adverise with khmeread Money

វិធី​ឡូយៗ​ទាំង ១០ ក្នុងការ​សន្សំ​លុយ​ឱ្យមាន​ប្រសិទ្ធភាព​នា​សតវត្សរ៍​ទី ២១

"​ចំណាយ​ឱ្យ​ឆ្លាត​, សន្សំ​ឱ្យ​ឆ្លាត​"​។ យើងទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​ឭ​ឃ្លា​នេះ​ពីមុន​៖ កុំ​ចំណាយ​លើសពី​តម្រូវការ ហើយ​ត្រូវ​ចេះ​សន្សំ​គ្រប់​កាក់​សេន​ដែល​អាច​ធ្វើបាន​។ សំណាងល្អ ពិភពលោក​ដែល​វិវត្តន៍​ផ្នែក​បច្ចេកវិទ្យា​បច្ចុប្បន្ន​បានផ្តល់​ឧបករណ៍​ដល់​យើង​ជាច្រើន​ដើម្បី​សន្សំ​លុយ​សម្រាប់​អនាគត​។

​តោះ​អាន​ទាំងអស់គ្នា​ថា​តើ​វិធី​ទាំងនោះ​មាន​អ្វីខ្លះ​?

១- ធ្វើឱ្យ​ការ​សន្សំ​លុយ​កើតឡើង​ដោយ​ស្វ័យប្រវត្តិ​
​សឹង​គ្រប់​ធនាគារ​ទាំងអស់​នឹង​អនុញ្ញាតឱ្យ​អ្នកបង្កើត​ប្រព័ន្ធ​មួយ ដែល​តម្កល់​លុយ​មួយចំនួន​តូច​ដោយ​ស្វ័យប្រវត្តិ​ទៅក្នុង​គណនី​សន្សំ​របស់​អ្នក នៅពេលណា​ដែល​អ្នកចំណាយ​ទិញ​អ្វីមួយ​ដោយ​ប្រើ​កាត​ឥណ​ពន្ធ​។ ហើយ​ចំនួន​ប្រាក់​សន្សំ​នោះ​អាច​ទាប​បំផុត​ត្រឹម ៥០ សេន ដោយ​វា​អាចធ្វើឱ្យ​គ្រប់គ្នា​អាច​សន្សំ​លុយ​ដោយ​មិនចាំបាច់​គិត​ច្រើន​នោះទេ​។

២- ស្នើសុំ​ធនាគារ​ឱ្យ​កាត់​ការប្រាក់​ទាប​
​ទូរស័ព្ទ​ទៅ​ក្រុមហ៊ុន​ប័ណ្ណឥណទាន​របស់​អ្នក រួច​ប្រាប់​ពួកគេ​ថា​អ្នក​ចង់បាន​អត្រា​ការប្រាក់​ទាប​។ ឱកាស​ដែល​ពួកគេ​និយាយថា​យល់ព្រម​គឺ​ពិតជា​អាច​កើតមានឡើង​។ ជាការ​ពិត នេះ​ជា​រឿង​ប្រសើរ​មួយ ប្រសិនបើ​អ្នក​ពុំមាន​សមតុល្យ​គ្រប់គ្រាន់​ក្នុង​ប័ណ្ណឥណទាន ប៉ុន្តែ​ប្រសិនបើ​ករណី​មាន​រឿងនេះ​កើតឡើង វា​មិនជា​ការល្អ​ទេ​ឬ ដែល​ត្រូវ​បង់​ការប្រាក់​ទាប​នោះ​?

៣- ប្រើ​ជា​សាច់ប្រាក់​សុទ្ធ​
​លៃលក​សាច់ប្រាក់​មួយចំនួន​ជាក់លាក់​រៀងរាល់​សប្តាហ៍​សម្រាប់​អាហារ សម្លៀកបំពាក់​និង​កាដូ ការកម្សាន្ត ការធ្វើដំណើរ សត្វ​ចិញ្ចឹម​។​ល​។ និង​យកប្រាក់​ក្នុង​ចំនួន​ជាក់លាក់​នេះ​ចេញពី​ធនាគារ​របស់​អ្នកជា​សាច់ប្រាក់​សុទ្ធ​។ អ្នក​ត្រូវ​ជ្រើសរើស​ប្រភេទ​ចំណាយ​ណា​ដែលមាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​។ សរសេរ​វា​ចូលក្នុង​បញ្ជី​ត្រូវ​ទិញ​របស់​អ្នក​។ នៅពេល​លុយ​ដែល​កាន់​នឹង​ដៃ​ចេះតែ​ហោចទៅៗ អ្នក​ច្បាស់​ជា​នឹង​រកឃើញ​ហេតុផល​ដែល​មិនត្រូវ​ចំណាយលុយ​នោះ​ខ្ជាំ​ងៗ​ទៀតឡើយ​។ អ្នក​ច្បាស់​ជា​ចង់​សល់​លុយ​ខ្លះ​នៅ​ចុង​សប្តាហ៍​!

