adverise with khmeread F11787fa da68 40b5 be9c e90132a9af59

ជនសង្ស័យ​២​នាក់​ឆក់​ទូរស័ព្ទ​iPhone5​បានសម្រេច​តែ​ទ្រមខ្លួន​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​២​នាក់​បាន​ធ្វើសកម្មភាព​ឆក់​ទូរស័ព្ទ​ iPhone5​ ពី​ឪពុក​កូន​២នាក់​បានសម្រេច តែ​គេច​មិន​រួច​ត្រូវ​ម្ចាស់​ស្រែក​ និង​ដេញតាម​ហើ​យ​ត្រូវ​ប្រជា​ការពារ​ដេញចាប់បាន​ម្នាក់​វាយ​ទ្រមខ្លួន។​

    ហេតុការណ៍​នេះ​បានកើត​ឡើ​ង​កាលពី​វេលា​ម៉ោង​១០ ​និង​១០​នាទី​យប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វត្ត​បុ​ទុម តាម​បណ្តោយ​វិថី​ស៊ូ​ស្រ៊ុន ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ កេ​ត វ៉ា​រ៉ូ អាយុ​២៤​ឆ្នាំ មុខរបរ​ជា​ព្រូឡាន ស្នាក់នៅ​កា​រ៉ា​ស​ឡាន​មួយកន្លែង ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា នៅមុន​ពេល​កើ​ត​ហេតុរូប​គាត់ ​និង​កូនប្រុស​ម្នាក់​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥​ពាក់​ស្លាក​លេខ ភ្នំពេញ 2H-4356 ឌុប​គ្នា​ចេញពី​កោះ​ពេជ្រ​ទៅផ្ទះ​។​

    ពេលមកដល់​ចំណុច​ជិត​សួន​នាគ​បាញ់​ទឹក ខណៈ​កូន​របស់គាត់​កំពុង​ចុច​ទូរស័ព្ទ​លើ​ម៉ូតូ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​​ម៉ាក SIRIUS ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ក្លែងក្លាយ ជិះ​ឌុប​គ្នា​មកពី​ក្រោយ​ក៏បាន​ធ្វើសកម្មភាព​ឆក់​ទូរស័ព្ទ​អាយ​ហ្វូ​ន​៥ ពី​កូន​របស់គាត់​បានសម្រេច។​

    ពេលនោះ​គាត់​ក៏បាន​ដេញ​និង​ស្រែក​ឆោឡោ​ពីក្រោយ​ជនសង្ស័យ​រហូតដល់​វត្ត​បុ​ទុម ក៏ត្រូវ​បាន​ប្រជា​ការពារ​ឃាត់ខ្លួន​បាន​ម្នាក់​ហើ​យ​ប្រជាពលរដ្ឋ​វាយ​ឡើង​ទ្រមខ្លួន ចំណែក​ម្នាក់ទៀត​រត់គេច​ខ្លួន​បាត់​។​

    ក្រោយមក​សមត្ថកិច្ច​បា​ន​ទៅដល់​កន្លែង​កើត​ហេតុ​នាំខ្លួន​ជនសង្ស័យ​និង​ម៉ូតូ​ធ្វើ​សកម្មភាព រួម​និង​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចតុមុខ ដើ​ម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់