adverise with khmeread Dba9c22d 4680 45b4 aefd 032644ad9109

មាន​តម្រុយ​ជាច្រើន​បាន​រកឃើញ​បន្ទាប់ពី​សាកសួរ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី​

    ភ្នំពេញ  ៖ ក្រោយ​ការសាកសួរ​ពេញ​មួយ​ថ្ងៃទី​១២ ខែកក្កដា នេះ តុលាការ​បាន​រកឃើញ​តម្រុយ​ជាច្រើន​សម្រាប់​កា​រស៊ើប​អង្កេត​និង​ការចោទប្រកាន់​នៅក្នុង​រឿងក្តី​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ប្រធាន​អង្គការ​អភិវឌ្ឍន៍​សង្គម។​

    លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន បញ្ជាក់​ភ្លាមៗ​ក្រោយ​បញ្ចប់​ការសាកសួរ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ថា អយ្យការ​បានសម្រេចរ​ក្សា​ទុក​ជនល្មើស​នៅ​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំ​ពេញ​ដើម្បី​បន្ត​នីតិវិធី​នៅ​ថ្ងៃទី​១២​ កក្កដា​បន្ទាប់ពី​ការសួរចម្លើយ​ពេញ​មួយថ្ងៃ​។ ការសួរចម្លើយ​នេះ​បានផ្តល់​ប្រយោជន៍​និង​តម្រុយ​ជាច្រើន​សម្រាប់​កា​រស៊ើប​អង្កេត​និង​ការចោទប្រកាន់​នៅក្នុង​រឿងក្តី​នេះ។​

    លោក បន្តថា "​យើង​កំពុង​ពិនិត្យ​លើ​ឯកសារ​ចម្លើយ ឯកសារ​នានា និង​ភស្តុតាង​ផ្សេងទៀត​នៅក្នុង​រឿងនេះ​ដែល​ឈានទៅដល់​ការសម្រេច​ចោទប្រកាន់​នៅ​ថ្ងៃទី​១២​កក្កដា​បន្តទៀត​"។​

    គួររំលឹកថា ឃាតករ​ដាក់ឈ្មោះ​ខ្លួនឯង​ថា «​ជួប សម្លាប់​»​ឈ្មោះ​ពិត អឿ​ត អាង ភេទ​ប្រុស អាយុ៤៤​ឆ្នាំ ទីលំនៅ​កំណើត​ភូមិ ទន្លេ​សរ ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប​។​ម្តាយ​ឈ្មោះ ឯម តាប់ និង​ឪពុក​ឈ្មោះ អឿ​ត អាយុ​៦៤​ឆ្នាំ ។​

    ប្រវត្តិ​របស់​ឈ្មោះ​អឿ​ត អាង​នៅ​ឆ្នាំ ២០១១ ឈ្មោះ អឿ​ត អាង បាន​ប្រពន្ធ​ឈ្មោះ យ៉ាង យឿ​ង នៅ​ភូមិ​ល្បើក ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ មុខរបរ ទៅរក​ស៊ី​នៅ​ប្រទេស​ថៃ និង​មាន​កូនស្រី​ម្នាក់។ ​នៅ​ឆ្នាំ ២០១២ លែងលះ​ជាមួយ​ប្រពន្ធ។ នៅ​ឆ្នាំ​២០១៣ ចូល​បួស​ជា​ព្រះសង្ឃ នៅ​វត្ត​ប្រាសាទ​ធ្នង់ (​វត្ត​ក្រឡាញ់​) ឃុំ​តា​សោម ស្រុក​អង្គរជុំ ហើយ​នៅ​វត្ត​ប្រាសាទ​ធ្នង់​បាន​ប្រហែល​ជិត ១​ឆ្នាំ បាន​ផ្លាស់​ទៅ​នៅ​អាស្រម វត្ត​កំបោរ ស្ថិតនៅ​ភូមិ​កំបោរ ឃុំ​ស្វាយស ស្រុក​វ៉ារិន​។​

    នៅ​ឆ្នាំ​២០១៤ លោកសង្ឃ​អង្គ​នេះ​បាន​ផ្លាស់​ទៅ​នៅ អាស្រម​ពើង​តា​នា​ន់​វិញ​ម្តង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​។​

    នៅ​ឆ្នាំ​២០១៥ លោកសង្ឃ​មាន​បញ្ហា​ក្នុង​អាស្រម​ពើង​តា​នា​ន់​នោះ ក៏​សឹក។​ បន្ទាប់​ពី​សឹក​រួច ក៏​ចូល​ធ្វើជា​ក្រុម​អង្គការ​បរិស្ថាន  ជាមួយ​លោក ទេព ពេជ្រ ក្រុង​បាត់ដំបង បាន​ឈរជើង​ធ្វើការ​នៅ​ស្រុក​អង្គរជុំ​។​

    នៅ​ថ្ងៃទី០៧ ​ឧសភា ​ឆ្នាំ​២០១៦ ក៏បាន​ប្រពន្ធ​ថ្មី​មួយទៀត​ឈ្មោះ ហឿ​ម ហ៊ត់ នៅ​ភូមិ​នគរ​ភាស ស្រុក​អង្គរជុំ មុខរបរ លក់​ចាហួយ​ក្នុងភូមិ​។​

    នៅ​ថ្ងៃទី០១ ​កក្កដា​ ឆ្នាំ​២០១៦ ​គាត់​បាន​ប្រពន្ធ​ថា ទៅធ្វើ​ការ​នៅ​ភ្នំពេញ រហូតមកដល់​ថ្ងៃទី​១០​កក្កដា​ឆ្នាំ​២០១៦ ក៏បាន​ឃើញ​មាន​ព័ត៌មាន​ករណី​ឃាតកម្ម  ហើយក៏​បានឃើញ​រូបភាព​ជនសង្ស័យ​តាម​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក និង​បាន​ពិនិត្យឃើញថា ជនសង្ស័យ​នៅក្នុង​រូបភាព​នោះ ពិតជា​ឈ្មោះ​អឿ​ត អាង រស់នៅ​មូលដ្ឋាន​ស្រុក​អង្គរជុំ​ពិតប្រាកដ​មែន​។​

    លោក​បណ្ឌិត កែម ឡី ជា​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុង​ស្ដារ​ម៉ា​ត (Star Mart) ស្ថានីយ៍​លក់​ប្រេងឥន្ធនៈ​កាល់​តិច (Caltex)​។​

    ឃាតករ​ហៅ​ខ្លួនឯង​ថា​" ជួប សម្លាប់​" ឈ្មោះ​ពិត​"​អឿ​ត អាង " ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ភ្លាមៗ ហើយ​ឃាតករ​រូបនេះ​អះអាង​ជំហាន​ដំបូង​ថា មូលហេតុ​ដែល​ខ្លួន​បាញ់សម្លាប់​ដោយសារ​លោក​បណ្ឌិត​ជំពាក់​លុយ​៣០០០​ដុល្លារ។​

    សព​លោក​បណ្ឌិត​កែម ឡី អាច​នឹង​តម្កល់​ធ្វើបុណ្យ​ច្រើន​ថ្ងៃ​នៅ​វត្ត​ចាស់ សង្កាត់​-​ខណ្ឌ​ជ្រ​យ​ចង្វារ​ដោយមាន​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​ចូលរួម៕

adverise with khmeread

មតិយោបល់