៤- កំណត់ពេល​ឱ្យ​អ្វីៗ​បិទ​បើក​ដោយ​ស្វ័យប្រវត្តិ​
​ម៉ាស៊ីនកំដៅ ភ្លើង​អំពូល​អគ្គីសនី និង​ទូរទស្សន៍​របស់​អ្នក គឺ​សុទ្ធតែ​អាច​គ្រប់គ្រង​បាន​ដោយ​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​។ មាន​ផលិតផល​តម្លៃថោកៗ​ច្រើនណាស់​ដែល​គេ​រចនា​ឡើង​ដែល​អាចឱ្យ​អ្នកកំណត់​កម្មវិធី ឱ្យ​វា​បើក និង​បិទ​ដោយ​ស្វ័យប្រវត្តិ​។ តាមរយៈ​ការកំណត់​ឱ្យ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​បិទ​បើក​ដោយ​ខ្លួន​វា អ្នកនឹង​សន្សំសំចៃ​លុយ​លើ​អគ្គីសនី​បាន​យ៉ាងច្រើន​។  

៥- បិទ​វាំងនន​របស់​អ្នក​
​តើ​អ្នកមាន​វាំងនន​ទេ​? សូម្បី​ផ្ទាំង​ក្រណាត់​ក៏​អាចជួយ​សន្សំ​លុយ​បានដែរ​។ វាំងនន​ជួយ​បាំង​កម្តៅ​និង​ចំហាយ​ក្តៅ​មិន​ចូលក្នុង​បន្ទប់​នៅពេល​មេឃ​ក្តៅ​ខ្លាំង ដូចនេះ​អ្នកនឹង​មិនចាំបាច់​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើន​នោះទេ​។ ហើយ​វា​ក៏​ជួយ​ទប់​កុំ​ឱ្យមាន​សីតុណ្ហភាព​ត្រជាក់​ពី​ខាងក្រៅ​ចូលមកក្នុង​ច្រើន​នោះដែរ ដូច្នេះ​អ្នកនឹង​មិន​ប្រើ​ម៉ាស៊ីនកំដៅ​ច្រើន​ដូចគ្នា​។  

៦- ប្តូរ​ទៅប្រើ​អំពូល​ដែល​សន្សំសំចៃ​ថាមពល​
​បច្ចេកវិជ្ជា​អំពូល​ចុងក្រោយ​នេះ​អាច​នឹងមាន​តម្លៃ​ថ្លៃ​បន្តិច ប៉ុន្តែ​វា​ជួយ​សន្សំសំចៃ​ថាមពល​បាន​ច្រើនណាស់​។ នៅចាំ​ដល់​ណា ទៅ​ទិញ​អំពូល​ប្រភេទ LED ទៅ​វា​ជួយ​បាន​ច្រើនណាស់​។

៧- ដោះដូរ​សម្លៀកបំពាក់​ជាមួយ​មិត្តភក្តិ​
​ចង់បាន​សម្លៀកបំពាក់​ថ្មី​ទេ​? មិត្ត​របស់​អ្នក​អាច​នឹងមាន​សម្លៀកបំពាក់​ល្អ​ច្រើន​ដែល​អ្នក​ចង់​បានដែរ ហើយ​ពួកគេ​មិនដែល​ពាក់​វា​សូម្បី​បន្តិច​ផង​។ អញ្ជើញ​ពួកគេ​មកជួប​អ្នក ហើយ​ឱ្យ​ពួកគេ​យក​ឈុត​យ៉ាងតិច ១០ ដែល​ពួកគេ​ចង់​មក​ដោះដូរ​ជាមួយ​អ្នក​។ អ្នក​អាច​ដោះដូរ​សម្លៀកបំពាក់​ជាមួយ​ពួកគេ​ដោយ​មិនចាំបាច់​ចំណាយ​អស់​មួយ​សេន​ទេ​។

