adverise with khmeread 0

​បារាំង​សង្ឃឹមលើ​កពាន Euro ទោះ​ព័រ​ទុយ​ហ្គា​ល់​មាន Ronaldo

​    ​ក្រុម​មាន់គក​បារាំង​បាន​សហការគ្នា​យ៉ាង​ល្អ​ដើម្បី​បំបាក់​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​ក្នុង​លទ្ធផល ២-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ខណៈ​ការប្រកួត​ជាមួយ​អៀរ​ឡង់ និង​អ៊ី​ស្លង់​មិនទាន់​ជាការ​ធ្វើតេស្ត​ពិតប្រាកដ ក្រុម​បារាំង​បានបង្ហាញ​យ៉ាងច្បាស់​ថា​ពួកគេ​បាន​ឆ្លងកាត់​តេស្ត​លំបាក​ជាមួយ​អាល្លឺម៉ង់​ដោយ​ជោគជ័យ​ដោយសារ​ពីរ​គ្រាប់​ដ៏​អស្ចារ្យ​របស់​កីឡាករ Griezmann​។ Griezmann ជា​កីឡាករ​ដែល​បណ្តុះ​ផ្ទាល់ដៃ​ដោយ​លោក Simeone នៅ​ក្លឹប Atl. Madrid ហើយ​រូបគេ​តែងតែ​សម្លឹង​រក​គ្រាប់​បាល់​ជានិច្ច​។

​    ​ព័រ​ទុយ​ហ្គា​ល់​ពឹង​ផ្អែកលើ Cristiano Ronaldo ដើម្បី​ឡើងមក​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្នុងនាម​ជា​អ្នកដឹកនាំ​ពី​ធម្មជាតិ​ទាំង​ក្នុង​និង​ក្រៅ​ទីលាន ខ្សែប្រយុទ្ធ Real Madrid ដែល​ធ្វើឱ្យ​ប្រជាជន​វែ​ល​ស្រក់​ទឹកភ្នែក​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រូបនេះ​បាន​មកដល់​កីឡដ្ឋាន Stade de France ក្នុង​ទីក្រុង​ប៉ារីស​ថ្ងៃអាទិត្យ​នេះ​ជាមួយ​គោលបំណង​ដ៏​មោះមុត​មួយ​គឺ​ជួយ​ប្រទេស​របស់ខ្លួន​លើក​ពាន​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ឱ្យ​ទាល់តែ​បាន​។ ច្បាស់​ណាស់ ព័រ​ទុយ​ហ្គា​ល់​ប្រហែល​នៅ​ចងចាំ​មិន​ភ្លេច​ទេ​នូវ​រាត្រី​ដ៏​កម្សត់​ក្នុង​ឆ្នាំ ២០០៤ នៅពេល​ក្រុម​នេះ​ភ្លាត់ស្នៀត​ចាញ់​ក្រិ​កនៅ​វគ្គ​ផ្តាច់ព្រ័ត្រ​សឹង​មិនគួរ​ឱ្យ​ជឿ​។ ព័រ​ទុយ​ហ្គា​ល់លេង​ពឹង​ផ្អែកលើ​ខ្សែការពារ និង ប្រើការ​វាយបក​លឿនៗ​ទៅលើ​គូប្រជែង​។

​    ​* ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​រវាង​ក្រុម​ទាំងពីរ​
​    ​- បារាំង​លេង​យ៉ាង​អស្ចារ្យ​ពេល​ឈ្នះ​អាល្លឺម៉ង់ ២-០​។​
​    ​- បារាំង​ឈ្នះ ៥ ក្នុងចំណោម ៦ ប្រកួត​ក្នុង Euro ឆ្នាំនេះ និង​មាន​ខ្សែប្រយុទ្ធ​ល្អ​ជាងគេ ជាមួយ​គ្រាប់​បាល់​ស៊ុត ១៣ គ្រាប់​រួចមកហើយ​!
​    ​- បន្ទាប់ពី​ចូល​លេង​លើកដំបូង​ជាមួយ​អ៊ី​ស្លង់ កីឡាករ Samuel Umtiti បាន​ចូល​លេង​ម្តងទៀត​ពេល​ប៉ះ​អាល្លឺម៉ង់ ដោយ​ចាប់​ដៃគូ​ការពារ​យ៉ាងរឹងមាំ​ជាមួយ Koscielny ហើយ​រូបគេ​ខ្លាំង​បំផុត​គឺ​បាល់​លើ​មេឃ​។
​    ​- ព័រ​ទុយ​ហ្គា​ល់​ចាញ់​បារាំង ៤ ប្រកួត​ចុងក្រោយ​។​
​    ​- Pepe អាច​អវត្តមាន​ថ្ងៃនេះ ប៉ុន្តែ​ប្រសិនបើ Bruno Alves បង្ហាញ​ទម្រង់​លេង​ល្អ​ដូច​លេង​ជាមួយ​វែ​ល នោះ​ខ្សែប្រយុទ្ធ​បារាំង​ច្បាស់​ជា​ពិបាក​ចោះ​ជាក់​ជាមិនខាន​។

​    ​បារាំង​ដឹងខ្លួន​ច្បាស់​ណាស់​ថា​ពួកគេ​មិន​ងាយ​ផ្តួល​ព័រ​ទុយ​ហ្គា​ល់​ទេ​ព្រោះ​មាន Ronaldo ជា​អ្នកដឹកនាំ​។ ប៉ុន្តែ​បារាំង​បាន​បង្ហាញថា​ពួកគេ​សាមគ្គី​គ្នា​យ៉ាង​ល្អ ដែល​ធ្វើឱ្យ​ក្រុម​ផ្សេងទៀត​មិន​ងាយ​ទម្លុះ​សំណាញ់​ទី​របស់​បារាំង​ងាយៗ​នោះឡើយ​។ អ្នកចាំទី Lloris ក៏​អស្ចារ្យ ខ្សែការពារ​ដៃគូ Umtiti និង Koscielny លេង​ប្រកបដោយ​ភាពជឿជាក់ និង​តំបន់​បម្រើ​ប្រយុទ្ធ​ទាំងបី​នាក់ Griezmann-Payet-Giroud លេង​យ៉ាង​ស៊ីចង្វាក់​គ្នា ក្រុម​បារាំង​មាន់គក​មួយ​នេះ​មាន​គ្រប់​សព្វាវុធ​ទាំងអស់​ដើម្បី​ដណ្តើមពាន Euro 2016 ក្នុង​រដ្ឋធានី​របស់ខ្លួន​។ បារាំង​ឈ្នះ​ការប្រកួត​នេះ​៕

adverise with khmeread

មតិយោបល់