adverise with khmeread Untitled 1

សាវតា​ជាតិ​របស់លោក​បណ្ឌិត កែម ឡី​

         ​ភ្នំពេញ​៖ លោក​បណ្ឌិត កែម ឡី ជា​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុង​ស្ដារ​ម៉ា​ត (Star Mart) ស្ថានីយ៍​លក់​ប្រេងឥន្ធនៈ​កាល់​តិច (Caltex)​។​

​    ​ឃាតករ​ហៅ​ខ្លួនឯង​ថា​" ជួប សម្លាប់​" ឈ្មោះ​ពិត "​អឿង អាង​" ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ទីលំនៅ​កំណើត​ភូមិ ទន្លេ​សរ ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ភ្លាមៗ  ហើយ​ឃាតករ​រូបនេះ​អះអាង​ជំហាន​ដំបូង​ថា មូលហេតុ​ដែល​ខ្លួន​បាញ់សម្លាប់​ដោយសារ​លោក​បណ្ឌិត​ជំពាក់​លុយ​៣០០០​ដុល្លារ​។​

        ​ការសារភាព​របស់​អឿង អាង មានមតិ​សាធារណៈជន​មួយចំនួន​មិន​យល់ស្រប ហើយ​អំពាវនាវ​ដល់​សមត្ថកិច្ច​វែកមុខ​អ្នក​នៅ​ពីក្រោយ​ខ្នង​។ យ៉ាងណាក៏ដោយ​សមត្ថកិច្ច​កំពុង​ចាត់​ការបន្ត​រឿងនេះ ហើយ​អះអាងថា ជួប សម្លាប់​ឬ​អឿង អាង គឺជា​ឃា​ករ​ពិតប្រាកដ​។​

       ​លោក​បណ្ឌិត កែម ឡី ត្រូវបាន​សាធារណៈជន​ជាច្រើន​បាន​ស្គាល់​លោកតា​មរយៈ​ការវិភាគ​លើ​បញ្ហា​សង្គម ស្ថានភាព​នយោបាយ សិទ្ធិមនុស្ស ការអភិវឌ្ឍ​ប្រទេស​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ ហើយ​លោក​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​ការវិភាគ​របស់លោក ហៅថា​ជា "​អ្នកវិភាគ​ឯករាជ្យ​" ដែល​និយាយ​ចំៗ​ទាក់ទង​នឹង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល និង​បញ្ហា​ផ្សេងៗ​ទៀត ទោះបីជា​លោក​បានដឹង​ជាមុន​ថា លោក​ប្រឈម​នឹង​ការបាញ់សម្លាប់​ដោយ​ប្រការ​ណាមួយ​ក្ដី​។​

        ​លោក​បណ្ឌិត កែម ឡី ត្រូវបាន​ពលរដ្ឋ​ដែល​ស្រឡាញ់​គាំទ្រ​ការវិភាគ​របស់លោក​រា​ប់​ម៉ឺន​នាក់ បាន​សម្ដែង​ការសោកស្ដាយ និង​សោកសង្រេង ហើយ​បាន​ចាត់ទុកថា​ជា​វីរជន និង​បាន​ហែហម​ដង្ហែ​សព​លោក​ទៅ​ទីវ​ត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ នៅ​ខណ្ឌ​ជ្រោយចង្វារ បន្ទាប់ពី​ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់​លោក​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។​

        ​លោក​បណ្ឌិត កែម ឡី អាយុ ៥០​ឆ្នាំ មាន​សម្បុរ​សណ្ដែកបាយ មាឌធំ​ដំបង ភរិយា​របស់លោក គឺ​អ្នកស្រី បូ រចនា អាយុ ៣៤​ឆ្នាំ មានកូន​ប្រុស ៤​នាក់ និង​កូន​នៅក្នុង​ផ្ទៃ ៥​ខែ​ម្នាក់ទៀត​។​

        ​លោក កែម ឡី កើត​នៅក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ក្នុងចំណោម​បងប្អូន​បីនាក់ គឺ​លោក​ជា​កូន​ទី​២​។ ឪពុក​របស់លោក​បាន​ទទួលមរណភាព​ក្នុង​ជំនាន់ ប៉ុល ពត លោក​និង​បងប្អូន​រស់នៅ​ជាមួយ​ម្ដាយ មានមុខរ​បរជា​អ្នកលក់​នំ​បញ្ចុក បាញ់ឆែវ និង​ជា​អ្នកលក់​គ្រឿងទេស​។​

        ​លោក កែម ឡី បាន​តស៊ូ​រៀនសូត្រ​ដោយ​ស្នាក់នៅ​ជាមួយ​គេ​ផង និង​វត្ត​ផង រហូត​រៀន​ចប់​មហាវិទ្យាល័យ​នៅ​កម្ពុជា ហើយ​ទទួលបាន​អាហារូបករណ៍​ផ្នែក​សិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម ទៅ​សិក្សា​បន្ត​នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន ប្រទេស​ថៃ និង​ម៉ាឡេស៊ី​។​