៨- ប្រើប្រាស់​វេ​ប​សាយ​សម្រួល​ដល់​ការទិញ​ទំនិញ​បញ្ចុះតម្លៃ​ប្រចាំថ្ងៃ​
​សូម​ទិញ​ទំនិញ​ដែល​អ្នក​ចូលចិត្ត​ដោយ​ប្រើ​វេ​ប​សាយ​ផ្តល់​សេវា​ប័ណ្ណ​បញ្ចុះតម្លៃ​។ អ្នក​អាច​សន្សំសំចៃ​ប្រាក់​បាន​ច្រើនណាស់​លើ​រាល់​ទំនិញ​ដែល​អ្នក​ចង់​ទិញ​។

៩- ដកខ្លួន​ចេញពី​សមាជិក​ហាត់ប្រាណ​
​តើ​អ្នក​មិនមែន​កំពុង​ប្រើ​ប័ណ្ណសមាជិក​ហាត់ប្រាណ​ទេ​ឬ​? បើ​កំពុង​ប្រើ លុបចោល​វិញ​ទៅ​។ ពាក់អាវ​ហាត់ប្រាណ​ហើយ​ចេញទៅ​រត់​ត្រឹកៗ​ខាងក្រៅ​គ្មាន​អស់​មួយ​រៀល​នោះទេ​។ អ្នក​នៅតែ​អាច​ហាត់ប្រាណ​បាន ហើយ​អាច​សន្សំ​លុយ​បាន​ទៀត ជាពិសេស​អាច​ស្រូបយក​ខ្យល់​បរិសុទ្ធ​ថែមទៀត​។

១០- លក់​ចេញ​នូវ​របស់​ដែល​អ្នក​លែង​ត្រូវការ​
​មើល​កន្លៀត​ទូរ​ទឹកកក មើល​ក្នុង​ទូរ​ដាក់​សម្ភារៈ និង​សូម្បី​ក្រោម​គ្រែ​របស់​អ្នក​ថា​តើ​មាន​អ្វីខ្លះ​ដែល​អ្នក​ទុកចោល​មិនដែល​ប្រើ ឬក៏​លែង​ត្រូវការ​។ យក​វា​លក់​ឱ្យអស់​រួច​យកលុយ​មក​ដាក់​ក្នុង​កុង​សន្សំ​លុយ​។ អ្នកនឹង​ភ្ញាក់ផ្អើល​ពេល​ឃើញ​របស់​ឥតប្រយោជន៍​ប្រែក្លាយ​ទៅជា​លុយ​!

​មាន​វិធី​សន្សំសំចៃ​លុយ​ជាច្រើន​ទៀត ដែល​អ្នក​អាចអនុវត្ត​បាន តែ​វា​អាចមាន​ការលំបាក​។ ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​វិធី​សន្សំ​លុយ​ដោយ​មិនបាច់​ប្រឹង និង​មាន​ប្រសិទ្ធភាព អ៊ីចឹង​គន្លឹះ​សន្សំ​លុយ​ទាំង ១០​ដូចខាងលើ​គឺ​ពិតជា​ត្រូវ​ម៉ាច់​សម្រាប់​អ្នក​ហើយ​។  

​នៅពេលណា​ដែល​អ្នក​ធ្វើបាន​ដូចខាងលើ​នេះហើយ អ្នក​ច្បាស់​ជា​សម្រេចចិត្តថា​តើ​ត្រូវធ្វើ​អ្វី​ជាមួយនឹង​លុយ​សន្សំ​ទាំងនេះ​។ ចាប់ផ្តើម​បើកហាង​រកស៊ី​? កក់​ការធ្វើដំណើរ​កម្សាន្ត​ក្រៅប្រទេស​? នៅមាន​ជម្រើស​ច្រើន​រាប់មិនអស់​ទៀត ដែល​អ្នក​អាច​ធ្វើបាន​ជាមួយនឹង​លុយ​សន្សំ​ទាំងនោះ​៕

adverise with khmeread

មតិយោបល់