adverise with khmeread 2

Cristiano Ronaldo ដែល​ដូរ​ចេញ​តាំងពី​តង់​ទីមួយ​រំភើប​ស្រក់​ទឹកភ្នែក​ក្រោយ​ព័រ​ទុយ​ហ្គា​ល់​គ្រង​ជើងឯក​អឺរ៉ុប​

    ​ព័រ​ទុយ​ហ្គា​ល់​បាន​យកឈ្នះ​ដោយ​គ្មាន​វត្តមាន​ប្រធាន​ក្រុម Cristiano Ronaldo ដោយសារ​របួស​តាំងពីដើម​តង់​ទីមួយ ក្រោយពី​ផ្តួល​ម្ចាស់ផ្ទះ​បារាំង​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​អឺរ៉ុប Euro 2016 និង​ឈ្នះ​ពានរង្វាន់​ដ៏​ធំ​របស់ខ្លួន​ជា​លើកដំបូង​ដោយសារ​គ្រាប់​បាល់​ដ៏​ពិសេស​របស់​កីឡាករ​បម្រុង Eder នៅ​នាទី​ទី ១០៩ ក្នុង​ម៉ោង​បន្ថែម ១៥ នាទី​ពីរដង​។​

​    ​កីឡាករ​ក្រុម​អធិរាជ​ស Real Madrid ខ្សែប្រយុទ្ធ​ឆ្នើម Ronaldo បាន​សម្រក់​ទឹកភ្នែក​ក្រោយ​ការ​សែង​ចេញពី​ទីលាន​ក្នុង​នាទី ២៥ នៅឯ​ទឹកដី Stade de France ប្រាំបី​នាទី​បន្ទាប់ពី​គាត់​រងរបួស​ជង្គង់​ក្នុងការ​ប៉ះទង្គិច​មួយ​ជាមួយ​ខ្សែបម្រើ​បារាំង Dimitri Payet​។​

​    ​បារាំង ដែល​គេ​គិតថា​នឹង​ឈ្នះ​ការប្រកួត​នេះ មិនអាច​កេងចំណេញ​លើ​អវត្តមាន​របស់ Ronaldo បាន ទោះបីជា​ពួកគេ​ស្ទើរតែ​ឈ្នះ​នៅ​ចុងបញ្ចប់​ម៉ោង​ធម្មតា​ក៏ដោយ ពេលដែល​កីឡាករ​បម្រុង Andre-Pierre Gignac បាន​ប្តូរ​ចូល និង​មានឱកាស​ស៊ុត​បាល់​ដ៏​គ្រោះថ្នាក់​ប៉ុន្តែ​បានត្រឹមតែ​បុក​បង្គោល​ទី​ប៉ុណ្ណោះ​។​


​    ​
​    ​កីឡាករ​ព័រ​ទុយ​ហ្គា​ល់ Raphael Guerreiro បាន​ស៊ុត​បាល់​ហ្វ្រ៊ី​ឃី​ក​ដ៏​មុត​ស្រួច​ប៉ុន្តែ​បាន​ត្រឹម​បុករ​បាទី បន្ទាប់ពី​លេង​បាន ១០៨​នាទី ប៉ុន្តែ​ប៉ុន្មាន​វិនាទី​ក្រោយមក Eder បាន​ស៊ុត​បាល់​ទាប​ចម្ងាយ​២៣​ម៉ែត្រ​ផុត​អ្នកចាំទី​បារាំង Hugo Lloris​។​

​    ​Ronaldo ដែល​បាន​លើកទឹកចិត្ត​មិត្ត​រួម​ក្រុម​របស់គាត់​នៅពេល​សម្រាក​មុន​ម៉ោង​បន្ថែម​ឈាន​មកដល់ បានឱ្យ​ដំបូន្មាន​យុទ្ធវិធី​ជាច្រើន​ខណៈដែល​គ្រូបង្វឹក​លោក Fernando Santos កំពុង​វឹកវរ​នៅ​ម៉ោង​បន្ថែម ហើយ​គាត់​បាន​សម្រក់​ទឹកភ្នែក​ជា​លើក​ទី​ពីរ​នៅឯ​ស្នូរ​កញ្ចែ​បញ្ចប់​ការប្រកួត មុនពេល​គាត់​មានសំណាង​បាន​លើក​ពាន​ដែល​តែងតែ​ខកខាន​សម្រាប់​ប្រទេស​របស់គាត់​ក្នុង​រយៈពេល​ដ៏​យូរ​កន្លងមកនេះ​៕

adverise with khmeread
ប្រភព៖ BBC, ដេលីមែល

មតិយោបល់