adverise with khmeread 10 reasons

ហេតុផល ១០ នេះ​បង្ហាញថា​មនុស្ស​ដែល​ចូលចិត្ត​ចំណាយពេល​នៅតែ​ឯង​មាន​ភាពជោគជ័យ​ជាង​

    ​ការចំណាយ​ពេល​នៅ​ស្ងាត់​ម្នាក់ឯង​មិនមែន​មានន័យថា អ្នកជា​មនុស្ស​ឯកោ​ទេ ប៉ុន្តែ​វា​ជា​ឱកាស​មួយ​ដែល​អ្នក​អាច​ស្វែងយល់​ពី​ខ្លួនឯង និង​ដឹងថា​ខ្លួនឯង​ជា​នរណា​ឱ្យ​ពិតប្រាកដ​។ ជួនកាល​ប្រសិនបើ​អ្នក​នៅ​ជុំវិញ​មិត្តភក្តិ​គ្រប់ពេល និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ច្រើនពេក លោកអ្នក​នឹង​គ្មាន​ពេល​រកមើល​ធាតុពិត​នៅក្នុង​ខ្លួន​យើង​ទេ និង​មិនដឹងថា​ខ្លួនឯង​ជា​នរណា​ឱ្យ​ច្បាស់​នោះឡើយ​។ នៅពេល​មិនទាន់​ស្គាល់​ខ្លួនឯង​ច្បាស់ កុំ​ទាន់​អាល​និយាយថា ខ្លួន​នឹង​ក្លាយជា​មនុស្ស​ជោគជ័យ​។ 

​    ​តើ​ការ​ចំណាយពេល​នៅតែ​ម្នាក់ឯង​ជួយ​លោកអ្នក​ឱ្យ​ជោគជ័យ​តាមរបៀប​ណា​?

​    ​១. រសាយ​ពី​ទុក្ខ​កង្វល់​
​    ​ស្ត្រេ​ស៍បាន​ប្រមូលផ្តុំ​ច្រើនឡើងៗ​ក្នុង​ជីវិត​របស់​យើង ហើយ​វា​លំបាក​ណាស់​ក្នុង​ការញែក​ឱ្យដាច់​រវាង​ខ្លួន​យើង និង អ្វីដែល​មាននៅ​ក្នុង​ខ្លួន​យើង​។ ការចំណាយ​ពេល​នៅ​ម្នាក់ឯង​ផ្តល់ឱកាស​ឱ្យ​យើង​ដកឃ្លា​ពី​ភាព​រវល់ ដកដង្ហើម​បាន​ស្រួល និង​ធ្វើឱ្យ​យើង​មាន​ស្មារតី​ភ្លឺ​ថ្លា​គិត​អ្វី​ក៏​ឆាប់​ចេញ​។ អំឡុង​ដំណើរការ​នេះ យើង​អាច​បំបាត់​រាល់​គំនិត​អវិជ្ជមាន និង​គំនិត​មិនចាំបាច់​។ ការ​មានទុក្ខ​កង្វល់​តិចតួច​ផ្តល់​ពេលវេលា​ឱ្យ​យើង​បាន​ច្រើន​ដើម្បី​រកឃើញ​គំនិត​ច្នៃប្រឌិត និង​ស្វែងយល់​ពី​ខ្លួនឯង​ឱ្យ​កាន់តែច្បាស់​។   

​    ​២. ចងចាំ​បានល្អ​
​    ​យោងតាម​ការសិក្សា​រប​ស់​សាកលវិទ្យាល័យ​ហា​វើដ មនុស្ស​អាចមាន​សមត្ថ​ភាព​ចងចាំ​ឥត​ភ្លេច​នៅពេល​ពួក​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​សញ្ជប់​សញ្ជឹងគិត​តែម្នាក់ឯង​។ ការចំណាយ​ពេលខ្លះ​នៅតែ​ឯង​អាចឱ្យ​មនុស្ស​ម្នាក់​មើលឃើញ​ពី​ទស្សនៈវិស័យ​ត្រឹមត្រូវ និង​អាចធ្វើឱ្យ​ពួកគេ​ចងចាំ​ល្អប្រសើរ​ផងដែរ​។ 

