adverise with khmeread 6fbad283 4531 4369 8401 3f38d6550e35

ជនសង្ស័យ​ម្នាក់​ជិះ​កង់​មក​វាយ​ប្លន់​យក​ម៉ូតូ​ស្កូ​ប​ពី ពី​នារី​ម្នាក់​បានសម្រេច​

    ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ជិះ​កង់​ឌុប​គ្នា​មក​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ស្កូ​ប​ពី ពី​នារី​ម្នាក់​បានសម្រេច ខណៈដែល​នារី​រងគ្រោះ​ជិះ​ម៉ូតូ​មក​ឈប់​ខាងមុខ​ផ្ទះជួល​ហើយ​ឈរ​ចាក់សោ​ចូល​ផ្ទះ​។​

    អំពើ​ប្លន់​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១ ​និង​២០​យប់ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​បេតុង​លេខ ១៦ ក្រុមទី​១៣ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សឿ​ម សុខ​ហ៊ា​ប ភេទ​ស្រី អាយុ​២៨ឆ្នាំ ធ្វើការ​នៅ​ក្រុមហ៊ុន​ទេសចរណ៍ ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ភូមិ រំចេក​៤ ឃុំ​រត​នះ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង​។​

    បើតាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូបគាត់​ទើបតែ​មកពី​កម្មវិធី​ជប់លៀង​នៅ​ម្ដុំ​ក្រោយ​វាំង ដោយ​ជិះ​ម៉ូតូ​ម៉ាក ស្កូ​ប​ពី ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1FC-5333 ពេលដែល​ជិះ​មកដល់​ខាងមុខ​បន្ទប់​ជួល​ក៏​ចុះ​ពី​ម៉ូតូ​ដើរទៅ​ដាក់​សោ​ទ្វាររបង​ផ្ទះជួល​ដោយ​មិនបាន​ដក​កូនសោ​ម៉ូតូ​ចេញពី​ម៉ូតូ​នោះទេ​។​

    ជនរងគ្រោះ​បាន​បន្តថា ពេលដែល​ចាក់សោ​របង​រួច​ស្រាប់​តែមាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​កង់​មួយគ្រឿង​មក​ឈប់​ក្បែរ​ហើយ​ឡើង​ជិះ​ម៉ូតូ​របស់ខ្លួន​ហើយ​រូបគាត់​បាន​ប្រតាយ ប្រតប់​ជាមួយ​ជនសង្ស័យ​និង​ស្រែក​ឱ្យគេ​ជួយ​ដែរ​តែ​អត់​មាន​អ្នក​ចេញមក ត្រូវគេ​ជនសង្ស័យ​វាយ​និង​រុញ​គាត់​ឱ្យ​ដួល​ហើយ​ឡើង​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​ដោយ​ទុក​កង់​ដែល​ជិះ​មក​ធ្វើ​សកម្មភាព​នៅ​កន្លែងកើតហេតុ​។​

    ក្រោយ​កើតហេតុ​ជិត​មួយ​ម៉ោង​ទើប​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​និង​នាំ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​បឹងទំពុន ដើម្បី​កំណត់​មុខសញ្ញា តាម​ចាប់ខ្លួន​ជនសង្ស័យ​មក​កាត់ទោស​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់