ភ្នំពេញ ៖ មនុស្ស៤នាក់ពាក់ព័ន្ធករណីបើកកន្លែងលេងល្បែងស៊ីសងឆ្នោតយួន ត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃទី១២ កក្កដា ឆ្នាំ២០១៦ វេលាម៉ោង៤ល្ងាចនៅទីតាំង២កន្លែងក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ប៉ូលិសនិយាយថា ដោយបានការអនុញ្ញាតពីលោក ព្រះរាជអាជ្ញារង តុប ឈុនឡុង កម្លាំងអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់, កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ និង កម្លាំងសាលាខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតយួន) ចំនួន ០២ ទីតាំង ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៤ នាក់។
ប៉ូលិសបន្តថា ទីតាំងទី១-ស្ថិតនៅផ្ទះលេខ សេ១៩ ផ្លូវបេតុង ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យដែលជាម្ចាស់ទីតាំងចំនួន ០២ នាក់ ដែលមាន១-ឈ្មោះ សន សំអាត ភេទស្រី អាយុ៤១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ ត្នោតជ្រុំ២ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង២-ឈ្មោះ អាន ណារិន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងនោះបានដកហូតវត្ថុតាង៖ ឯកសារសម្រាប់កត់ឆ្នោតមួយចំនួន, ម៉ាស៊ីនគិតលេខចំនួន០៣គ្រឿង, ត្រាចុះថ្ងៃខែ ចំនួន ០២, កាបូបដៃ០១, ទូរស័ព្ទដៃចាស់០២គ្រឿង, លុយដុលា្លរចំនួន ២០០ដុល្លារ , លុយខ្មែរចំនួន ៤០០,០០០ រៀល។
ទីតាំងទី២-ស្ថិតនៅផ្ទះលេខ សេ២០ ផ្លូវបេតុង ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យដែលជាម្ចាស់ទីតាំងចំនួន ០២ នាក់ ដែលមាន១-ឈ្មោះ លី ប៊ុនហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២១៦សេ ផ្លូវលំ ភូមិ ក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង២-ឈ្មោះ លី សំណាង ភេទប្រុស អាយុ២ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ២១៦សេ ផ្លូវលំ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះបានដកហូតវត្ថុតាង៖ ឯកសារសម្រាប់កត់ឆ្នោតមួយចំនួន, ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង, ត្រាចុះថ្ងៃខែ ចំនួន ០២, ម៉ាស៊ីនហ្វាក់០៣គ្រឿង, ទូរស័ព្ទដៃចាស់០៣គ្រឿង, លុយខ្មែរចំនួន ២,១៧០,០០០ រៀល (ពីរលានមួយសែនប្រាំពីរម៉ឺនរៀលគត់)៕
