adverise with khmeread 8e57c21e 17dd 4ff2 80f1 73dffb91bb86

ដឹងថា តុលាការ​ចោទប្រកាន់​"​ជួប សម្លាប់​" រឿង​អ្វីខ្លះ​?

    ភ្នំពេញ ៖ ក្រោយពី​ការសួរចម្លើយ ការពិនិត្យ​ឯកសារ និង​ភស្តុតាង​នៅក្នុង​សំណុំរឿង​ឃាតកម្ម​ទៅលើ​លោក​បណ្ឌិត កែម ឡី តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេច​ចោទប្រកាន់​ជនល្មើស​ពីបទ​ «​ឃាតកម្ម​គិតទុក​ជាមុន និង បទកាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត តាម​មាត្រា​២០០ ​និង​៤៩០​ នៃ​ក្រមព្រហ្មទណ្ឌ ​និង​ចោទប្រកាន់​លើ​បុគ្គល​ដែល​បាន​លក់​អាវុធ​ឱ្យ​ជនល្មើស​ពីបទ លក់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត តាម​មាត្រា ២០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ»​ ហើយ​សំណុំ​រឿងនេះ​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើ​ប​សួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

    លោក លី សុ​ផា​ណា បន្ថែមថា យើង​សម្រេច​ចោទប្រកាន់​តាម​សាវតា​ជាតិ ​ដែល​ជនល្មើស​បានបញ្ជាក់​សិន​នៅ​ដំណាក់កាល​នេះហើយ​យើង​នឹងធ្វើ​ការស្រាវជ្រាវ​សាវតា​ជាតិ​នេះ​ឱ្យបាន​ច្បាស់លាស់​តាម​និតិ​វិធី​នៅ​ដំណាក់កាល​បន្តទៀត​ដែលមាន​រយៈពេល​គ្រប់គ្រាន់​សម្រាប់​កិច្ចការ​នេះ​។​

    គួរ​រំលឹក​ផងដែរ​ថា ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ក្រោយ​ចាប់បាន​ភ្លាមៗ​ថា គេ​មានឈ្មោះ ជួប សម្លាប់ អាយុ​៣៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ  ហើយ​បាន​ទៅ​រស់នៅ​ប្រកបរ​បរជាក​ម្មករ​ចំការ​ដំណាំ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ។​

    ប៉ុន្តែ​ប្រភព​មួយ​ដែល​អាច​ទុកចិត្តបាន​អះអាងថា ឆ្លងតាម​ការស្រាវជ្រាវ​សាវតា​ជាតិ គឺ​ជនសង្ស័យ​មានឈ្មោះ អឿ​ត អាង ភេទ​ប្រុស អាយុ៤៤​ឆ្នាំ ទីលំនៅ​កំណើត​ភូមិ ទន្លេ​សរ ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប ជា​ក្រុម​អង្គការ​បរិស្ថាន ឈរជើង​ធ្វើការ​នៅ​ស្រុក​អង្គរជុំ​។​

    លោក​បណ្ឌិត កែម ឡី ត្រូវបាន​ឃាតករ​រូបនេះ​បាញ់សម្លាប់​នៅវេលា​ម៉ោង​ប្រមាណ​៨​ និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ក្នុង​ហាង​ស្តា​ម៉ា​តនៃ​ស្ថានីយ៍​កាល់​តិច​បូកគោ ខណ្ឌចំការមន​។ ជនសង្ស័យ​ជា​ឃាតក​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​ដែលមាន​រហ័ស្ស​នាម​ថា​"​ជួប សម្លាប់"​។​

    ជនល្មើស​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា លោក​បណ្ឌិត កែម​ ឡី​ បាន​ជំពាក់​លុយ​ខ្លួន​ចំនួន​៣​ពាន់​ដុល្លារ​អស់​រយៈពេល​ជិត​១​ឆ្នាំ​ហើយ​តែ​ជនរងគ្រោះ​មិន​ព្រម​សង។ ជនល្មើស​បានឱ្យដឹង​ទៀតថា នៅ​ឆ្នាំមុន​គឺ​ខ្លួន​បានឱ្យ​លុយ​៣​ពាន់​ដុល្លារ​ទៅ​ជនរងគ្រោះ ដើម្បី​រួមគ្នា​ជួយ​ប្រជាជន តែ​ខ្លួន​មិន​បានឃើញ​សកម្មភាព​អ្វី​ទាំងអស់ ទើប​តាម​ទារលុយ​នោះមក​វិញ​រហូត​ខឹង​ខ្លាំង​ទៅ​ទិញ​កាំភ្លើង​ពី​ប្រទេស​ថៃ សំដៅ​មក​ភ្នំពេញ​បាញ់ចោល​តែម្តង។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី៕

adverise with khmeread

មតិយោបល់