13664671 1009720985809483 1861131576 n

ឃាត់ខ្លួន​បុរស​២​នាក់ ករណី​លួច​កាបូបជនបរទេស

    សៀមរាប ​៖ បុរស​ពីរ​នាក់​ត្រូវបាន កម្លាំង​ការិយាល័យនគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៦ យោង​ទៅតាម​ពាក្យបណ្ដឹង របស់​ជនរងគ្រោះ​ឈ្មោះ SHAN NON LEE ភេទ​ស្រី អាយុ២១​ឆ្នាំ ជនជាតិ​កាណាដា ជា​ភ្ញៀវ​ទេសចរណ៍ ត្រូវបាន​ជនសង្ស័យ​មាន​គ្នា​០២​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង ធ្វើ​សកម្មភាពឆក់​កាបូប​របស់គាត់ នៅតាម​ផ្លូវ​សុខសាន្ត ស្ថិតនៅ​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប កាលពី​ថ្ងៃទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៦​។ ជនរងគ្រោះ បាន​បញ្ជាក់ថា ក្នុង​កាបូប​នោះ មាន​ទូរស័ព្ទ ​IPHONE6 ០១​គ្រឿង​, ប្រាក់​ដុល្លារ​១៧០ដុល្លារ​, កាត​ឥណទាន ចំនួន​០២សន្លឹក​, កាត​ពិនិត្យ សុខភាព​ចំនួន០១​សន្លឹក​។ 

    ​លោក​វរសេនីយ៍ទោ ហង្ស សូផាត​ភី​រម្យ នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ កម្រិត​ស្រាល បាន​ឱ​ដឹងថា ក្រោយពី​បានទទួល ពាក្យបណ្ដឹង ជនរងគ្រោះ​រួចមក លោក​បាន​បញ្ជា ដឹកនាំ​កម្លាំង​ចុះ ធ្វើការ​ស្រាវជ្រាវរហូត​ឈានដល់ ធ្វើការ​ឃាត់ខ្លួន បាន​ជនសង្ស័យ ចំនួន​០២នាក់​មាន ទី១-​ឈ្មោះ ពោត ភេទ​ប្រុស អាយុ១៨ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ភឹម សំ ហៅ​គ្រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​នគរបាល បាន​ដកហូត បាន​នូវ​វត្ថុតាង មួយចំនួន​ដូចជា ម៉ូតូ​០១គ្រឿង​ម៉ាក​ហុងដា សេ​125 ផលិត​នៅ​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 1R  8563 ដែល​ជនសង្ស័យ ជិះ​ធ្វើ​សកម្មភាព​, ទូរស័ព្ទ ​IPHONE6 ០១​គ្រឿង​, ទូរស័ព្ទ​IPHONE5 ០២​គ្រឿង​, កាបូប​០១ និង​ប្រាក់​មួយចំនួនទៀត​។ 

​    លោកនាយ​កា​រិ​ល័យ បាន​បន្ដ​ឱ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង នគរបាល ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កក្ក​ដា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់