​    ​៣. រកឃើញ​ពី​ភាព​ច្នៃប្រឌិត​របស់ខ្លួន​
​    ​ការចំណាយ​ពេល​នៅតែ​ឯង​អនុញ្ញាតឱ្យ​ភាព​ច្នៃប្រឌិត​លេច​រូបរាង​ឡើង​យ៉ាង​ត្រចង់​។ ការ​នៅតែ​ម្នាក់ឯង​អនុញ្ញាតឱ្យ​អ្នក​ស្តាប់​ខ្លួនឯង និង​ផ្តោតលើ​អ្វីដែល​អ្នក​ពិតជា​ចង់បាន​។ ជួនកាល ការរំខាន​ផ្សេងៗ​បាន​បង្វែរ​ការគិតរ​បស់​យើង និង​បញ្ឈប់​យើង​មិនឱ្យ​គិត​អ្វី​បាន​វែងឆ្ងាយ​នោះទេ​។ ការចំណាយ​ពេល​នៅតែ​ឯង​ផ្តល់ឱ្យ​យើង​នូវ​ពេលវេលា​ដើម្បី​ធ្វើការ​ឆ្លុះបញ្ចាំង និង​អាចឱ្យ​យើង​រកឃើញ​ភាព​ច្នៃប្រឌិត​ចេញពី​ខ្លួន​យើង​។ គំនិត និង​ភាព​រីកចម្រើន​កើតឡើង​ក្នុងពេល​ដែលមាន​ការច្នៃ​ប្រឌិត​ចេញពី​ក្នុង​ខ្លួន​បុគ្គល​នីមួយៗ​។ 

​    ​៤. ដឹងថា​ពួកគេ​ជា​នរណា​
​    ​ការពិត​គឺថា​យើង​កើតមក​តែម្នាក់ឯង ហើយក៏​មានន័យថា​ស្លាប់​ទៅវិញ​ក៏​ម្នាក់ឯង​ដែរ​។ ការចំណាយ​ពេលខ្លះ​នៅតែ​ឯង​ផ្តល់ឱកាស​ឱ្យ​យើង​មើលឃើញ​ចំណុច​ពិសេស​មួយ​ផ្ទាល់ខ្លួន ហើយ​អ្នក​មិនចាំបាច់​ទៅធ្វើ​ការប្រៀបធៀប​ជាមួយ​នរណា​ទាំងអស់​។ ភាពជោគជ័យ​កើតឡើង​ពី​ការដែល​ដឹងថា​ខ្លួនឯង​ជា​នរណា និង​អ្វីដែល​អ្នក​ចង់​បានចេញ​ពី​ជីវិត​របស់​អ្នក​។  

​    ​៥. មើលឃើញ​ទំនាក់ទំនង​ស្នេហា​កាន់តែច្បាស់​
​    ​ការចំណាយ​ពេល​នៅតែ​ឯង​ផ្តល់ឱ្យ​អ្នក​នូវ​ការយល់ដឹង​កាន់តែ​ប្រសើរ​អំពី​ខ្លួនឯង និង​អ្វីដែល​អ្នក​ពេញចិត្ត​បំផុត​ក្នុង​ជីវិត​។ ពេល​អ្នក​ពិបាក​កំណត់​យក​ប្រភេទ​ទំនាក់ទំនង​ស្នេហារ អ្នក​អាច​រកឃើញ​ទំនាក់ទំនង​នោះបាន ដរាបណា​អ្នកមាន​អារម្មណ៍​មូល ហើយ​ពេល​ដែលមាន​អារម្មណ៍​មូល​គឺ​ការ​សញ្ជប់សញ្ជឹង​តែម្នាក់ឯង​នេះឯង​។​

​    ​៦. មានការ​ផ្តោតអារម្មណ៍​បាន​ខ្លាំង​ជាង​មុន​
​    ​យោងតាម​ការសិក្សា​មួយ សិស្ស​ដែល​រៀន​តែម្នាក់ឯង​ធ្វើបាន​ល្អ​ជាង​សិស្ស​ដែល​រៀន​ជា​ក្រុម​។ ការសិក្សា​បែបនេះ​បាន​កំណត់ថា សិស្ស​ដែល​ចំណាយពេល​ឆ្លុះបញ្ចាំង​ពី​ខ្លួនឯង​មានការ​ផ្តោតអារម្មណ៍​បានល្អ​ប្រសើរ​ជាង​។ ការផ្តោត​អារម្មណ៍​បានល្អ​នាំទៅរក​ភាពជោគជ័យ​នៅ​សាលា និង​ក្នុង​ជីវិត​ការងារ​របស់​អ្នក​។​

