលតែម្តង។ (សំឡេងដើមជនល្មើស)។ ទោះជាយ៉ាងណា សមត្ថកិច្ចបានចាត់បញ្ជូនជនល្មើសបន្តទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសួរចម្លើយបន្ត។
ដោយឡែកនៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យ៕