       ​លោក​បណ្ឌិត កែម ឡី ធ្លាប់​បម្រើការ​នៅ​ក្រសួងសុខាភិបាល កាកបាទក្រហម ក្រុមហ៊ុន​ឯកជន និង​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ត​រ​ជាតិ​ធំៗ ដូចជា កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការសហប្រជាជាតិ (UNDP) វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NDI) មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ (UNICEF) ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការអភិវឌ្ឍន៍​អន្តរជាតិ យូ​.​អេស​.​អេ​.​អាយ​.​ឌី (USAID) ជាដើម​។​
    
​    ​លោក​ធ្លាប់ជា​ស្ថាបនិក​បង្កើត​អង្គការ​សមធម៌ ផ្ដល់​ប័ណ្ណ​ជួយ​ពលរដ្ឋ​ក្រីក្រ​ក្នុង​ការផ្ដល់សេវា​សុខភាព​សម្រាប់​ជនក្រីក្រ​។ លោក​ធ្លាប់​ធ្វើការ​ក្នុងតួនាទី​ជា​អគ្គនាយក​របស់​គណៈកម្មាធិកា​រ​សម្របសម្រួល​ផ្នែក​ជំងឺអេដស៍ អេ​ច្ឆ​.​អេ​.​ស៊ី​.​ស៊ី (HACC)​។​
​    ​ក្រៅពីនេះ លោក​ក៏​ធ្លាប់បាន​សិក្សា​ស្រាវជ្រាវ​ឱ្យ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លើ​ផ្នែក​សិទ្ធិ​ការងារ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ផ្នែក​យុវជន និង​ការងារ​។ លោក​ក៏​ធ្លាប់​ធ្វើជា​ទីប្រឹក្សា​ឱ្យ​ក្រុមហ៊ុន​ល្បីឈ្មោះ អេ​ច្ឆ​.​អេ​ន​.​អិ​ម (H&M) និង​ក្រុមហ៊ុន ហ្គេ​ប (GAP) ទាក់ទង​ការសិក្សា​ស្រាវជ្រាវ​អំពី​សិទ្ធិ​ការងារ​កម្ពុជា​។ លោក​ក៏​ធ្លាប់ជា​ទីប្រឹក្សា​ឱ្យ​ក្រសួង​ការងារ​ដែរ​។ តាំងពី​ឆ្នាំ​២០០៨ មក លោក​បាន​ប្រកបរ​បរជា​អ្នកសិក្សា​ស្រាវជ្រាវ​យ៉ាង​ជាប់លាប់​ឱ្យ​ស្ថាប័ន​ផ្សេងៗ​ទៀត​រហូតមកទល់​ប​ច្ចុ​ប្បន្ន​។​

         ​មរណភាព​របស់លោក គឺ​នៅក្នុង​ពេលដែល​លោក​កំពុង​ធ្វើ​យុទ្ធនាការ ១០០​រាត្រី​នៃ​គ្រួសារ​ខ្មែរ ដែល​លោក​កំពុង​ធ្វើបាន ១៥​រាត្រី​ហើយ​។ យុទ្ធនាការ​នេះ លោក​បាន​ចុះ​ស្នាក់នៅ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុកស្រែ​ចម្ការ​ដោយផ្ទាល់ ទោះ​ពេលខ្លះ​លោក​បាន​ស្នាក់​នៅផ្ទះ​ប្រជាពលរដ្ឋ​ដាច់ស្រយាល​ភូមិ​ជនជាតិដើម​ភាគតិច ដូចជា​នៅ​ខេត្តមណ្ឌលគិរី រតនគិរី ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​
​    ​ពេលបច្ចុប្បន្ន លោក​ក៏​កំពុង​រៀបចំ​កម្មវិធី​អាហារ​សប្បុរសធម៌​រៃអង្គាសប្រាក់​ជួយ​មន្ត្រី​សិទ្ធិមនុស្ស និង​អគ្គលេខាធិការរង គ​.​ជ​.​ប ដែល​កំពុង​ជាប់ឃុំ ក្រោយពី​លោក​បានរៀបចំ​កម្មវិធី​នេះ​បាន​ជោគជ័យ​ម្ដង​រួចមក​កាលពី​ខែមិថុនា​។​

         ​ការស្លាប់​លោក កែម ឡី ធ្វើឱ្យ​មន្ត្រី​សង្គម​ស៊ីវិល​ដែល​តែង​ធ្វើការ​ជា​ដៃគូ​ជាមួយ​លោក បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការបាត់បង់​ធនធានមនុស្ស​សំខាន់ និង​ជា​វីរជន​ក្លាហាន​និយាយ​រិះគន់​ត្រង់ៗ ដើម្បី​ការរីកចម្រើន​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​
​    ​សព​លោក​បណ្ឌិត​កែម ឡី តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ  ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយមាន​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​ដែល​គាំទ្រ​លោក​បាន​ចូលរួម​មរណៈទុក្ខ​ជាមួយ​គ្រួសារ​សព​លោក​បណ្ឌិត​កែម ឡី​៕

adverise with khmeread

មតិយោបល់