​    ​៧. បង្កើន​ថាមពល​ឡើងវិញ និង​ជំរុញ​ផលិតភាព​ការងារ​
​    ​ខួរក្បាល​របស់​មនុស្ស​ត្រូវបាន​បង្កើតឡើង​ដើម្បី​មាន​ពេល​សម្រាក​ខ្លះ និង​ស្តារ​ថាមពល​ឡើងវិញ ទើប​រាងកាយ​របស់​ម​នុស្ស​ម្នាក់​អាច​វិលត្រឡប់​ទៅរក​ភាព​ដើម​ឡើងវិញ​។ ការដែល​គ្មាន​ការរំខាន និង​ការចំណាយ "​ពេល​នៅតែ​ឯង​" អនុញ្ញាតឱ្យ​អ្នកធ្វើ​ចិត្តគំនិត​ស្រស់ថ្លា និង​គិត​បាន​កាន់តែច្បាស់​។ រាងកាយ​របស់​អ្នកនឹង​ទាញយក​អត្ថប្រយោជន៍​ពី​ពេលវេលា​នេះ​ដើម្បី​បង្កើន​ថាមពល​ឱ្យ​រស់​រវើក​ឡើងវិញ​។ 

​    ​៨. អាចធ្វើ​ការសម្រេចចិត្ត​បាន​ឆ្លាត​វៃ​ជាង​មុន​
​    ​ការចំណាយ​ពេល​នៅតែ​ឯង​ផ្តល់ឱកាស​ដល់​អ្នក​គិត​គ្រប់​សកម្មភាព​។ អ្នក​អាចមាន​ឆន្ទៈ​ការពារ​គោលជំហរ​រប​ស់​អ្នក​សម្រាប់​អ្វីៗ​ដែល​អ្នក​ចង់​ប្តេជ្ញាចិត្ត​សម្រេច​ឱ្យ​ទាល់តែ​បាន​។ ការចំណាយ​ពេល​នៅតែ​ឯង​ជួយ​អ្នក​ឱ្យ​រកឃើញ​សំឡេង​ខាងក្នុង​របស់​អ្នក ហើយ​អ្នក​អាច​កំណត់​ការសម្រេច​ចិត្តបាន​យ៉ាង​ឆ្លាត​វ័យ ជំនួស​ឱ្យ​ការធ្វើសកម្មភាព​ស្រេច​តែ​ទំនើងចិត្ត​។ 

​    ​៩. អាច​ដោះស្រាយ​បញ្ហា​យ៉ាង​មាន​ប្រសិទ្ធភាព​
​    ​គ្មាន​នរណាម្នាក់​រស់នៅ​ដោយ​គ្មាន​បញ្ហា និង​ការ​ប្រឈម​នោះទេ​។ ក៏ប៉ុន្តែ តាមរយៈ​សំឡេង​រំខាន និង​ការរំខាន​ផ្សេងៗ វា​បានធ្វើ​ឱ្យមាន​ការលំបាក​ក្នុង​ការគិត​ឱ្យ​ច្បាស់លាស់​ថា​តើ​សកម្មភាព​មួយណា​ដែល​គួរតែ​ធ្វើឡើង​។ អ្នកត្រូវការ​ពេលវេលា​ខ្លះ​ដើម្បី​វិភាគ និង​ធ្វើឱ្យ​ដំណោះស្រាយ​ពិតប្រាកដ​មួយ​។ ការចំណាយ​ពេល​នៅតែ​ឯង​ធ្វើឱ្យ​អ្នកមើល​បញ្ហា​ជា​ឧបសគ្គ​បណ្តោះអាសន្ន​ជាជាង​មើលឃើញ​វា​ជា​បញ្ហា​ដោះស្រាយ​មិន​ចេញ​។ 

​    ​១០- ចេះ​ឱ្យ​តម្លៃ​ជីវិត​ខ្លួនឯង មិន​ថា​មាន​ឬ​ក្រ​
​    ​ការចំណាយ​ពេល​នៅតែ​ឯង​ធ្វើឱ្យ​អ្នកមើល​ឃើញ​ជីវិត​មានតម្លៃ​។ អ្នក​ឱ្យ​តម្លៃ​ពេលវេលា និង​ទ្រព្យ​ជាប់​ខ្លួន​ដែល​អ្នកមាន និង​ជួយ​អ្នក​មិនឱ្យ​ច្រណែន​អ្នកដទៃ ដែលមាន​ជាង ឬ​ក្រ​ជាង​នោះឡើយ​៕

adverise with khmeread
ប្រភព៖ Lifehack

អ្នកនឹងចូលចិត្ត

មតិយោបល់